ខ្មែរប៉ុស្ដិ៍ Close

«ស្នេហាជាតិ» ក្លាយទៅជាលេសដើម្បីបង្កើតបដិវត្តន៍ពណ៌ ច្បាមអំណាចក្រៅច្បាប់នៅកម្ពុជាស្ទើរគ្រប់ជំនាន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 808
«ស្នេហាជាតិ» ក្លាយទៅជាលេសដើម្បីបង្កើតបដិវត្តន៍ពណ៌ ច្បាមអំណាចក្រៅច្បាប់នៅកម្ពុជាស្ទើរគ្រប់ជំនាន់«ស្នេហាជាតិ» ក្លាយទៅជាលេសដើម្បីបង្កើតបដិវត្តន៍ពណ៌ ច្បាមអំណាចក្រៅច្បាប់នៅកម្ពុជាស្ទើរគ្រប់ជំនាន់

វាពិតជាការគួរឱ្យសោកស្តាយបំផុតដែលថ្មីៗនះ ក្រុមអ្នកនយោបាយប្រជាភិថុតិ និងប្រជានិយមបោកប្រាស់ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ធ្វើការវាយប្រហារមកលើអង្គព្រះមហាក្សត្រខ្មែរ និងរដ្ឋាភិបាលកម្ពុជា ទាក់ទងការប្រកាសឱ្យប្រើសន្ធិសញ្ញាបំពេញបន្ថែមរវាងប្រទេសកម្ពុជា-វៀតណាម ទាក់ទងនឹងព្រំដែនដីគោកជាមួយនឹងប្រទេសវៀតណាម បន្ទាប់ពីមានការចោទប្រកាន់ខុសពីការពិតថា រដ្ឋាភិបាលកាត់ដី ៤០ហិចតាឱ្យទៅប្រជាជនវៀតណាមនៅខេត្តកំពង់ឆ្នាំង។ តើអ្នកនយោបាយប្រជាភិថុតិ និងប្រជានិយមបោកប្រាស់ទាំងនោះកំពុងលេងល្បែងគ្រោះថ្នាក់ជាន់ដានប្រវត្តិសាស្រ្តចាស់ឬ? តើនយោបាយប្រជាភិថុតិ និងប្រជានិយមក្លែងក្លាយទាំងនេះ នឹងអាចបង្កើតបានបដិវត្តន៍ពណ៌បែបថ្មីដើម្បីនាំឆ្ពោះទៅកាន់អំណាចក្រៅច្បាប់នៅកម្ពុជាម្តងទៀតដូចអតីតកាលឬ?

លើទំព័របណ្តាញសង្គមហ្វេសប៊ុក ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន បានបំផុសឱ្យយុវជនអ្នកគាំទ្ររបស់ខ្លួនកាន់ទុក្ខពីការបាត់បង់ទឹកដីដោយប្រើប្រាស់បូពណ៌ខ្មៅ ដែលមហាជនបានមើលឃើញថា ជាការបញ្ឆេះកំហឹងថ្មីមួយទៀត ក្នុងនយោបាយប្រជាភិថុតិ និងប្រជានិយមក្លែងក្លាយដើម្បីប្រមូលផ្តុំកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ដែលជាសញ្ញានៃការចាប់ផ្តើមផែនការបដិវត្តន៍ពណ៌ថ្មីទាំងស្រុងក្រោមពាក្យ យួន និងជាតិ ឬស្នេហាជាតិដ៏មហាគ្រោះថ្នាក់បំផុត។

គួររម្លឹកថា ខ្មែរយើងនៅតែចងចាំច្បាស់ ក្នុងទសវត្ស ១៩៧០ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់ព្រះនរោត្តមសីហនុ ពីព្រះប្រមុខរដ្ឋ ក្រុម លន់ នល់ និង ស៊ីសុវត្ថិ សិរិមតៈ បានលើកយកបញ្ហាទឹកដីជាមួយនឹងវៀតណាមធ្វើជាឧបករណ៍នយោបាយប្រជាភិថុតិ បញ្ឆេះកំហឹងបំបះបំបោរសង្គមជាតិខ្មែរដែលបង្កឱ្យទៅជាសង្រ្គាម និងឈានទៅការធ្វើរដ្ឋប្រហារ។ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ហៅថា ខ្មែរក្រហម ក៏បានយកបញ្ហាទឹកដីជាមួយវៀតណាមជាលេស និងបញ្ឆេះសង្រ្គាមជាមួយនឹងវៀតណាម។ បន្ទាប់មកទៀត ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រុមចលនារំដោះត្រីភាគី ហៅថា រដ្ឋាភិបាលចម្រុះត្រីភាគី ដែលមានខ្មែរក្រហម និង សឺន សាន បានលើកយករឿងទឹកដីជាមួយវៀតណាមធ្វើជាមូលដ្ឋានគ្រឹះនយោបាយដើម្បីធ្វើសង្រ្គាមក្នុងនាមជាអ្នករំដោះខ្មែរពីយួន។

ជាទូទៅ ខ្មែរគ្រប់រូប ជាអ្នកមានទឹកចិត្តមុះមុតជ្រាល់ជ្រៅក្នុងការស្នេហាការពារជាតិមាតុភូមិ។ ខ្មែរជាពូជអ្នកចម្បាំង។ ប៉ុន្តែ តាមការសង្កេតជាទូទៅ បងប្អូនខ្មែរមួយចំនួនមានទាំងអ្នកនយោបាយធំៗតែងតែយល់ច្រឡំន័យ និងខ្លឹមសារនៃពាក្យស្នេហាជាតិ។ ភ្ជាប់ជាមួយនឹងបញ្ហាទឹកដី ក្រុមអ្នកនយោបាយប្រឆាំងខ្មែរតែងតែប្រើប្រាស់ពាក្យ ជាតិ មួយម៉ាត់បានក្លាយទៅជាឧបករណ៍ដែលគេតែងយកមកប្រើដើម្បីបម្រើនយោបាយរបស់គេឆ្ពោះទៅរកការដណ្តើមអំណាចក្រៅច្បាប់ មិនប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ តាមគោលការណ៍ប្រជាធិបតេយ្យនោះទេ។ ខណៈពេលដែលប្រទេសកំពុងទទួលបានការអភិវឌ្ឍរីកចម្រើន ហើយទន្ទឹមនឹងបញ្ហាជាតិ និងអន្តរជាតិធំៗត្រូវបានរដ្ឋាភិបាលកំពុងជំនះដោះស្រាយដោយសន្តិវិធី បែរក្រុមប្រឆាំងមួយចំនួនយកធ្វើជាប្រធានបទនយោបាយក្តៅ នយោបាយប្រជានិយមជ្រុល ប្រជាភិថុតិបោកប្រាស់ បញ្ឆេះកំហឹង បំផុសបំផុស និងញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញនយោបាយដ៏គួរឱ្យសោកស្តាយបំផុត។

ក្នុងប្រវត្តិសាស្រ្តនៃជម្លោះរបស់ខ្មែរចុងក្រោយ អ្នកនយោបាយខ្មែរតែងតែលើកយកអ្វីដែលពួកគេមើលឃើញថា ជាអវិជ្ជមាន យកមកនិយាយវាយប្រហារ គ្មានលក្ខណៈប្រកបដោយការជួយកសាងស្ថាបនាសោះឡើយ។ អ្នកនយោបាយស្ទើរគ្រប់ជំនាន់បានប្រើប្រាស់ពាក្យ ស្នេហាជាតិ ក្នុងក្រុម ឬ បក្សរបស់ខ្លួន ដែលថា មានតែបក្សរបស់ខ្លួនប៉ុណ្ណោះ ជាអ្នកស្រឡាញ់ជាតិពិតប្រាកដ។ ជាក់ស្តែងក្នុងអ្នកនយោបាយស្ទើរគ្រប់ជំនាន់ទាំងនោះតែងតែប្រើពាក្យ ស្រោចស្រង់ជាតិ រំដោះជាតិ សង្រ្គោះជាតិ កសាងជាតិ ផ្លាស់ប្តូររបបចាស់ដូរយករបបថ្មី និងចុងក្រោយនេះ ផ្លាស់ប្តូរជាវិជ្ជមាន។ល។ សម្រាប់ប្រជាជនខ្មែរ ពាក្យ ជាតិ គឺជាពាក្យគន្លឹះ ដែលឆ្កិះ និងចាក់ចំបេះដូង និងអារម្មណ៍របស់ខ្មែរគ្រប់ជំនាន់ គ្រប់ជាន់ថ្នាក់ ទាំងក្នុងចំណោមយុវជនទូទៅ រហូតដល់ថ្នាក់មូលដ្ឋានដ៏មហាគ្រោះថ្នាក់បំផុត។ ហើយពាក្យ ជាតិ ឬ ស្នេហាជាតិ ដែលនិយាយចេញពីមាត់អ្នកនយោបាយបានក្លាយទៅ ពាក្យស្តាប់ពិរោះទៅៗ ហើយយុវជន និងប្រជាជននៅមូលដ្ឋានមួយចំនួនក៏បានជឿ និងសង្ឃឹមដោយគ្មានការពិចារណាលើពាក្យការធ្វើប្រជាភិថុតិ បែបប្រជានិយមជ្រុលបោកប្រាស់ លើឧត្តមគតិ និងទឹកចិត្ត ស្នេហាជាតិក្លែងក្លាយ។

បទពិសោធន៍នយោបាយខ្មែរ ក្នុងអតីតកាល ពិតជាបានបង្ហាញឱ្យឃើញច្បាស់ ថាអ្នកនយោបាយខ្មែរតែងតែលើកឡើងនូវអារម្មណ៍ស្នេហាជាតិពុះកញ្ជ្រោល និងរំលឹករឿងអតីតកាលរបស់ជាតិ ដោយបង្កើតការបំផុសបំផុស ញុះញង់ និងបំភ្លៃការពិតលើបញ្ហាជាតិធំៗ បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម ក្នុងគោលដៅតែមួយ គឺដណ្តើមអំណាចឱ្យបាន ដោយមិនខ្វល់ពីការគ្រោះថ្នាក់ដល់ជាតិមាតុភូមិ និងប្រជាជន។ បន្ទាប់ពីបានអំណាច ប្រជាជនខ្មែរយើងមិនបានដឹងថា ពួកគេនឹងគ្រប់គ្រងរៀបចំដឹកនាំប្រទេស និងទឹកដីនេះ តាមរបៀបបែបបទ វិធីសាស្រ្ត និងគោលនយោបាយច្បាស់លាស់ដូចម្តេចនោះទេ។

ក្នុងប្រវត្តិសាស្រ្តខ្មែរ អ្នកនយោបាយបោកប្រាស់ និងបែបប្រជានិយមជ្រុលក្លែងក្លាយមួយចំនួនតែងតែដើរស្វែងរកជំនួយពីបរទេស ពីព្រោះ ពួកគេយល់ថា បរទេសជាមហាអំណាចអាចកំណត់ជោគវាសនាកម្ពុជា និងអាចជួយផ្តល់ឱ្យពួកគេបានឡើងកាន់អំណាច។ ឥឡូវនេះ ប្រវត្តិសាស្រ្តខ្មែរថ្មីកំពុងដើរជាន់ដានប្រវត្តិសាស្រ្តចាស់ ពួកអ្នកនយោបាយខ្មែរ ក្បាលមិនជាប់មេឃ ជើងមិនជាប់ដីកំពុងប្រើប្រាស់យុទ្ធសាស្រ្តថ្មី ហៅថា ការផ្លាស់ប្តូរជាវិជ្ជមាន និង បដិវត្តន៍ពណ៌ថ្មីមួយ ដែលជាទម្រង់នាំឆ្ពោះទៅរដ្ឋប្រហារថ្មី តាមរយៈការប្រើប្រាស់សិទ្ធិមនុស្ស យុត្តិធម៌ ប្រជាធិបតេយ្យ និងកំចាត់ អំពើពុករលួយ ធ្វើជាឧបករណ៍នយោបាយវាយប្រហារប្រមូលផ្តុំកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។

ជារួម ក្នុងប្រវត្តិសាស្រ្តខ្មែរស្ទើគ្រប់ជំនាន់ ប្រជាជនខ្មែរនៅតែជាប់ផុងក្នុងអន្ទាក់ដ៏គ្រោះថ្នាក់ខាងនយោបាយប្រជាភិថុតិ និង ប្រជានិយមក្លែងក្លាយ មួលបង្កាច់ បំភ្លៃការពិត បំផុសបំផុល ញុះញង់ និង ការបញ្ឆេះកំហឹងរបស់អ្នកនយោបាយខ្មែរពីមួយជំនាន់ទៅមួយជំនាន់ ក៏ព្រោះអ្នកនយោបាយអសមត្ថភាព និងគ្មានចក្ខុវិស័យទាំងនោះ បរាជ័យក្នុងការការពារសន្តិភាព ស្ថិរភាពសង្គម ដើម្បីអភិវឌ្ឍជាតិ និងការការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណៈភាពទឹកដី។ ដូច្នេះ ស្នេហាជាតិ និង ការប្រើប្រាស់ពាក្យ យួន បែបជ្រុលនិយម បានក្លាយទៅជាលេសពេញនិយមរបស់អ្នកនយោបាយប្រឆាំងបច្ចុប្បន្ន ដើម្បីបង្កើតបដិវត្តន៍ពណ៌ថ្មីមួយ នាំឆ្ពោះទៅច្បាមយកអំណាចក្រៅ ដែលទំនងអាចទាញទម្លាក់ជាតិមាតុភូមិ និងប្រជាជនទាំងមូលឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមប៉ុណ្ណោះ។

ប្រជាជនខ្មែរគ្រប់ជាន់ថ្នាក់ គួរសិក្សាកំហុសអតីតកាលក្រោមនយោបាយប្រជាភិថុតិ និងប្រជានិយមក្លែក្លាយ តាមរយៈការប្រើប្រាស់ពាក្យ យួន និង ជាតិ ឬ ស្នេហាជាតិ របស់ក្រុមប្រឆាំងដ៏មហាគ្រោះថ្នាក់ដល់ជាតិមាតុភូមិ និងប្រជាជនខ្មែរ ដូចក្នុងមេរៀនដ៏ជូរចត់ក្នុងទសវត្សឆ្នាំ១៩៧០។ នាបច្ចុប្បន្ននេះ មានតែខ្មែរយើងទាំងអស់គ្នា នាំគ្នាជ្រោងទង់សន្តិភាព ដែលរកបានដោយលំបាកក្នុងប្រវត្តិសាស្រ្តខ្មែរបែកបាក់ជាងរយឆ្នាំប៉ុណ្ណោះ ទើបយើងអាចរក្សាអត្តសញ្ញាណជាតិ ព្រលឹងជាតិខ្មែរស្ថិតគង់វង់រហូតទៅ៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង