ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមដើម្បីនាំយកសមិទ្ធិផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 9
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមដើម្បីនាំយកសមិទ្ធិផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមដើម្បីនាំយកសមិទ្ធិផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាដឹកនាំជម្នះរាល់បញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះនាពេលកន្លងមកដើម្បីនាំយកសមិទ្ធិផលថ្មីៗលើវិស័យពាណិជ្ជកម្ម ជូនប្រជាជន និងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២០ ខាងមុខ ជាពិសេសការធ្វើពិពិធកម្មទីផ្សារ និងឱកាសការងារ សំដៅជំរុញការអភិវឌ្ឍនិងបែងចែកកំណើនសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។ លោកបានលើកឡើងដូចនេះក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីសមិទ្ធិផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ដែលបានមកពីការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម CTIS កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២០។ «ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពង្រីកទីផ្សារថ្មីៗទៅកាន់បណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងទីផ្សារដែលនៅមានសក្តានុពលនាំចេញ ដូចជាចិន ជប៉ុន និងកូរ៉េ តាមរយៈចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង ១៦ប្រទេស ដែលហៅកាត់ថា RCEP ដើម្បីឈានទៅចុះហត្ថលេខាក្នុងឆ្នាំ២០២០ខាងមុខនេះ» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរអង្គពិធីផ្តោតការពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចការមួយចំនួន មានដូចជា៖ ការពង្រឹងសមត្ថភាពកម្ពុជាដើម្បីបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសាកល ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ចការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម ការពង្រឹងសហការជាមួយវិស័យឯកជនដើម្បីធានាចីរភាពកំណើន និងការបន្តកែលម្អពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាង សំដៅជំរុញការនាំចេញកសិផលឱ្យបានអតិបរមា។

សូមជម្រាបថា តាមរយៈការចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគ្រប់គ្រងលើចំណូល-ចំណាយ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ រួមជាមួយការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០១៩នេះ បានកៀរគរចំណូលបង់ចូលថវិកាជាតិ ប្រមាណជាង ១០៨ពាន់លានរៀល៕

អត្ថបទទាក់ទង