ខ្មែរប៉ុស្ដិ៍ Close

សន្និសីទសេដ្ឋកិច្ច ប្រចាំឆ្នាំ២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 15
សន្និសីទសេដ្ឋកិច្ច ប្រចាំឆ្នាំ២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា សន្និសីទសេដ្ឋកិច្ច ប្រចាំឆ្នាំ២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងក្រុមប្រឹក្សាសន្និសីទសេដ្ឋកិច្ច សហព័ន្ធពាណិជ្ជករចិនទាជីវសកល កាណាឌីយ៉ាគ្រុប បានបើកសន្និសីទសេដ្ឋកិច្ច ឆ្នាំ២០១៩ សហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្ដែង នៃការវិនិយោគនៅកម្ពុជា។ ពិធីនេះបានរៀបចំធ្វើឡើងក្រោមវត្ដមានលោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលរៀបចំធ្វើឡើង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវិមានកោះពេជ្រ (City Hall) រាជធានីភ្នំពេញ។

ក្នុងនោះក៏មានការចូលរួមពី អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា និងជាសហប្រធាននៃគណៈកម្មការសនិ្នសីទ សេដ្ឋកិច្ចប្រចាំឆាំ្ន២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក អាណត្តិទី៥ លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសហព័ន្ធពាណិជ្ជករ ចិនទាជីវសកលលោកជាច្រើនរយនាក់។

លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានលើកឡើងថា កិច្ចសហប្រតិបត្តិការនៃប្រទេសចិន-កម្ពុជា គឺកើតឡើងពីថ្នាក់ដឹកនាំនៃប្រទេសទាំង២ ដែលបានខំកសាង និងពូនជ្រុំសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការនេះ ជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនភីង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបន្ដថា កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម នៃប្រទេសទាំង២ គឺជាស្ថានចម្លង និងតភ្ជាប់វិស័យផ្សេងៗទៀត រួមមាន៖ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំនិងសង្គមកិច្ចផងដែរ។ ជាក់ស្តែង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំ ជាង២០ឆ្នាំកន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ក្រុមហ៊ុន និងសហគ្រាសចិននោះទេ។​ ក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ដ្រី សូមថ្លែងអំណរគុណដល់គ្រប់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគិនចិនទាំងអស់ ដែលបានបោះទុនវិនិយោគលើវិស័យនានានៅកម្ពុជា ប្រកបដោយការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់ សម្រាប់ការវិនិយោគនៅកម្ពុជា។

លោកសង្ឃឹមថា សហព័ន្ធពាណិជ្ជករចិនទាជីវ នឹងបន្តដាក់ទុនវិនិយោគកាន់តែច្រើនឡើងៗថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសសក្តានុពលទាំងអស់នេះ នឹងជួយឲ្យបណ្ដាអ្នកវិនិយោគទុននានា ចូលមករួមចំណែកអភិវឌ្ឍកម្ពុជា៕

អត្ថបទទាក់ទង