ចិនបញ្ជូនយន្តហោះទៅដឹកប្រជាជនរបស់ខ្លួនពីថៃនិងម៉ាឡេស៊ីមកមាតុប្រទេសវិញ
អាកាសចរណ៍ស៊ីវិលចិនបានអោយដឹងនៅលើវេបសាយរបស់ខ្លួនថា ខ្លួនបានបញ្ជូនយន្តហោះចំនួន២គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airlines ដើម្បីទៅដឹកប្រជាជនរបស់ខ្លួនដែលមានប្រភពមកពីខេត្តវូហាន និងដែលកំពុងស្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ និងនៅទីក្រុង Kota Kinabalu នៃប្រទេសម៉ាលេស៊ី។
ទីក្រុងវូហានដែលគេដឹងថាជាប្រភពដំបូងនៃការរីករាលដាលវីរុសកូរ៉ូណា និងដែលគេដឹងថាមានមនុស្សស្លាប់ដោយសារវីរុសនេះរហូតដល់ជាង២០០នាក់ហើយនោះ កំពុងតែត្រូវបានបិទនូវរាល់សកម្មភាពចរាចរណ៍ ពាណិជ្ជកម្ម ផ្សេងៗ ហើយអាជ្ញាធរកំពុងព្យាយាមបិទមិនអោយវីរុសនេះរីករាលដាលទៅដល់កន្លែងផ្សេងទៀត។
ប្រទេសប៉ាគីស្ថានបានប្រកាសបិទជើងហោះហើរទៅមកជាមួយចិនរហូតដល់ថ្ងៃទី២ខែកុម្ភៈ។ ចំណែកឯជើងហោះហើរ Vietjet របស់វៀតណាមបានប្រកាសផ្អាកជើងហោះហើររបស់ខ្លួនទៅប្រទេសចិនចាប់ពីថ្ងៃទី ១ខែកុម្ភៈ។
កាលពីថ្ងៃព្រហស្បត្តិ៍ អាជ្ញាធរវៀតណាមបានប្រកាសឈប់ផ្ដល់វីសាដល់អ្នកទេសចរណ៍ជនជាតិចិនបន្ទាប់ពីមានការផ្ទុះឡើងនូវការឆ្លងនូវវីរុសដ៏មហាប្រល័យនេះចំនួន៣ករណីបន្ថែមទៀត។
ក្រុមហ៊ុន Kenya Airways ក៏បានបិទជើងហោះហើរទៅមកជាមួយចិនផងដែរ។
Bangkok Post