ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី អស់ហាងឆេង ខំប្រឹងតោងកន្ទុយកឹម សុខា!»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 707
    លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី អស់ហាងឆេង ខំប្រឹងតោងកន្ទុយកឹម សុខា!»លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី អស់ហាងឆេង ខំប្រឹងតោងកន្ទុយកឹម សុខា!»

    សាធារណ:មតិភាគច្រើនបំផុតពិតជាដឹងថា ចាប់តាំងពីបរាជ័យយ៉ាងអាម៉ាស់បំផុតនៃផែនការវិលចូលស្រុកថ្ងៃទី ៩ វិច្ឆិកាមក លោក សម រង្ស៊ី បាត់បង់អ្វីៗគ្រប់យ៉ាង។ ឥឡូវនេះ នៅតាមតុកាហ្វេគេនាំគ្នានិយាយតៗគ្នាពីមាត់មួយទៅមាត់មួយដាក់ងារអោយគាត់ថាជា «ជនចោលម្សៀត» ហើយបានបាត់បង់អ្វីៗអស់ពីខ្លួន ពោលគឺ បាត់គណបក្ស – បាត់សមាជិកភាពគណបក្ស – បាត់ទាំងការគាំទ្រពីភាគី កឹម សុខា – ទាំងការគាំទ្រពីក្រុមអ្នកវិភាគដែលធ្លាប់ផ្កាប់មុខជាមួយលោក សម រង្ស៊ីពីមុន – ទាំងពីសកម្មជនអ្នកគាំទ្រជាច្រើន ដែលហួសចិត្តនិងខកចិត្តចំពោះការភូតភរដដែលៗរបស់លោក សម រង្ស៊ី និងជាពិសេស គឺបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិដោយសារតែកំហុសយុទ្ធសាស្ត្ររបស់គាត់។ បើនិយាយឲ្យចំទៅ ទំព័រសករាជ របស់សម រង្ស៊ី បានបិទទាំងស្រុងចាប់ពីថ្ងៃទី ៩ វិច្ឆិកាមក។

    បច្ចុប្បន្ននេះ ប្រភពព័ត៌មានពីអ្នកធ្លាប់គាំទ្រលោក សម រង្ស៊ី ពីក្រៅប្រទេសឲ្យដឹងថា លោក សម រង្ស៊ី តាំងពីវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ីវិញ គឺរស់នៅក្នុងសភាពលាក់មុខដូចសត្វពង្រូលពីព្រោះ៖

    ទី១. មិនសូវហ៊ានចេញមុខជួបគេឯងដោយសារខ្លាចគេសួរនាំអំពីផែនការទៅចាប់លោក ហ៊ុន សែន ថ្ងៃ ៩ វិច្ឆិកា ពីព្រោះកាល ពីមុន ៩វិច្ឆិកា លោក សម រង្ស៊ី ធ្លាប់ឆ្កាដៃឆ្កាជើងដោយសន្យាក្តែងៗថា នឹងចូលស្រុកឲ្យបានទោះជាមធ្យោបាយ ណាក៏ដោយដើម្បីទៅចាប់លោក ហ៊ុន សែន និងផ្លាស់ប្តូររបបនៅកម្ពុជា។ ប៉ុន្តែ ផែនការនេះត្រូវបានបរាជ័យទាំងស្រុង និងត្រូវបានក្រុមអ្នកធ្លាប់គាំទ្រចំអកបកអាក្រាតដូចស្រាតខោដើរកណ្តាលវាល។ ដូច្នេះ បើជួបមុខសកម្មជនក៍មិនដឹងមាន ពាក្យអ្វីត្រូវពន្យល់ប្រាប់គេនោះឡើយ។

    ទី២. មានសកម្មជន អ្នកធ្លាប់គាំទ្រជាច្រើនរង់ចាំតែឃើញមុខលោក សម រង្ស៊ី ដើម្បីសើចចំអក ចំៗដល់ភាពកម្សោយខាង យុទ្ធសាស្ត្រនយោបាយនិងយុទ្ធវិធីដឹកនាំអនុវត្តដែលនាំដល់ការបរាជ័យគ្មានថ្ងៃស្តាររួចបែបនេះ។ អ្នកទាំងនោះខឹងសម្បារនឹងលោក សម រង្ស៊ី ខ្លាំងណាស់ដោយសារពួកគេចំណាយលុយយ៉ាងច្រើនដាក់ ស្រោមសំបុត្រដើម្បីអោយគាត់ ទៅបំពេញបេសកកម្មចាប់លោក ហ៊ុន សែននិងផ្តួលរដ្ឋាភិបាលក្រុងភ្នំពេញ។ អ្នកខ្លះទៀតថែមទាំងបានទិញសំបុត្រយន្តហោះទៅដល់ប្រទេសថៃដើម្បីដេករង់ចាំអមដំណើរលោកប្រធានចូលទឹកដីកម្ពុជា។ ប៉ុន្តែ នៅទីបំផុត សូម្បីតែស្រមោលលោកប្រធានក៏មិនឃើញផង។ ដូច្នេះ ពួកអ្នកទាំងនោះក៏កំពុងរង់ចាំឲ្យតែឃើញសម រង្ស៊ី អើតក្បាលនឹងអាលព្រលះឲ្យចាស់ដៃម្តង។

    ទី៣. ក្រុមអ្នកវិភាគ និងអ្នកលេងហ្វេសប៊ុកជាច្រើនដែលពីមុនធ្លាប់ជួយលោក សម រង្ស៊ី យ៉ាងសកម្មតែពេលនេះបានចេញមុខ វាយប្រហារគាត់គ្មានត្រាប្រណីឡើយ។ ដូច្នេះ លោក សម រង្ស៊ី គ្មានមុខអ្វីទៅជួបប្រ៉ូអ្នកទាំងនោះ ដូចមុនទៀតឡើយ។

    ប្រឈមមុខនឹងស្ថានការណ៍ដ៏តានតឹងនិងអស់ក្រឡាដើរបែប នេះ លោក សម រង្ស៊ី កំពុងខំស្រវេស្រវាតោងកន្ទុយលោក កឹម សុខា ដោយខំសូត្រកំណាព្យ ដដែលៗថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ។ នៅក្នុងសារតាមហ្វេសប៊ុកនៅថ្ងៃ២៧ វិច្ឆិកានេះ សម រង្ស៊ី បានបង្ហាញពីភាពអស់តម្លៃរបស់ខ្លួនយ៉ាងគួរឲ្យសង្វេគដោយខិតខំនិយាយភូតលើគោកជាថ្មីទៀតដល់អ្នកគាំទ្ររបស់ខ្លួនថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ។

    ប៉ុន្តែលោក សម រង្ស៊ី ដឹងទេថា ចាប់តាំងពីក្រោយថ្ងៃ ៩ វិច្ឆិកាមក សកម្មជននិងអ្នកគាំទ្ររបស់ខ្លួន បានប្តូរពាក្យ «សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ» ទៅជា «សម រង្ស៊ី និងអេង ឆៃអ៊ាង ជាមនុស្សតែមួយ» វិញបាត់ទៅហើយពីព្រោះពួកគេយល់ថា ពាក្យនេះស័ក្តិសមជាងពីព្រោះពួកគេដឹងច្បាស់ថា ក្រៅពីប្រពន្ធរបស់គាត់ និងអេង ឆៃអ៊ាង, លោក សម រង្ស៊ី មិនដែលស្តាប់និងមិនដែលចុះសម្រុងជាមួយអ្នកណាឡើយ។

    ម្យ៉ាងទៀត លោក កឹម សុខា និងអ្នកកឹមសុខានិយម បានផ្តាច់ចំណងជាមួយលោក សម រង្ស៊ី ជាផ្លូវការរួចទៅហើយតាំងពីមុនថ្ងៃ ៩ វិច្ឆិកា មកម៉្លេះតាមរយៈការប្រកាសមិនទទួលស្គាល់និងមិនចូលរួមក្នុងនយោបាយហិង្សារបស់លោក សម រង្ស៊ីជាពិសេស សម្តីចំអកត្រង់ៗរបស់ កឹម មនោវិទ្យា។

    មិនតែប៉ុណ្ណោះ ក្រុម កឹម សុខា និយម ក៏បានសើចចំអកយ៉ាងខ្លាំងដល់នយោបាយអត្តឃាតរបស់សម រង្ស៊ី ក្រោយពីជួបបរាជ័យយ៉ាងអាម៉ាស់នោះមក ពោលគឺចាប់តាំងពីក្រោយថ្ងៃ ៩ វិច្ឆិកាមក សម រង្ស៊ី ពិតជាអស់តម្លៃរលីងក្នុងក្រសែភ្នែកភាគី កឹម សុខា។

    មិនត្រឹមតែអស់តម្លៃ ប៉ុន្តែភាគីអ្នកគាំទ្រកឹម សុខា ក៏យល់ឃើញច្បាស់ដូចថ្ងៃថា សម រង្ស៊ី ជាមនុស្សដ៍គ្រោះថ្នាក់បំផុតប្រសិនបើលោក កឹម សុខា ហ៊ានយកមកដាក់បៀតខ្លួនម្តងទៀត។

    ហេតុផលទាំងនេះសបញ្ជាក់ថា ទោះជាសម រង្ស៊ី ខំប្រឹងតោងកន្ទុយ កឹម សុខា យ៉ាងណា ក៏មិនអាចតោងជាប់ដែរ ហើយពាក្យថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយគឺជាចម្រៀងឥតន័យ ដែលសម រង្ស៊ី ប្រឹងស្រែកច្រៀងម្នាក់ឯងដើម្បីបោក ចិត្តអ្នកគាំទ្រតែប៉ុណ្ណោះ។

    អ្វីជាការកត់សម្គាល់ ចាប់ពីក្រោយថ្ងៃ ៩ វិច្ឆិកាមក ទាំងគណបក្សប្រជាជនកម្ពុជា ទាំងសហគមន៍អន្តរជាតិ ទាំងសារព័ត៌មានបរទេសនិងក្នុងស្រុក បានឈប់និយាយពីឈ្មោះសម រង្ស៊ី ទៀតហើយពីព្រោះពួកគេដឹងថា ចប់ហើយសករាជសម រង្ស៊ី ។ ផ្ទុយទៅវិញ ពួកគេនិយាយតែពីឈ្មោះកឹម សុខា តែប៉ុណ្ណោះ។ សូម្បីសហគមន៍អឺរ៉ុបក៏អត់និយាយសោះពីឈ្មោះ សម រង្ស៊ី ដែរ។ រីឯសហរដ្ឋអាមេរិកឯណោះវិញ តាមរយៈលិខិតរបស់លោក ដូណាល់ ត្រាំ ផ្ញើជូនលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ជំហរដែរថា ខ្លួនមិនដែលគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅកម្ពុជាឡើយ។ ជំហរផ្លូវការរបស់សហរដ្ឋអាមេរិកនេះគឺជាការទះកំភ្លៀងនិងវាយសំពង យ៉ាងដំណំទៅលើសម រង្ស៊ី ដែលតែងតែទន្ទិញរត់មាត់ពីការផ្លាស់ប្តូររបបនៅកម្ពុជា។

    សរុបមកវិញ លោក សម រង្ស៊ី ដែលខំស្រែកខ្វើយៗតាមហ្វេសប៊ុកថា សង្គ្រោះជាតិនឹងរស់ឡើងវិញ និងថា កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ គឺជាសំឡេងបោកប្រាស់ដ៏ឥតន័យអ្វីទៀតឡើយសម្រាប់ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងជាពិសេសវារឹតតែគ្មានហាងឆេងអ្វីបន្ទិចសោះសម្រាប់ភាគី កឹម សុខា ដែលតែងតែទទួលការ ប្រមាថគ្រប់បែបយ៉ាងពីសម រង្ស៊ី ផ្ទាល់ក៏ដូចជាពីសំណាក់ក្រុមឆ្កែកាចរបស់ សម រង្ស៊ី។

    ពេលនេះ សម រង្ស៊ី នៅសល់តែ ប្រពន្ធគាត់ – អេង ឆៃអ៊ាង – មួរ សុខហួរ និងមនុស្សមួយដំបរស្វាទៀតប៉ុណ្ណោះដែលនៅបន្តគាំទ្រដោយសារគ្មានជម្រើស។ ក្រៅពីនោះ គឺភាគច្រើនបំផុតគេបាន នាំគ្នា Goodbye សម រង្ស៊ី អស់ទៅហើយ។

    ដូច្នេះហើយបានជា សម រង្ស៊ី ខំប្រឹងធ្វើមុខក្រាសឃ្មឹក តោងកន្ទុយកឹម សុខា មិនព្រមលែងទោះជាត្រូវក្រុមអ្នកកឹម សុខា និយមវាយប្រហារនិងសើចចំអកអោយយ៉ាងណាក៏ដោយ។

    សូមលោកសម រង្ស៊ីស្តាប់សំដីផ្ទាល់របស់លោកកឹម សុខានេះចុះ!

    ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

    អត្ថបទទាក់ទង