ខ្មែរប៉ុស្ដិ៍ Close

តើកីឡាករ កែវ សុខផេង ជានរណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កីឡា - សុខភាព 61

កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង ត្រូវបានកោះហៅអោយចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U-22) និងបានចូលរួមនៅក្នុងការប្រកួតបើកឆាកជាមួយនឹងម្ចាស់ផ្ទះហ្វ៊ីលីពីនកាលពីថ្ងៃចន្ទកន្លងទៅ។ លទ្ធផលនៃការប្រកួតនេះគឺ ១ – ១ ដែលគ្រាប់បាល់របស់កម្ពុជា រកបានដោយកីឡាករ កែវ សុខផេង នេះតែម្ដង។

តើកីឡាករកែវសុខផេងជានរណា?

បើតាម Wikipedia កីឡាករ កែវ សុខផេង កើតនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ១៩៩២ នៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខផេង កំពុងលេងអោយក្លឹប វិសាខា ហើយក៏ជាកីឡាករជម្រើសជាតិផងដែរ។ ជាប្អូនប្រុសបង្កើតរបស់កីឡាករ កែវ សុខង៉ន ដែលក៏ជាអតីតកីឡាករជម្រើសជាតិ, សុខផេង ភាគច្រើនលេងនៅតំបន់ប្រយុទ្ធដូចបងប្រុសដែរ។

ប្រវត្តិនៃការលេងអោយក្លឹបនានា

នៅខែមិថុនា ឆ្នាំ២០១៥ សុខផេង និងបងប្រុស បានចុះកុងត្រាលេងអោយក្លឹប ភ្នំពេញក្រោន ទាំងពីរនាក់បងប្អូន។ បន្ទាប់មក សុខផេង បានចុះកុងត្រាជាមួយក្លឹប PKNC FC របស់ប្រទេសម៉ាលេស៊ី នៅឆ្នាំ២០១៨។ ការចុះកុងត្រានេះបានធ្វើអោយសុខផេង ក្លាយជាកីឡាករកម្ពុជាដំបូងគេដែលទៅលេងនៅឯលីគកំពូលរបស់ប្រទេសម៉ាលេស៊ីនេះ។ នៅខែមិថុនា ឆ្នាំ២០១៨ សុខផេងបានវិលត្រលប់មកលេងអោយក្លឹប វិសាខាវិញ។

ប្រវត្តិនៃការលេងអោយក្រុមជម្រើសជាតិ

សុខផេង បានចូលលេងអោយក្រុមជម្រើសជាតិចាប់ពីឆ្នាំ២០១៥មក ដោយរកបាន៣គ្រាប់ក្នុង៤ប្រកួតរបស់ខ្លួននៅស៊ីហ្គេម២០១៥។ បន្ទាប់មកនៅឆ្នាំ២០១៨ សុខផេង ត្រូវបានកោះហៅមកជួយក្រុមជម្រើសជាតិនៅក្នុងការប្រកួតជម្រុះវើលខាប់។ សុខផេង រកបាន១គ្រាប់ពីការប្រកួតមិត្តភាពជាមួយប្រទេសប៊ូតាន់។

អត្ថបទទាក់ទង