ខ្មែរប៉ុស្ដិ៍ Close

ក្រុមហិង្សានិយម និងក្រុមអហិង្សានិយម គឺជាទឹកនិងប្រេងមិនអាចចូលគ្នាបាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 12
ក្រុមហិង្សានិយម និងក្រុមអហិង្សានិយម គឺជាទឹកនិងប្រេងមិនអាចចូលគ្នាបាន ក្រុមហិង្សានិយម និងក្រុមអហិង្សានិយម គឺជាទឹកនិងប្រេងមិនអាចចូលគ្នាបាន

ថ្មីៗនេះនៅលើទំព័រហ្វេសប៊ុករបស់លោក មុត ចន្ថា ដែលជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា បានបង្ហោះខ្លឹមសារលើកឡើងដោយលោក កឹម សុខាថា ៖ ខ្ញុំនឹងមិនធ្វើអ្វីបង្កឲ្យមានចលាចល និងភាពវឹកវរដល់ជាតិរបស់ខ្ញុំ ដែលខ្លួនខ្ញុំរស់នៅក្រោមដំបូលដែរនោះទេ។ ខ្ញុំមិនដែលនឹកចង់ ឬ ពុំដែលមានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្ញុំម្តងណាឡើយ ព្រោះខ្ញុំបានជ្រើសរើសយកប្រទេសរបស់ខ្ញុំជាដំបូលតែមួយ ដែលខ្ញុំត្រូវរស់នៅ និងជាមូលដ្ឋាននៃជីវភាពនយោបាយរបស់ខ្ញុំ។

ការលើកឡើងរបស់លោក កឹម សុខា យ៉ាងដូច្នេះ ត្រូវបានមហាជនមើលឃើញថា ជាការទះមួយកំភ្លៀង​យ៉ាងខ្លាំងរបស់ កឹម សុខ ចំមុខ សម រង្ស៊ី និងគូកន ហើយក៏បានបង្ហាញឲ្យឃើញកាន់តែច្បាស់ផងដែរ នូវជំហនយោបាយផ្ទុយគ្នាស្រឡះរវាងក្រុមនយោបាយហិង្សានិយម និង ក្រុមនយោបាយអហិង្សានិយម។ មហាជនទូទៅក៏បានមើលឃើញច្បាស់ថា ក្រុមនយោបាយទាំងពីរ ដូចជាទឹក និងប្រេងដែលមិនអាចចូលគ្នាបានឡើយ។

ជាក់ស្តែង លោក កឹម សុខា ទំនងបានមើលឃើញអំពីគ្រោះថ្នាក់ដល់ជាតិ និងប្រជាជន តាមរយៈការញុះ​ញង់ និងបំផុសបំផុលរបស់ក្រុមអ្នកនយោបាយហិង្សានិយម ឲ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធងើបបះបោរផ្តួលរំលំរដ្ឋាភិបាល និងដូររបបរាជានិយម ជាមួយនឹងការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជារាស្ត្រខ្មែរ។
ជាការចំអកមួយទៀតដល់ក្រុមអ្នកនយោបាយហិង្សានិយម គឺថា លោក កឹម សុខាសុខចិត្តជាប់ឃុំក្នុងប្រទេស ហើយលោកមិនដែលបាននឹកចង់ចាកចោលស្រុកទៅសម្ងំរស់នៅក្រៅប្រទេស ដូចក្រុមអ្នកនយោបាយហិង្សានិយមមួយចំនួន រត់ចោលស្រុក ដើម្បីសេចក្តីសុខផ្ទាល់ខ្លួនឡើយ។

ដោយ ឡុង បូរិតា

26 Nov 2019