ខ្មែរប៉ុស្ដិ៍ Close

ប្រាក់បៀវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងបន្តកើនឡើងទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 66
ប្រាក់បៀវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងបន្តកើនឡើងទៀត ប្រាក់បៀវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងបន្តកើនឡើងទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀតថា ទោះកម្ពុជាគ្មានប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដែលផ្តល់ដោយសហគមន៍អឺរ៉ុប ក៏កម្ពុជាមិនបានពិបាករហូតដល់លៀនអណ្តាតនោះឡើយ ហើយប្រាក់បៀវត្សមន្រ្តីរាជការក៏មិនបានមកពី EBA នោះដែរ។ លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា មានអ្នកខ្លះលើកឡើងថា នៅពេលបន្តិចទៀតលៀនអណ្តាតហើយ ឱ្យតែគេកាត់ EBA ចេញ ប៉ុន្តែត្រូវបានលោកអះអាងថាប្រាក់បៀវត្សមន្រ្តីរាជការមិនបានយកពី EBA នោះទេ ហើយចំណូលពន្ធគយរបស់កម្ពុជាគឺបានមកពីការនាំចូល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ក្នុងចំណោមចំណូលពីការនាំចូលទាំងនោះ កន្លងទៅមានជាង៣០% បានមកពីរថយន្ត និងម៉ូតូ ជាង៣០%បានមកពីប្រេងឥន្ធនៈ និង៣០% បានមកពីទំនិញចម្រុះប៉ុន្តែឆ្នាំនេះចំឡែកបំផុតដែលចំណូល៥២% បានពីការនាំចូលឡាន និងម៉ូតូដែលនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរកាន់តែមានជីវភាពល្អប្រសើរអាចទិញរថយន្តនិងម៉ូតូបាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២០ ខាងមុខ ប្រាក់បៀវត្សមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនឹងបន្តកើនឡើងទៀត គឺនៅខែមករា និងនៅខែមេសា ហើយនៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ប្រាក់បៀវត្សនឹងត្រូវបើកឱ្យសរុបពេញមួយខែតែម្តង បូករួមទាំងប្រាក់ឧបត្ថម្ភមិនតិចជាង៥ម៉ឺនរៀលនោះទេ៕

អត្ថបទទាក់ទង