ការលះបង់ដ៏កម្រ! ក្រោយកាន់អំណាចនាយករដ្ឋមន្ត្រីជិត ៤០ឆ្នាំ សម្តេចតេជោ សម្រេចចាកចេញពីអំណាច ដើម្បីធានាសេចក្តីសុខ និងការអភិវឌ្ឍជាតិ
បន្ទាប់ពីគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រី ដែលជាទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិអស់រយៈពេលជិត ៤០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបញ្ចប់ឋានៈ និងតួនាទីជានាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣នេះហើយ។ ការដើរចេញពីអំណាចទាំងខ្លួនកំពុងមានប្រជាប្រិយភាព គឺជារឿងដ៏កម្រមួយនៅក្នុងសង្គមកម្ពុជា ហើយការចាកចេញពីអំណាចរបស់សម្តេចតេជោ ត្រូវបានគេចាត់ទុកការលះបង់ប្រកបដោយគំរូវីរភាព និងគួរឱ្យគោរពស្ញប់ស្ញែង។
សម្តេចតេជោ ហ៊ុន សែន ជាកូនកសិករធ្វើស្រែចម្ការស់នៅតាមដងទន្លេមេគង្គ ក្នុងភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែន ជាកូនទី៣ ក្នុងចំណោមបងប្អូន ៥នាក់។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានដំណាលថា ក្តីបំណងធំបំផុតរបស់សម្តេចកាលយុវភាព គឺចង់ត្រឹមធ្វើជាគ្រូបង្រៀនប៉ុណ្ណោះ ប៉ុន្តែរបត់ និងបញ្ហាប្រទេសជាតិ បានរុញច្រានសម្តេចតេជោឱ្យក្លាយជាមេដឹកនាំ ដែលទទួលជោគវាសនាកំពូលរបស់ជាតិ។
បន្ទាប់ពីការធ្វើពលីកម្ម និងតស៊ូក្នុងបុព្វហេតុជាតិជាច្រើន ផលបុណ្យកើតចេញពីភក្តីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅចំពោះជាតិ និងប្រជាជនកម្ពុជា ធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ទទួលបានការទុកចិត្តពីសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជំនួសលោក ចាន់ ស៊ី ដែលបានទទួលមរណភាពដោយសារមហារីកគ្រាប់ឈាម។
ជាមួយការឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីរបស់កម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រឈមនឹងការដោះស្រាយបន្ទុកដ៏ធំមួយរបស់ជាតិ និងប្រជាជន គឺគ្រោះខ្វះខាតស្បៀង ដ្បិតមុនពេលឡើងកាន់តំណែងមួយឆ្នាំ ពោលនៅឆ្នាំ១៩៨៤ កម្ពុជាជួបគ្រោះទឹកជំនន់ផង និងគ្រោះរាំងស្ងួតផង។ សម្តេចតេជោ បានចាត់ទុកបញ្ហានេះ គឺជាការសាកល្បងដ៏ធំសម្រាប់សមត្ថភាពដឹកនាំរបស់សម្តេច។ នៅពេលនោះ សម្តេចបានប្រកាសនៅមុខសមាជិករដ្ឋសភាទាំងអស់ថា «មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ»។
ពាក្យពេចន៍ប្តេជ្ញាចិត្តតម្កល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាចម្បងនេះ ត្រូវបានសម្តេចតេជោ ប្រកាន់ប្រើប្រាស់រហូតមកក្នុងជីវិតជានាយករដ្ឋមន្ត្រីរបស់សម្តេច។
ក្រោយពេលឡើងកាន់តំណែងនេះមិនត្រឹមតែប្រឈមនឹងគ្រោះអត់ស្បៀងដែលត្រូវដោះស្រាយប៉ុណ្ណោះទេ តែនាយករដ្ឋមន្ត្រីរូបនេះនៅប្រឈមបញ្ហាជាច្រើនទៀត។ ការងារអាទិភាពចំនួន៤សំខាន់ដែលនាយករដ្ឋមន្ត្រីវ័យ៣៣រូបនេះ បានដាក់ចេញ ដើម្បីជាបន្ទាត់នយោបាយដឹកនាំរបស់ខ្លួន គឺការស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបញ្ហាទាំង៤នេះ ត្រូវបានបំផ្លាញគ្មានសល់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រៅពីការគិតគូរក្នុងការស្តារប្រទេសឡើងវិញហើយនោះ នាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវប្រឈមលើការមិនយល់គ្នាពីសេដ្ឋកិច្ចទីផ្សារនៅក្នុងជួរបក្ស ខណៈក្រុមខ្មែរដែលនៅសេសល់នៅតាមព្រំដែន ព្រមទាំងចលនាតស៊ូដទៃទៀត ធ្វើសកម្មភាពវាយឆ្មក់ និងធ្វើសកម្មភាពផ្សេងៗប៉ងដណ្តើមកាន់កាប់ប្រទេសជាថ្មី។ បន្ថែមពីលើនោះពួកបស្ចិមប្រទេសមិនត្រឹមតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់រដ្ឋាភិបាលរបស់សមមិត្ត ហ៊ុន សែន ប៉ុណ្ណោះទេ ពួកគេថែមទាំងមិនទទួលស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានៅអង្គការសហប្រជាជាតិថែមទៀតផង ហើយទទួលស្គាល់អាសនៈរបស់ខ្មែរក្រហមទៅវិញ។
ក្រៅតែពីបញ្ហានេះទៅ សមមិត្ត ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី នាពេលនោះ ត្រូវប្រឈមនឹងបញ្ហាដ៏ធំមួយទៀត គឺជម្លោះ និងសង្គ្រាមជាមួយទ័ពខ្មែរ និងកម្លាំងចលនាតស៊ូដទៃទៀត ដែលជាឧបសគ្គដ៏ធំក្នុងកិច្ចកសាងជាតិ។
ដោយមើលឃើញថាការស្ថិតក្នុងស្ថាភាពសន្តិភាពផង និងសង្គ្រាមផង មិនអាចធ្វើឱ្យកម្ពុជាអាចមានការអភិវឌ្ឍ និងនាំក្តីសុខជូនប្រជាពលរដ្ឋ ហើយជាការគំរាមកំហែងដល់របបដឹកនាំរបស់ខ្លួនផងនោះ។ សមមិត្ត ហ៊ុន សែន ក៏បានកើតចិត្តចង់ស្វែងរកសុខសន្តិភាព ដោយបង្រួបបង្រួមគ្រប់ភាគីជម្លោះទាំងអស់។
បំណងបង្រួបបង្រួមជាតិ បានជំរុញឱ្យសម្តេចតេជោ ដាក់ចេញនយោបាយចរចាជាមួយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូតឈានដល់អនុវត្តន៍នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នៅឆ្នាំ១៩៨៧ ហើយឈានទៅអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ បិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់ជាតិកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ការបង្រួបបង្រួម និងឯកភាពជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រនៃការបែកបាក់ជាតិ ក្រោយចក្រភពអង្គរ ដែលមានរយៈពេលមិនតិចជាង ៥០០ឆ្នាំនោះឡើយ។
បន្ទាប់ពីទទួលបានជោគជ័យទាំងស្រុងលើកការបង្រួបបង្រួមជាតិ ស្របជាមួយវិបត្តិនយោបាយក៏ត្រូវបានធូរស្រាលចាប់ពីក្រោយឆ្នាំ១៩៩៨ ពោលគឺចាប់ពីឆ្នាំ២០០០ គឺជាពេលវេលាថ្មីមួយ ដែលសម្តេចតេជោ ហ៊ុន សែន ផ្តោតចិត្តយកទុកដាក់ពេញទីលើការកសាងអភិវឌ្ឍន៍ជាតិ និងធ្វើសមាហរណកម្មជាតិទៅក្នុងសហគមន៍អន្តរជាតិផងដែរ។
រាប់ចាប់ពីចុងឆ្នាំ១៩៩៨មក សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាអគ្គមគ្គុទ្ទេសក៍ដឹកនាំនាវាដ៏ឆ្នើមមួយរូបក្នុងយុគ្គសម័យថ្មីនេះ ដោយបានប្រែក្លាយប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងលឿនលយជាទីបំផុត។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញជាមេដឹកនាំមានភាពបត់បែន និងប៉ិនប្រសប់ខ្ពស់លើការដឹកនាំ ហើយនាំឱ្យមានការចាប់អារម្មណ៍ទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ក្នុងរយៈពេលប្រមាណ ២០ឆ្នាំគិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨ តាមរយៈការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យជាតិកម្ពុជាមានបម្រែបម្រួលយ៉ាងខ្លាំង, ធ្វើឱ្យកម្ពុជាស្គាល់តែផ្សែងសង្គ្រាម ប្រែជាទឹកដីដ៏ស្រស់បំព្រងអគារតូចធំផុសត្រដែន ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់បង្ហាញវត្តមានខ្វែងខ្វាត់ពីទីក្រុងដល់ទីជនបទ, ពលរដ្ឋកម្ពុជា ធ្លាប់តែជន់ជោរដោយទឹកភ្នែក ប្រែមកស្គាល់តែស្នាមញញឹមដ៏ស្រស់ថ្លា។
មានសមិទ្ធផលសំខាន់ៗរបស់ជាតិជាច្រើន ឆ្លុះឱ្យឃើញពីវឌ្ឍនភាពជាតិកើតចេញពីកិច្ចប្រឹងប្រែងពោរពេញដោយឆន្ទៈ និងស្មារតីដ៏មុះមុតក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះ ផលិតផលក្នុងស្រុកសរុប ត្រូវបានកើនពី ៣,១០៦លានដុល្លារអាមេរិក ដល់២៤,៦០៥ លានដុល្លារអាមេរិក, ប្រាក់ចំណូលសម្រាប់មនុស្សត្រូវបានកើនពី ២៥៣ដុល្លារ ដល់ ១,៥៦៣ដុល្លារ, អតិផរណា ត្រូវបានថយចុះពី ១៤.៧ភាគរយ មកនៅត្រឹម ៣.៤ភាគរយ, អត្រាភាពក្រីក្រថយចុះពី ៥៣.២ភាគរយ មកនៅត្រឹម ១៣.៥ភាគរយ, ទំហំទឹកប្រាក់ការនាំចេញ បានកើនពី ៨០០លានដុល្លារ ដល់ ១២,១២៣លានដុល្លារអាមេរិក, ទុនបម្រុងអន្តរជាតិ កើនពី ៣៩០លានដុល្លារអាមេរិក ទៅដល់ ៩,៤៩៤លានដុល្លារអាមេរិក។
ប្រាក់សោធននិវត្តន៍អប្បបរមាក្នុងម្នាក់ បានកើនពី ៧០,០០០រៀលក្នុងមួយខែ រហូតដល់ ៤៨០,០០០រៀលក្នុងមួយខែ, ចំណូលថវិកាជាតិសរុប បានកើនពី ២៤៧លានដុល្លារអាមេរិក ដល់ ៤,៧៣២លានដុល្លារអាមេរិក, ចំនួនភ្ញៀវទេសចរ បានកើនពី ២៨៦,៥២៤នាក់ ដល់ ៦,២៦២,១៦៤នាក់។ រីឯអាយុកាលសង្ឃឹមរស់របស់ប្រជាជន ត្រូវបានកើនពី ៥៦.៧ឆ្នាំ ទៅដល់ ៧០.៦ឆ្នាំ។
ព្រោះតែភាពខ្លាំងក្លាក្នុងការប្រយុទ្ធលើសមរភូមិនយោបាយនៅកម្ពុជា បិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍនេះធ្វើឱ្យអ្នកព័ត៌មានបរទេស [Harish C. Mehta និង Julie Mehta] ដាក់រហស្សនាមឱ្យសម្តេចតេជោ ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា។
ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានការសព្វព្រះរាជហឫទ័យ និងកោតសរសើរយ៉ាងខ្លាំងពីព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីព្រះអង្គនៅមានព្រះជន្ម ក៏ដូចជាព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រីយ៍ ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។
កម្ពុជាចាប់តាំងពីក្រោយការបែកបាក់ចក្រភពអង្គរនាសតវត្សរ៍ទី១២ ស្គាល់តែការបែកបាក់ ភ្លើងសង្គ្រាម និរាសប្រាត់ប្រាស់ និងការអន់ថយ ហើយភាពល្បាញល្បីក៏ត្រូវបានកប់បាត់ពីលើឆាកអន្តរជាតិផងដែរ។ អាចនិយាយថាទើបនឹង២០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ កម្ពុជា បានស្គាល់នូវការបង្រួបបង្រួមជាតិជាថ្មី និងសាងកេត្យានុភាពជាថ្មីទៅក្នុងឆាកអន្តរជាតិ ពោរពេញដោយកិត្តិយស និងមោទនភាពសម្រាប់ជាតិ សម្រាប់កុលបុត្រ និងកុលធីតាខ្មែរគ្រប់រូប។
នៅក្រោយឆ្នាំ២០១៨ ពោលរាប់ចាប់ពីឆ្នាំ២០១៩មក ជាពេលវេលាមួយដ៏លំបាកសម្រាប់ពិភពលោក ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩។ ប្រទេសទាំងឡាយ រួមទាំងកម្ពុជាផង គឺពិបាកក្នុងការឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច។ តែបើទោះបីជាយ៉ាងណា ក្នុងគ្រាជួបវិបត្តិទាំងនេះ បានរំលេចឱ្យឃើញពីភាពខ្លាំងពូកែរបស់សម្តេចតេជោ ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានលឿនរហ័ស កាត់បន្ថយអត្រាស្លាប់ និងឆ្លងជំងឺកូវីដ១៩ទៅប្រជាពលរដ្ឋ នាំឱ្យមានការកោតសរសើរជាខ្លាំងទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ បន្ថែមពីលើនេះ ក្នុងពេលសង្គមជួបវិបត្តិកូវីដ១៩ បានបញ្ចេញថវិកាជាតិជាច្រើន សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិ និងធានាការទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក្រៅតែពីការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ជំរុញការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចជាតិហើយនោះ នាំឱ្យលេចចេញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនទៀតពាក់ព័ន្ធក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូន ដូចជាការសាងសង់ផ្លូវល្បឿនលឿន ការសាងសង់ស្ពានឆ្លងកាត់ទន្លេជាច្រើនស្ពាន ពង្រីកផ្លូវជាតិកាន់តែធំៗ និងការសាងសង់ព្រលានយន្តហោះថ្មីសម្រាប់រាជធានីភ្នំពេញ និងខេត្តសៀមរាបជាដើម។ គម្រោងដឹកជញ្ជូនជាប្រវត្តិសាស្ត្រមួយទៀត គឺ «ព្រែកជីហ្វូណន-តេជោ» បើទោះបីមិនទាន់បានលេចចេញជារូបរាងយ៉ាងណាក្តី តែនៅក្នុងអាណត្តិការងារចុងក្រោយ សម្តេចតេជោ ក៏បានសម្រេចឱ្យដំណើរគម្រោងមួយនេះផងដែរ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រី ក៏បានបង្កើតឱ្យមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងវិស័យកីឡាផងដែរ។ បន្ទាប់ពីខកខាន និងរង់ចាំអស់រយៈជាង ៦០ឆ្នាំ ព្រោះតែវិបត្តិសង្គ្រាម និងសេដ្ឋកិច្ចជាតិនោះ នៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន សម្រេចបានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ប្រកបដោយមោទនភាពជាទីបំផុតសម្រាប់ប្រជាជាតិកម្ពុជា។
សម្រាប់នយោបាយអន្តរជាតិវិញ ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជា ក្លាយទៅជាដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការដោះស្រាយបញ្ហារបស់ពិភពលោក តាមរយៈយន្តការអាស៊ាន និងក្នុងនាមជាសមាជិកអង្គការអន្តរជាតិនានា។ តាមរយៈតួនាទីទាំងនោះ ធ្វើឱ្យកិត្តិនាមកម្ពុជាខ្ទរខ្ទារ មិនមែនអន់ថយដូចអតីតកាលនោះឡើយ។
ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ បានធ្វើជានាយករដ្ឋមន្ត្រីចំនួន ២០១៤សប្តាហ៍ ស្មើនឹង ២៦៣ខែ ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ និងស្មើ ១៤,០៩៩ថ្ងៃ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជានាយករដ្ឋមន្ត្រីដែលបានប្រឹងប្រែង និងធ្វើពលីកម្មដើម្បីបុព្វហេតុរុងរឿងរបស់ជាតិ និងការរស់នៅដ៏ប្រសើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែសម្តេចបានអត់ទ្រាំរាល់ការប្រមាថ និងការវាយតម្លៃយ៉ាងអយុត្តិធម៌លើការដឹកនាំរបស់សម្តេចពីសំណាក់ជនជ្រុលនិយមមួយក្តាប់តូចក្នុងមជ្ឈដ្ឋានជាតិ ក៏ដូចជាអន្តរជាតិផងដែរ។ តែស្មារតីជាតិ និងប្រជាជន ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនោះ ធ្វើឱ្យសម្តេចប្រឹងអត់ធ្មត់បៀបការឈឺចាប់ទាំងឡាយ ហើយសមិទ្ធផលកើតចេញពីការអត់ធ្មត់នេះ សម្តេចតេជោ បាននាំកម្ពុជាមកកាន់ដំណាក់កាលមួយ គឺកម្ពុជារុងរឿង និងចម្រើនលូតលាស់ កម្ពុជាប្រកបដោយភាពខ្ពង់ខ្ពស់ក្នុងសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន ក៏តែងតែរង់នូវការប្រមាថពីក្រុមជ្រុលនិយមមួយក្តាប់តូចថាជាមេដឹកនាំស្រឡាញ់ ឬក្រាញអំណាចផងដែរ ទាំងពួកគេមើលឃើញច្បាស់ការក្រាញននៀលទទួលអម្រែកជាតិដ៏លំបាក និងស្មុគស្មាញរបស់សម្តេចនោះ ដើម្បីធានានូវការរស់រៀន និងនិរន្តរភាពនៃជាតិកម្ពុជា។
ការសម្រេចចុះចេញពីអំណាចរបស់សម្តេចតេជោ ហ៊ុន សែន ចេញពីអំណាចនាយករដ្ឋមន្ត្រី គឺបានស្តែងឱ្យឃើញយ៉ាងច្បាស់ថា តើសម្តេចជាមេដឹកនាំក្រាញអំណាចដូចក្រុមជ្រុលនិយមបានចោទឬយ៉ាងណា? មកដល់ពេលបច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន នៅតែជាមេដឹកនាំមួយរូបដែលមានប្រជាប្រិយភាព ពោលការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ហើយបើធៀបនឹងសុខភាពរបស់សម្តេច ក៏មិនចាញ់មេដឹកនាំលើពិភពលោកមួយចំនួនោះដែរ រួមទាំងប្រធានាធិបតីរបស់អាមេរិក លោក ចូ បៃដិន ផងដែរ។ តើមានមេដឹកនាំដែលក្រាញអំណាចពិតជាសុខចិត្តដាក់អំណាចទាំងដែលខ្លួនកំពុងខ្លាំងបែបនេះឬ?
តាមរយៈការលើកឡើងនេះ បានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជានិមិត្តរូបនៃការលះបង់ក្នុងភាពជាអ្នកមានអំណាច ដើម្បីប្រយោជន៍រួមរបស់ជាតិ នោះគឺសុខសន្តិភាព និងចម្រើនលូតលាស់មួយដ៏យូរអង្វែងរបស់ជាតិ៕
Fresh News