ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្ត​អ្នក​អាន​៖ អាប៉ោងបើកគ្របហើយ គឺ សម រង្ស៊ី ម​កស្រុកខ្មែរតាមហ្វេសប៊ុក​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 11
ទស្សនៈមិត្ត​អ្នក​អាន​៖ អាប៉ោងបើកគ្របហើយ គឺ សម រង្ស៊ី ម​កស្រុកខ្មែរតាមហ្វេសប៊ុក​ ទស្សនៈមិត្ត​អ្នក​អាន​៖ អាប៉ោងបើកគ្របហើយ គឺ សម រង្ស៊ី ម​កស្រុកខ្មែរតាមហ្វេសប៊ុក​

នៅទីបំផុតទៅ អាប៉ោងបានបើកគ្របហើយ ផែនការរំកិលមិនវិលចូលស្រុកវិញរបស់ សម រង្ស៊ី និង​គូកន ក៏បានប្រកាសជាផ្លូវការហើយដែរ នោះគឺគ្មានដំណើរមាតុភូមិនិវត្តន៍របស់ក្រុមឧទ្ទាមក្រៅ​ច្បាប់​ចូល​ស្រុក ដើម្បីធ្វើរដ្ឋ​ប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងផ្លាស់ប្តូររបបនៅកម្ពុជានៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ ស្អី​ទេ​។

ដូចការ​ប្រមើមើល​របស់​មហាជន​ទូទៅអញ្ចឹង ​សម រង្ស៊ី ដាច់​ខាត​​​​មិន​វិល​ចូល​ស្រុក​​វិញ​នោះឡើយ ទោះ​​ជា​រូប​គាត់​ប្រកាសកោកកាកៗចង់​ដាច់​ក្រឡើត​យ៉ាង​ណា​ក៏ដោយថា ប្តេជ្ញា​វិល​ចូល​ស្រុកវិញ​ឲ្យ​ទាល់​តែ​បាន​នៅ​​​ថ្ងៃទី៩ ខែវិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យ​ជាតិ និង​ខួប​កំណើត​នៃកងយោធពលខេមរភូមិន្ទលើកទី៦៦ឆ្នាំ​ (១៩៥៣-២០១៩)។ ជាក់​ស្តែង​ សម រង្ស៊ី បាន​ប្រកាសដក​ថយ​ថា ផែន​ការ​មាតុភូមិនិវត្ត​ន៍​របស់​គាត់​ និង​គូកន មក​ស្រុក​​ខ្មែរ ត្រូវ​ពន្យារ​ពេលហើយ​ចាប់​ពី​ថ្ងៃទី​៧វិច្ឆិកាតទៅ។

សម រង្ស៊ី ទំនង​ជា​មិន​ដាច់​ចិត្ត​ពីជីវិត​ហ៊ឺហារ ស៊ីវិល័យ ដើរ​ស៊ីចាយ​សម្បាយ​រីក​​រាយ​លើ​គំនរ​ទុក្ខ​សកម្ម​ជន និង​អ្នក​គាំទ្ររបស់​ខ្លួននោះ​ គឺ​គ្មាន​ភា​ពក្លាហាន​ដើម្បី​វិល​ចូល​ស្រុក​វិញ​តាម​ការ​សន្យា​​ម្តងហើយ​ម្តងទៀត ដូច​ដែល​គាត់​ធ្លាប់​សច្ចាររបៀប​នេះ​មិនតិច​ជាង ១០០ដង​ តាំង​ពី​ឆ្នាំ​២០១៥ មកម្ល៉េះ។​

សម រង្ស៊ី ទំនង​ជា​អកហ្សឺ ឬ​គ្រាន់​តែ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មហាជនមក​លើ​រូប​គាត់​ ក៏​តាំង​ខ្លួន​ជាអ្នក​ក្លាហាន​បែប គង់​ ហ៊ាន ប្រកាស​ថា នឹង​វិល​ចូល​វិញ​ឲ្យ​ខាង​តែ​បាន​នៅ​ថ្ងៃទី​៩វិច្ឆិកា ដោយ​មាន​រៀប​ចំ​ផែន​ការ និង​រចនា​សម្ព័ន្ធ​​ពីក្រៅ​ស្រុក​ចូល​ក្នុង​ប្រទេស​។ តាម​ពិត​ទៅ​ផែន​ការ​វិល​ចូល​ស្រុក ដោយ​មានរៀប​ចំ​រចនា​សម្ព័ន្ធ​ចាត់​​តាំង​​ដើម្បី​រៀប​ចំ​ដំណើរ​មាតុភូមិនិវត្តន៍របស់​លោក សម រង្ស៊ី និង​គូកនមាន​មែន តែ​អ្វី​ដែល​គ្មាន ហើយ​មិន​អាច​​កើត​​ឡើង​នោះ គឺ​គ្មាន​វត្តមាន​ សម រង្ស៊ី និង​គូកន​ វិល​ចូល​ស្រុក​តាម​ការ​សន្យានោះ​ឡើយ​។
ផ្អែក​លើ​ទឡ្ហីករណ៍មួយ​ចំនួន​ដែល​មានភាព​ឡូស៊ិក គឺ​លោក សម រង្ស៊ី មិ​ន​ស្ម័គ្រ​ជាប់​គុក​នៅ​វ័យ​ជរា​នោះ​ទេ ព្រោះ​ថា គ្មាន​អ្នក​នយោបាយ​ណា​ម្នាក់​ក្នុងពិភពលោក​នេះ​ សុខ​ចិត្ត​ជាប់​គុគនៅ​អាយុ​ច្រើន ហើយ​ត្រូវ​បញ្ចប់​ជីវិតនៅ​ក្នុង​គុក​​នោះ​ដែរ។ ឆាក​ជីវិត​មនុស្ស មិនថា សាមញ្ញជន ​​អ្នក​នយោបាយ ​ឬអ្នក​ណាជា​អ្នក​ណា​ទេ នៅ​ពេល​ឈាន​ដល់​វ័យ​ចំណាស់​តែង​បាន​គិត​គូរ​រក​កន្លែង​សម​ស្របមួយ​ក្នុង​ដំណាក់​កាល​ចូល​និវត្តន៍ ឬហៅ​ថា វ័យ​​ចាស់​ជរានៃ​ជីវិត។ គុក មិនមែន​ជា​ជម្រើស​ដ៏ល្អបំផុត​សម្រាប់​ជីវិត​ចុងក្រោយ​របស់​ សម រង្ស៊ី ឡើយ។
សម រង្ស៊ី កើត​ក្នុង​ត្រកូល​អភិជន មិន​ដែល​ស្គាល់​ទុក្ខ​លំបាក​វេទនាម្តង​​​ណា​ឡើយ គឺ​មិន​ស្ម័គ្រ​ជាប់​គុក​ ឬ​​ត្រូវ​បាត់​បង់​ជីវិត​ដោយ​ប្រកា​ណា​មួយ​​ក្នុង​ពេល​​វិល​ចូល​ស្រុក​វិញនោះ​ដែរ​ ព្រោះ​មាន​ជម្រើស​តែ​ពីរ​គត់​សម្រាប់​ សម រង្ស៊ី គឺ​ជាប់​គុក ឬអាច​នឹង​ត្រូវ​បាត​ដៃ​ទី​៣ សម្លាប់​នៅ​ពេល​ឈាន​ជើង​ជាន់​ដីកម្ពុជា។​

ដូចគ្នា​នេះ​ដែរ សម រង្ស៊ី ត្បិត​ថា មើល​ពី​សប្បក​ក្រៅ​ទៅ​ហាក់​ដូច​ជា​មនុស្ស​ស្វាហាប់​រឹងមាំ​ និង​ម្ចាស់ការ​លើ​ខ្លួនឯង​​​ តែ​អ្នក​ដែល​មាន​ឥទ្ធិពល​​ និង​ដើរ​តួនាទី​ជំនួស សម រង្ស៊ី រហូត​មក​គឺ​ ជូ ឡុង​សូមូរ៉ា ជា​ប្រពន្ធឯណោះ​ទេ។ បើ​ដូច្នេះ​ ជូ ឡុងសូមូរ៉ា មិន​​ឲ្យ សម រង្ស៊ី ទៅ​ជាប់​គុកឥតប្រយោជន៍​ដូច​ កឹម សុខា ឬ​ទៅ​ស្លាប់​ ដូច​ កែម ឡី ទេ ដូច​ដែល​ សម រង្ស៊ី ធ្លាប់​បញ្ជាក់​ជា​ច្រើន​ដងហើយ​ប្រាប់​​សារព័ត៌មាន​បរទេស​ផ្សាយ​​ជា​ខេមរៈភាសា។

យ៉ាង​ណា​មិញ មុន​ថ្ងៃ​៩វិច្ឆិកា ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៧វិច្ឆិកា​ សម រង្ស៊ី បាន​បញ្ចេញ​ក្រឡាសា​គេ​ចវេស​មិន​​​វិល​ចូល​ស្រុកវិញ​តាម​ការកំណត់​ពិតមែន​ ដោយ​យក​លេស​ថា ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ​អ៊ែរវេ ​មិន​ព្រម​ដឹក​រូប​លោកមក​កម្ពុជា​។ ទោះយ៉ាង​ណា លេស​​ដោះ​សារ​របស់​ សម រង្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើ​គោកស្តែងៗពេក។
គួរកត់សម្គាល់ថា៖ ទី១.សម រង្ស៊ី បានទៅដល់ព្រលានយន្តហោះ ហ្សាឌឺហ្គោល ម៉ោងជាង ១១ ព្រឹកថ្ងៃទី៧វិច្ឆិកា ខណៈយន្តហោះចេញដំណើរម៉ោង ១២ និង៣០ថ្ងៃត្រង់។ ជាធម្មតា ការធ្វើដំណើរលក្ខណៈអន្តរជាតិ គេត្រូវទៅដល់​ព្រលានយន្តយ៉ាងហោចណាស់ ២ម៉ោងមុនដែរ។ ទី២.សម រង្ស៊ី ទៅដល់ព្រលានយន្តហោះយឺតម៉ោង ហើយអត់ចូលទៅ Check-in ភ្លាមៗនោះទេ ក៏ប៉ុន្តែ សម រង្ស៊ី បែរជានៅជាមួយនឹងអ្នកហែរហម ៤-១០នាក់ ស្រែកឡូឡាពេញព្រលាន ហើយផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទៀត ដែលត្រូវចំណាយពេល​អស់ច្រើនគ្មានពេល Check-in។ ទី៣.ប្រសិនបើ សម រង្ស៊ី មានចេតនាចង់ជិះយន្តហោះពិតមែន គាត់​ត្រូវរូតរះទៅ Check-in ព្រោះទៅដល់ព្រលានយន្តហោះយឺត ហើយចំណាយពេលសម្ភាសន៍អស់ជិតកន្លះម៉ោងទៀត។ លោក សម រង្ស៊ី ត្រូវតម្រង់ជួរចូល Check-in និងថតសកម្មភាពឲ្យមើលឃើញថា អ្នកបម្រើការនៅព្រលានយន្តហោះមិនព្រម Check-in ឲ្យចូល ទើបជាការត្រឹមត្រូវ។ ក៏ប៉ុន្តែ គាត់រង់ចាំរហូតដល់គេ Check-in ចប់​ហើយបិទ ទើបគាត់ទៅថតនៅកន្លែងនោះ ហើយចេញមកវិញថា គេមិនអនុញ្ញាតឲ្យចូលទៅវិញ។ ដោយឡែក បើយើងមើលទៅលើសំបុត្រយន្តហោះវិញ គឺលោក សម រង្ស៊ី កក់សំបុត្រយន្តហោះនៅថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ទើបគាត់សម្រេចចិត្តទិញជាផ្លូវការ ហើយថ្ងៃចេញដំណើរ គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់។ ក៏ប៉ុន្តែ សម រង្ស៊ី បែរជានាំគ្នាមកព្រលានយន្តហោះ ថាមក Check-in និងឡើយជិះមកប្រទេសថៃនៅថ្ងៃទី៧វិច្ឆិកាទៅវិញ​ ក្នុងពេលដែលសំបុត្រយន្តហោះគាត់ចុះថ្ងៃទី៩វិច្ឆិកា? តើនរណាគេឲ្យគាត់ជិះនោះ? ដូច្នេះសន្តិសុខ​ព្រលាន​យន្ត​ហោះ​ដេញ​ សម រង្ស៊ី ចេញ​ពី​ព្រលាន​គឺ​ជា​រឿង​សាមញ្ញ​បំផុត ផ្ទុយ​ទៅ​វិញ​ សម រង្ស៊ី គួរ​អរគុណ​ដល់​ក្រុមហ៊ុនអាកាសចរណ៍​ថៃអ៊ែរ​វេ ដែល​គ្រាន់​តែ​បណ្តេញ​ចេញ ហើយ​មិន​បាន​ប្តឹង​ពី​បទ​រំខាន​ការ​ងារ​របស់​គេ​នោះ។

សរុប​មក​វិញ សម រង្ស៊ី បាន​សម្រេច​តាមឆាកល្ខោន​របស់​ខ្លួន​ក្នុង​ការ​មិន​វិល​ចូល​ស្រុក​វិញ​ ដោយ​យក​លេស​ថា ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ​អ៊ែរវេ មិន​ព្រម​ដឹក។ សម រង្ស៊ី សប្បាយ​ចិត្ត​មែនទែន​នៅពេល​ដែល​លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា​ នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ថា មិន​អនុ​ញ្ញា​ត​ឲ្យ​ខ្លួន​ឆ្លង​ចូល​ទឹក​ដី​ថៃ ដែល​វា​ជា​លេស​មួយ​ដ៏សមស្របបំផុត​ប្រាប់​ទៅ​សកម្មជន​ និង​អ្នក​គាំទ្រ​ខ្លួន​ថា មិន​អាច​វិល​ចូល​ប្រទេស​វិញ​បាន​ដោយសារ​ថា ថៃ​ជា​ច្រក​តែមួយ​គត់​ត្រូវ​បាន​បិទ ដូច្នេះ​មិនមែន​ជា​កំហុស​គាត់​ទេ តែ​មក​ពី​អាកាសចរណ៍ថៃ​អ៊ែរ​វេ​មិន​ព្រម​ដឹក​រូប​គាត់។

ទោះ​យ៉ាង​នេះ​ក្តី គេ​បាន​ទស្សន៍ទាយ​ហើយ​ថា សម រង្ស៊ី យ៉ាងហោច​ណាស់​មក​ត្រឹម​ប្រទេស​ថៃ​ប៉ុណ្ណោះ ហើយ​ក៏ត្រឡប់​ទៅ​ស្រុក​បារាំង​វិញ ដោយ​សារ​ថា ថៃ​មិន​អនុញ្ញាត​ឲ្យ​រូប​គាត់ និង​មនុស្ស ​៨នាក់​ទៀត ​ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ ចូល​ប្រទេសថៃ។ ករណី​ជាក់​ស្តែង​យាយ មូរ សុខហួរ ត្រូវបាន​អាជ្ញាធរ​ថៃ​ដេញ​ចេញភ្លាម​ៗក្រោយ​ចូល​ទឹក​ដី​ថៃ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង។ ក៏​ប៉ុន្តែ​អ្វី​ដែល​ សម រង្ស៊ី និង​គូកន ចង់​បាន​បំផុត​នោះ គឺ​ការ​រុញច្រាន​​អ្នក​គាំទ្រ និង​សកម្ម​ជន​របស់​ខ្លួន​ឲ្យទៅ​ប៉ះទង្គិច​ជាមួយ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ ដែលជាអ្នក​​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។ រូប​ភាព​នៃការ​ប៉ះទង្គិច មាន​របួស ឬ​ស្លាប់​បាត់​បង់​ជីវិតដោយ​ប្រការណា​មួយ​​របស់​អ្នកគាំទ្រ និងសកម្ម​ជនបក្ស​ប្រឆាំង គឺ​ជា​ឱកាស​មាសរបស់​ សម រង្ស៊ី និង​គូកន ដើម្បី​ដាក់​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល តាម​រយៈការដើរ​អង្វ​របរទេស​ដាក់​គំនាប​លើ​រាជរដ្ឋាភិបាល​ ឬ​ពឹង​ឲ្យ​បរទេស​លូក​ដៃ​ចូល​កកូរកកាយ​កិច្ច​ការផ្ទៃក្នុង​កម្ពុជា។ យ៉ាង​ណាក៏ដោយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ហើយ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ជន​ណាក់ម្នាក់ ឬក្រុមណា​មួយ​ មក​បំផ្លាញសុខ​សន្តិភាព​ដែល​កម្ពុជា​រក​បាន​ដោយ​លំបាក​បំផុត​ក្នុង​រយៈពេល ៥០០ឆ្នាំ​ចុងក្រោយ​នេះបានឡើយ។ ​​រាជរដ្ឋាភិបាល​នឹង​ចាត់​វិធានការណ៍ផ្លូវ​ច្បាប់​​ដ៏​តឹងរ៉ឹង​ម៉ឺតម៉ាត់បំផុត​ចំពោះ​ក្រុមជនក្បត់​ជាតិ​ទាំង​អស់​នោះ​ដោយ​គ្មាន​ការ​យោគយល់​ ដើម្បី​ការ​ពារ​សុខ សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍជូន​ជាតិ​មាតុភូមិកម្ពុជា៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង