ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទណ្ឌិត សម រង្ស៉ី កុំឲ្យចូលមកកម្ពុជាតាមព្រំដែន ក្រែងមានគ្រោះថ្នាក់ដល់ជីវិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទណ្ឌិត សម រង្ស៉ី កុំឲ្យចូលមកកម្ពុជាតាមព្រំដែន ក្រែងមានគ្រោះថ្នាក់ដល់ជីវិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទណ្ឌិត សម រង្ស៉ី កុំឲ្យចូលមកកម្ពុជាតាមព្រំដែន ក្រែងមានគ្រោះថ្នាក់ដល់ជីវិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ទៅទណ្ឌិត សម រង្ស៉ី ដែលជាមេចលនាសង្គ្រោះជាតិក្រៅប្រទេសថា កុំឲ្យទណ្ឌិតរូបនេះចូលមកប្រទេសកម្ពុជា តាមព្រំដែនឲ្យសោះ ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិតក៏ថាបាន។

ថ្លែងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បុរសខ្លាំងកម្ពុជា បានអះអាងថា នៅតាមព្រំដែនគេដាក់សុទ្ធតែកាំភ្លើងយន្ត ហើសម្រាប់អ្នកដែលជាប់ទោសដូចទណ្ឌិត សម រង្ស៉ី បើចូលស្រុកច្បាស់ជាល្អមើលហើយ គឺនឹងជួបរឿងធំមិនខានឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «(ទណ្ឌិត សម រង្ស៉ី) សុទ្ធតែអួតថា ឲ្យតែមកដឹងតែមានអង្គការសហប្រជាជាតិមកជាមួយ បរទេសមកជាមួយ។ អើអាអ្នកជាប់ខ្នោះ មានសាលដីកាតុលាការនេះ បើមកតាមទល់ដែន អាហ្នឹងល្អមើលតើ ខ្ញុំអត់ដឹងទេតាមទល់ដែន ឯងត្រូវដឹងថាទល់ដែនគេធ្វើម៉េច គេដាក់ត្រង់សេ ហើយគេមានកាំភ្លើងយន្តនៅហ្នឹងនោះ គ្រាន់តែបច្ចុប្បន្នគេប្រើប្រាស់មីប្រឆាំងមនុស្សតែប៉ុណ្ណឹងទេ ប៉ុន្តែឯងត្រូវដឹងថា មកតាមទល់ដែនគឺរឿងធំហើយ»។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា បើទណ្ឌិត សម រង្ស៉ី ចូលមកកម្ពុជាក៏មិនដឹងថាចូលមកតាមច្រកព្រំដែន នៃប្រទេសណានោះទេ ព្រោះទណ្ឌិតរូបនេះ មិនត្រូវគ្នាជាមួយវៀតណាម និងឡាវជាដើម។ លោកថា បើមេចលនាសង្រោះជាតិខុសច្បាប់ក្រៅប្រទេសដូច សម រង្ស៉ី ចូលកម្ពុជាតាមព្រំដែនថៃនោះ រឹតតែមិនអាចឡើយ ព្រោះថៃគេនឹងមិនអនុញ្ញាតឲ្យជនក្បត់ជាតិនៃប្រទេសផ្សេង ប្រើប្រាស់ទឹកដីគេដើម្បីឲ្យជននោះធ្វើរឿងខុសច្បាប់ឡើយ។

លោកបន្តថា «មកតាមទល់ដែនហ្នឹង មកតាមទល់ដែនណា? ខាងវៀតណាមអត់ត្រូវជាមួយគេ ឡាវមិនត្រូវជាមួយគេ ថៃស្មានតែគេល្ងង់ឲ្យអ្នកឯងមកធ្វើអញ្ចឹង នៅក្នុងពេលដែលប្រទេសទាំងពីរ (មានកិច្ចសហប្រតិបត្តិការជាមួយគ្នា) គេមិនអនុញ្ញាតឲ្យប្រទេសណាមួយ កម្លាំងណាមួយប្រើប្រាស់ទឹកដីខ្លួនប្រឆាំង (នឹងប្រទេសមួយទៀត)។ អញ្ចឹងកុំសង្ឃឹម ដេកទៅ»។

កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី បានចេញបញ្ជាឱ្យបង្កើតគណៈកម្មការចំពោះកិច្ច ហើយអំពាវនាវឱ្យសកម្មជន ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ចូលរួមជាមួយខ្លួន ដើម្បីដណ្តើមអំណាចពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោត។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ តាមដាននូវសកម្មភាពក្រុមប្រឆាំងមួយចំនួន ដែលពាក់ព័ន្ធនឹងករណីនេះនៅក្នុងប្រទេស និងបានរកឃើញនូវជនធ្វើសកម្មភាពនេះមួយចំនួនផងដែរ។

លើសពីនេះទៅទៀត ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិត PPIU ព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តព្រមានទៅក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ឲ្យប្រញ៉ាប់រំលាយ និងផ្អាកសកម្មភាព ក្នុងការបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីចាំទទួលទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ លោកបានជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ សូមជួយសម្រួលដល់សកម្មភាពនានា របស់អ្នកដែលមានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងការជួបជុំអ្នកគាំទ្រពួកគេផងដែរ។

លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «នេះខ្ញុំគ្រាន់តែបញ្ជាក់ជូនមន្ត្រីតាមខេត្ត តាមឃុំ នៅពេលណាអ្នកបានសិទ្ធិធ្វើនយោបាយហើយ គេត្រូវតែមានសិទ្ធិដើម្បីការជួបជុំអ្នកគាំទ្ររបស់ពួកគេ ឬយើងគាំពារផ្នែកសន្តិសុខឲ្យពួកគេ ប៉ុន្តែសម្រាប់អ្នកដែលពុំទាន់បានទទួលសិទ្ធិទេកុំធ្វើសកម្មភាព ហើយកុំលួចលាក់ និងកុំចាត់តាំងកម្លាំង ខ្ញុំនៅតែនិយាយដដែលថា អ្នកឯងត្រៀមចាត់តាំងកម្លាំងដើម្បីធ្វើអ្វី? គណៈកម្មការចំពោះកិច្ចគ្រប់ទីកន្លែងទាំងអស់ត្រូវតែប្រញ៉ាប់ បើមិនអញ្ចឹងប្រយ័ត្ន សុំព្រមានឲ្យច្បាស់ គណៈកម្មការចំពោះកិច្ច ជ្រើសរើស១ឃុំ ៥នាក់ ដើម្បីត្រៀមទទួលអាចង្រៃណានោះ»។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់កម្ពុជា ធ្លាប់បានប្រកាសចូលប្រទេសជាច្រើនលើកមកហើយ ប៉ុន្តែទណ្ឌិត សម រង្ស៉ី បានត្រឹមតែសន្យាខ្យល់ ដើម្បីបោកប្រាស់អ្នកគាំទ្ររបស់ខ្លួន ក្នុងការរ៉ៃអង្គាសយកប្រាក់តែប៉ុណ្ណោះ។ ជាងនេះទៅទៀត មេចលនាសង្រ្គោះជាតិខុសច្បាប់រូបនេះ ធ្លាប់បានប្រកាសភ្នាល់នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងចូលប្រទេសឲ្យបាននៅក្នុងឆ្នាំ ២០១៩នេះ ដើម្បីចាប់ខ្លួលោកច ហើយបានរ៉ៃអង្គាសប្រាក់ពីអ្នកគាំទ្រខ្លួន ចំនួន ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើជាសោហ៊ុយក្នុងការធ្វើដំណើរចូលប្រទេសវិញ ប៉ុន្តែទណ្ឌិតរូបនេះនៅតែមិនបានធ្វើតាមការសន្យាដដែល ៕

អត្ថបទទាក់ទង