ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក បញ្ជាក់ថា អាកាសធាតុក្នុងថ្ងៃបុណ្យឯករាជ្យ និងព្រះរាជពិធីបុណ្យអុំទូក នឹងមានផ្ទៃមេឃស្រឡះល្អ ហើយមិនមានភ្លៀងធ្លាក់ទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
ក្រសួងធនធានទឹក បញ្ជាក់ថា អាកាសធាតុក្នុងថ្ងៃបុណ្យឯករាជ្យ និងព្រះរាជពិធីបុណ្យអុំទូក នឹងមានផ្ទៃមេឃស្រឡះល្អ ហើយមិនមានភ្លៀងធ្លាក់ទេ ក្រសួងធនធានទឹក បញ្ជាក់ថា អាកាសធាតុក្នុងថ្ងៃបុណ្យឯករាជ្យ និងព្រះរាជពិធីបុណ្យអុំទូក នឹងមានផ្ទៃមេឃស្រឡះល្អ ហើយមិនមានភ្លៀងធ្លាក់ទេ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់អំពីស្ថានភាពអាកាសធាតុ ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយផ្ទៃមេឃមានសភាពស្រឡះល្អ មិនមានភ្លៀងធ្លាក់នោះឡើយ។

បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្នបាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ក្បែរប្រទេសវៀតណាម។ ព្យុះនេះ នឹងធ្វើដំណើរចូលប្រទេសវៀតណាម នៅវេលាម៉ោងប្រមាណ១០យប់ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា នៅចំណុចក្បែរខេត្តញ៉ាត្រាង។

តាមការព្យាករ ព្យុះនេះ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ (TD) រួចទៅជាសម្ពាធទាប (Low) នៅពេលធ្វើដំណើរចូលមកដល់កម្ពុជាវេលាម៉ោងប្រមាណ១រសៀល នាថ្ងៃទី១១ ខែវិច្ឆិកា នៅតំបន់កន្ទុយនាគ ខ្ពង់រាបភាគឦសានកម្ពុជា ដែលធ្វើឲ្យមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនបង្គួរ។ ជាទូទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស កម្រិតទឹកភ្លៀង នឹងចុះខ្សោយលើកលែងបណ្តាខេត្តនៅតំបន់ខ្ពង់រាបតែប៉ុណ្ណោះ។

ដោយឡែក តាមការព្យាករចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាឱកាស នៃពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ អាកាសធាតុមានស្ថានភាព ដូចខាងក្រោម៖

  • ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា២៤អង្សាសេ សីតុណ្ហភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿនពី២-៤m/s។
  • ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៣អង្សាសេ សីតុណ្ហភាពអតិបរមា ៣១អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២-៤m/s។
  • ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២២អង្សាសេ សីតុណ្ហភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣m/s។
  • ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២១អង្សាសេ សីតុណ្ហភាពអតិបរមា ២៧អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣m/s៕

អត្ថបទទាក់ទង