ធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥របស់រាជរដ្ឋាភិបាល
ធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរួមមានមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា។ ស្របតាមទិសដៅនេះ ការធានាបាននូវសន្តិសុខនៃធនធានទឹក និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព ត្រូវបានកំណត់ជាអាទិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្មដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
ស្ថានភាពដែលតម្រូវការប្រើប្រាស់ទឹកមានការកើនឡើងនេះ ទាមទារឲ្យមានការគិតគូរទៅលើប្រសិទ្ធភាពនៃការវិនិយោគ និងរក្សាតុល្យភាពនៃការបែងចែកធនធានទឹក សំដៅធានាបាននូវការផ្គត់ផ្គង់ទឹកក្នុងកម្រិតសុភបរមាដែលមានលក្ខណៈប្រទាក់ក្រឡាទៅដល់គ្រប់តួអង្គក្នុងសង្គម-សេដ្ឋកិច្ច។
នៅក្នុងកិច្ចប្រជុំនោះ បានសម្រេចជាវិធានការដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងទឹកដោយបានកំណត់ការដោះស្រាយជា៣ដំណាក់កាលដូចខាងក្រោម៖
១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះតាមរយៈការផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់
២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល១ ទៅ២ឆ្នាំ ដោយផ្ដោតនៅការវាយតម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឲ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម និង
៣. វិធានការរយៈពេលមធ្យមនិងវែង៖ ដោយផ្ដោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្តយកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ៕