ខ្មែរប៉ុស្ដិ៍ Close

បទអត្ថាធិប្បាយ៖ តើលោក រីឆាត រ៉យជើស៍ (Richard Rogers ) ពិតជាស្រឡាញ់ខ្មែរជាងជាតិខ្មែរឬ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 787
បទអត្ថាធិប្បាយ៖ តើលោក រីឆាត រ៉យជើស៍ (Richard Rogers ) ពិតជាស្រឡាញ់ខ្មែរជាងជាតិខ្មែរឬ?បទអត្ថាធិប្បាយ៖ តើលោក រីឆាត រ៉យជើស៍ (Richard Rogers ) ពិតជាស្រឡាញ់ខ្មែរជាងជាតិខ្មែរឬ?

នៅក្នុងបទសម្ភាសន៍របស់ខ្លួនជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនេះលោក រីឆាត រ៉យជើស៍ ដែលជាមេធាវីអន្តរជាតិម្នាក់ តែងបានលើកឡើងពីការចង់ប្តឹងរបស់គាត់ចំពោះថ្នាក់ដឹកនាំប្រទេសកម្ពុជាទៅតុលាការអន្តរជាតិ (ICC) ជារឿយៗ។ បើទោះបីជាលោក រីឆាត រ៉យជើស៍ មិនបានប្រកាសថាគាត់ជាមេធាវីស៊ីឈ្នួលឱ្យក្រុមឧទ្ទាមក្រៅច្បាប់នៅកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋទូទៅ និងរូបខ្ញុំផ្ទាល់បានមើលឃើញយ៉ាងច្បាស់ថា គាត់គឺជាមេធាវីជើងកាងឱ្យក្រុមឧទ្ទាមក្រៅច្បាប់នៅកម្ពុជាយ៉ាងពិតប្រាកដ។ ក្រុមឧទ្ទាម ដែលតែងតែប្រព្រឹត្តិបទល្មើសនៅកម្ពុជាហើយរត់គេចពីសំណាញ់ច្បាប់ចេញទៅក្រៅប្រទេស និងកំពុងត្រូវបានតុលាការស្វែងរកចាប់ខ្លួននោះ បែរជាលោកមេធាវី រីឆាត រ៉យជើស៍ ហៅពួកទាំងនោះថាជាតំណាងរាស្រ្តទៅវិញ តើលោកពិតជាអ្នកចេះដឹងខាងច្បាប់ពិតមែន ឬក៏គ្រាន់តែបានឮគេនិយាយអួតថាមានតួនាទីនេះ ឬតួនាទីនោះក៏ជឿ និងមិនបានសិក្សាពីទង្វើរំលោភច្បាប់របស់ក្រុមឧទ្ទាមទាំងនោះទេឬយ៉ាងណា?

ពិតមែនតែការប្រកាសរបស់មេឧទ្ទាមក្រៅច្បាប់ថាសកម្មភាពរបស់ពួកគេ គឺជាសកម្មភាពអហិង្សា ប៉ុន្តែ ទង្វើជាក់ស្តែងរបស់ពួកគេគឺផ្ទុយស្រឡះ ហើយជាទង្វើដែលនឹងនាំឱ្យមានអំពើហិង្សាយ៉ាងពិតប្រាកដ។ អ្វីដែលជាសារញុះញង់ឱ្យមានហិង្សានោះ គឺមេឧទ្ទាមក្រៅច្បាប់បានប្រកាសជាចំហថានឹងប្រមូលកម្លាំងមកចាប់នាយករដ្ឋមន្ត្រីជាប់ឆ្នោតក្នុងតំណែង ដែលកំពុងគ្រប់គ្រងប្រទេស គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅក្នុងដៃ ហើយដែលមានតួនាទីជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម ដូចនេះ ទោះបីជាក្នុងតម្លៃណាក៏ដោយ ក៏រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការដោយមិនអាចលើកលែងឡើយ។

លោក រីឆាត រ៉យជើស៍ ត្រូវយល់ថា អំពើញុះញង់ឱ្យប្រជាពលរដ្ឋងើបបះបោរ បំបែកបំបាក់ជាតិ បំបែកបំបាក់កងទ័ព ទិញទឹកចិត្តកងទ័ព ឱ្យកងទ័ពបែរចុងកាណុងប្រឆាំងនិងរដ្ឋាភិបាល របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមាន សម រង្ស៊ី ជាមេក្លោង គឺពិតជាមិនមែនជាសិទ្ធិ និងជាសេរីភាពនៃការបញ្ចេញមតិ ឬជាការបញ្ជាក់អំពីការអនុវត្តសិទ្ធិមនុស្សនោះទេ ប៉ុន្តែវាគឺជាការប្រកាសធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដែលមានការគាំទ្រពីប្រជាពលរដ្ឋរហូតដល់ជាង ៨៣%។ ដូច្នេះអំពើនេះ គឺជាអំពើដ៏ខុសច្បាប់ដែលមិនអាចអត់ឱនឱ្យបានឡើយ។

លោក រីឆាត រ៉យជើស៍ ក៏ត្រូវដឹងដែរថា នៅកម្ពុជា ការផ្លាស់ប្តូរមេដឹកនាំប្រទេសគឺត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតនៅរៀងរាល់៥ឆ្នាំម្តង ហើយត្រូវប្រកួតប្រជែងគ្នាលើទីលានប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែមិនមែនជាការផ្លាស់ប្តូរមេដឹកនាំ ដូចផែនការដែលក្រុមឧទ្ទាមក្បត់ជាតិកំពុងអនុវត្តនាពេលនេះទេ។ ការកៀងគរកម្លាំងប្រជាពលរដ្ឋមកផ្តួលរំលំ ដើម្បីដណ្តើមអំណាច គឺជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងជាការតវ៉ាទាមទារដែលមិនសមស្របតាមគោលការណ៍ប្រជាធិបតេយ្យណោះឡើយ។ ដូច្នេះ ទង្វើរបស់សកម្មជនមួយក្តាប់តូចដែលចូលរួមក្នុងសកម្មភាពជាមួយពួកឧក្រិដ្ឋជនដែលជាមេចលនាឧទ្ទាម គឺពិតជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមចំពោះវិធានការច្បាប់ បើក្រុមមួយក្តាប់តូចនោះនៅតែរឹងទទឹង។

ចំពោះសម្តីរបស់លោក រីឆាត រ៉យជើស៍ ដែលគម្រាមចង់ចោទប្រកាន់មន្ត្រីរាជរដ្ឋាភិបាល និងប្រមុខរាជរដ្ឋាភិបាលថានឹងជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះ គឺហាក់បីដូចជាមេធាវីរូបនេះមិនយល់អំពីនីតិវិធីនៃចំណាត់ការផ្លូវច្បាប់អ្វីទាំងអស់។ គាត់ត្រូវយល់ថា ការអនុវត្តច្បាប់គឺគេអនុវត្តចំពោះតែមេក្លោងនៃក្រុមឧទ្ទាម និងក្រុមរួមគំនិតក្បត់ដែលចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលមួយចំនួនតូចប៉ុណ្ណោះ ដោយសារតែក្រុមភាគតិចនេះបានដើរផុតបន្ទាត់ក្រហមនៃគន្លងប្រជាធិបតេយ្យ ហើយដែលជាវិធានការសមស្របដើម្បីរក្សាសណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះ មិនមែនជាការបាញ់សម្លាប់ប្រជាពលរដ្ឋ ដែលគោរពច្បាប់ដូចការគិតរបស់មេធាវីជើងកាងឱ្យក្រុមឧទ្ទាមក្រៅច្បាប់លើកឡើងនោះឡើយ។ លោកមេធាវី រីឆាត រ៉យជើស៍ មិនមែនជាជនជាតិខ្មែរដែលស្រឡាញ់ប្រជាជនខ្មែរ ជាងខ្មែរនោះទេ។

ក្នុងនាមរូបខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំស្នើសុំលោកមេធាវី រីឆាត រ៉យជើស៍ គួរតែយកពេលវេលារបស់ខ្លួនគិតគូរពីរឿងក្តីរបស់ប្រជាជននៅប្រទេសអង់គ្លេសរបស់លោកវិញ វាប្រសើរជាងការបញ្ចេញយោបល់របស់លោកមកបង្គាប់បញ្ជា ឬគម្រាមកំហែងថ្នាក់ដឹកនាំប្រទេស និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពីព្រោះប្រទេសកម្ពុជាគឺជារដ្ឋឯករាជ្យអធិបតេយ្យមួយ ដែលមិនអនុញ្ញាត្តិឱ្យបរទេសណាមកហួងហែង និងកកូរកកាយចូលកិច្ចការផ្ទៃក្នុងបាននោះទេ។

សរុបមក ក្នុងនាមជាកូនខ្មែរ យើងខ្ញុំរីករាយចំពោះបំណងរបស់ជនបរទេសទាំងអស់ដែលបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប៉ុន្តែខ្ញុំក៏មិនចង់ឃើញជនបរទេសរបៀបលោកមេធាវី រីឆាត រ៉យជើស៍ ដែលលោកតែងតែវាយប្រហារ និងចង់នាំជាតិកម្ពុជាឱ្យមានជម្លោះដើម្បីបំផ្លាញសុខសន្តិភាព និងភាពរស់នៅសុខសាន្តរបស់ប្រជាជនកម្ពុជាដែលកំពុងទទួលបានដូចពេលនេះដែរ។ ក្នុងស្មារតីនេះ ក្នុងនាមជាពលរដ្ឋខ្មែរ ខ្ញុំក៏ស្នើសុំលោក រីឆាត រ៉យជើស៍ កុំបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងសូមគោរពនូវអធិបតេយ្យរបស់កម្ពុជា ដើម្បីឱ្យប្រជាជនកម្ពុជាភាគច្រើនលើសលុបអាចបន្តកសាងជាតិ និងការពង្រឹងថែមទៀតនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ ឱ្យបានកាន់តែខ្លាំងជាងមុនដូចប្រទេសរបស់លោកផងទៅចុះ៕

ដោយ៖ ពង្ស សុក្រឹត្យ

អត្ថបទទាក់ទង