អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យបងប្អូនខ្មែររួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងកុំចាញ់បោកឧបាយកលញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានអាន់នូរីកម្ពុជា ក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច មានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ និងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងសាសនាឥស្លាមជូនសិស្សជ័យលាភីចំនួន ៤៩នាក់ និងប័ណ្ណសរសើរជូនសិស្សពូកែចំនួន២៦នាក់ ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង Sheikh Abdulaziz All Almohamad តំណាងសប្បុរសជននៃប្រទេសកាតា ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្រុក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សសរុបប្រមាណ ១៤០០នាក់។
បន្ទាប់ពីរបាយការណ៍ស្ដីពីសមិទ្ធផលការងារកន្លងមករបស់វិទ្យាស្ថាន ដោយលោក ស៊ើក ទាំ នាយកវិទ្យាស្ថាន និងអានសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ដោយលោក គិត មីនារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរួចមក លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនក្មួយៗសិស្សានុសិស្សទទួលបានលទ្ធផលល្អប្រសើរ។
លោក អភិបាលខេត្ត ក៏បានសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះសប្បុរសជនទាំងអស់ ជាពិសេស សប្បុរសជននៃបណ្ដាប្រទេសនៅអារ៉ាប់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់វិទ្យាស្ថានជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ លោក អភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យសកម្មខ្លាំងក្លាថែមទៀតនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព ចៀសវាងចាញ់បោកឧបាយកលញុះញង់ ពិសពុលរបស់មជ្ឈដ្ឋានមួយចំនួន ដែលអូសទាញឲ្យបងប្អូនប្រព្រឹត្តអំពើណាមួយដែលផ្ទុយពីច្បាប់ បង្កភាពវឹកវរដល់សង្គមជាតិ។
នៅទីបញ្ចប់ លោក អភិបាលខេត្ត បានបំពាក់នូវគ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់មហាសេនា ជូន Sheikh Abdulaziz All Almohamad តំណាងសប្បុរសជននៅប្រទេសកាតា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការនៃវិទ្យាស្ថាន និងបានកសាងនូវសមិទ្ធផលនានាក្នុងវិទ្យាស្ថាន សម្រាប់បម្រើដល់វិស័យអប់រំនៅកម្ពុជា៕