ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត៖ ខ្មែរខ្លាំងមិនអាស្រ័យលើក្រុមហ៊ុនបរទេសខ្លាំងទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
លោក ហ៊ុន ម៉ាណែត៖ ខ្មែរខ្លាំងមិនអាស្រ័យលើក្រុមហ៊ុនបរទេសខ្លាំងទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង លោក ហ៊ុន ម៉ាណែត៖ ខ្មែរខ្លាំងមិនអាស្រ័យលើក្រុមហ៊ុនបរទេសខ្លាំងទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង

លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជារីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស ខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។

ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី រាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ដែលរៀបចំឡើងនៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។ កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ក៏មានការចូលរួមពីលោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល, លោក អោម សេងបូរ៉ា ស្ថាបនិក CEO master club និងវិទ្យាស្ថានស៊ីអ៊ីអូ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «វិស័យឯកជនខ្មែរខ្លាំងជាកត្តាមួយ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិត ព្រោះថា ក្រុមហ៊ុនខ្មែរមិនលើកក្រុមហ៊ុនទៅណាទេ ព្រោះជាប្រទេស របស់យើងផ្ទុយពី ការវិនិយោគរបស់បរទេសគេអាចលើកទៅប្រទេសផ្សេង ប៉ុន្តែកម្ពុជាទោះបីមានលទ្ធភាពពង្រីកទៅប្រទេសផ្សេង ក៏មិនចោលមូលដ្ឋានប្រទេសកំណើតដែរ ព្រោះគ្រប់វិស័យខ្មែរត្រូវតែរឹងមាំម្ចាស់ការលើខ្លួនឯង»។

លោកបានថ្លែងបន្ដថា ប្រទេសជាតិយើងរីកចម្រើនបានដោយសារប្រទេសមានប្រជាជនខ្លាំង មានប្រជាជនដែលមានចំណេះដឹង សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ និងការថែរក្សាសុខសន្តិភាព ស្ថេរភាព និងការលើកស្ទួយសេដ្ឋកិច្ច ក្នុងនោះវិស័យឯកជនមានសារៈសំខាន់សំខាន់ ជាមួយនិងវិស័យរដ្ឋ និងវិស័យផ្សេងៗទៀត ក្នុងក្របខណ្ឌទីផ្សារសេរី ដែលរាជរដ្ឋាភិបាលមានតួនាទីជំរុញ ឲ្យវិស័យឯកជនខ្លាំង តាមរយៈការពង្រឹងផ្នែកច្បាប់ និងការដោះស្រាយវិវាទផ្សេងៗ លើកទឹកចិត្ត និងមានប្រព័ន្ធការងារ ដើម្បីឲ្យវិស័យឯកជនរីកចម្រើន។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ការវាស់ស្ទង់នៃការរីកចម្រើនរបស់ក្រុមហ៊ុននីមួយៗ គឺមិនខុសពីប្រទេសជាតិនោះទេ យើងមើលចំណុចពីរទី១ កំណើនដែលផ្ដោតលើតួលេខ និងលទ្ធផល និងទី២ កម្រិតនៃការអភិវឌ្ឍដែលផ្តោតលើកត្តាពីរសំខាន់គឺ កត្តាមនុស្ស និងកត្តារបៀបរបបការងារ ដែលជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពចីរភាព នៃការរីកចម្រើនរបស់ក្រុមហ៊ុន របស់វិស័យឯកជន និងរបស់ប្រទេសជាតិ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានសុខភាព សមត្ថភាព ចំណេះដឹង និងការទទួលខុសត្រូវ និងប្រធានក្រុមហ៊ុនដែលមានសមត្ថភាព និងសីលវិធីក្នុងការដឹកនាំ ដែលធ្វើឲ្យក្រុមហ៊ុនជោគជ័យ និងរួមគ្នាដើម្បីឲ្យវិស័យឯកជនជោគជ័យ វិស័យឯកជនជោគជ័យធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងជោគជ័យ។ នេះគឺជាមូលដ្ឋានសំខាន់ និងជាការចូលរួមចំណែករបស់ CEO Master Club និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងអស់។

លោកបានឲ្យដឹងថា ជាការពិតប្រទេសអភិវឌ្ឍនៅលើសកលលោក ដែលមានការរីកចម្រើនខ្លាំង ផ្នែកសេដ្ឋកិច្ចគឺប្រទេសទាំងនោះសម្បូរ ដោយសហគ្រិនមានសមត្ថភាពពូកែ អាចដឹកនាំគ្រប់គ្រង ចាត់ចែងអាជីវកម្មរបស់ពួកគេ ជាលក្ខណៈស្តង់ដារជាតិ និងអាចស្រូបយកប្រាក់ចំណេញពី គ្រប់ទិសទីនៅក្នុងពិភពលោកចូលក្នុងប្រទេសរបស់ពួកគេ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិមានភាពរឹងមាំ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ចំពោះ តួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែក ការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឲ្យមានភាពរឹងមាំរីកចម្រើន និងសូមឯកភាពទស្សនៈ របស់លោក អោម សេងបូរ៉ា ក្នុងអត្ថន័យថាសហគ្រិនជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ»។

លោកបានបន្ដថា «រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពរបស់វិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វល់ធំៗ លើវិស័យឯកជនក៏ដូចជាជំរុញ សក្តានុពល ចីរភាពនៃកំណើន និងភាពរឹងមាំនៃដំណើរការពេលវែងខាងមុខរបស់កម្ពុជា»។

លោកបណ្ឌិត សុក ស៊ីផាន់ណា បានថ្លែងឲ្យដឹងថា ក្នុងបរិបទនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះ ឃើញថាការវិត្តន៍របស់សហគ្រិន ក្នុងប្រទេសយើងនេះមានកំលាំងល្បឿន និងឥទ្ធិពលខ្លាំង។ នៅក្នុងតំបន់អាស៊ីជាតំបន់ដែលមានសុខសន្ដិភាព និងជាតំបន់មួយដែលមានសេដ្ឋកិច្ចខ្លាំង នេះជាកត្តាមួយដើម្បីផ្ដល់ឱកាសឲ្យអ្នកទាំងអស់ ដែលជាសហគ្រិនអាចមានឱកាស មានឥទ្ធិពល, មានចក្ខុវិស័យចេញទៅខាងមុខបន្ថែមទៀត។លោក អោម សេង បូរ៉ា បានថ្លែងថា បើយើងទាំងអស់គ្នាចង់ឲ្យកម្ពុជា ក្លាយជាប្រទេសអ្នកមានឆាប់រហ័ស ដាច់ខាតត្រូវតែជួយកសាងសមត្ថភាព និងជ្រោមជ្រែងសហគ្រិន នៅក្នុងស្រុកឲ្យមានភាពរឹងមាំ ព្រោះសហគ្រិនបានបង្កើតផលិតផលសេវាកម្ម ឆ្លើយតបតម្រូវការរបស់សង្គមជាតិ, សហគ្រិនបានបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានច្រើន, សហគ្រិនបានចូលរួមចំណែក កសាងគុណភាពធនធានមនុស្សច្រើន និងបានចូលរួមបង្កើនចំណូលពន្ធជូនរដ្ឋបានច្រើន ដែលទាំងនេះបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនឆាប់រហ័ស និងរឹងមាំ យូរអង្វែង។

សូមជម្រាបថា កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ជាព្រឹត្តិការណ៍ដែលរៀបចំឡើង ក្នុងគោលបំណង៖ លើកកម្ពស់សហគ្រិនភាពនៅកម្ពុជាឱ្យកាន់តែខ្លាំង ក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ច ក្នុងស្រុកឱ្យកាន់តែរឹងមាំ,ពង្រីកទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្ម ក្នុងចំណោមសហគ្រិនកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនង គាំទ្រជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង, លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសមាជិកគ្រួសារ CEO Master Club ដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពី លក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Master CEO Award, លើកទឹកចិត្ត និងលើកកេរ្តិ៍ឈ្មោះសហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានបង្ហាញពី លទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួន គួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបប ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពី លក្ខណៈគ្រួសារទៅស្តង់ដារ តាមរយៈការផ្តល់ជូន Outstanding CEO Award ៕

អត្ថបទទាក់ទង