ទស្សនៈមិត្តអ្នកអាន៖ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ គ្រាន់តែជាស្លោកបិទបាំងការបែកបាក់ផ្ទៃក្នុងបក្សប្រឆាំង
នៅទីបំផុតទៅ ការបែកបាក់ផ្ទៃក្នុងរបស់អតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញរូបរាងកាន់តែច្បាស់ហើយ រវាងក្រុម កឹម សុខា និយម ដែលប្រកាន់គោលការណ៍អហិង្សា និងក្រុម សម រង្ស៊ី និយម ដែលប្រកាន់គោលការណ៍ហិង្សា ញុះញង់ បង្កភាពវឹកវរ ចលាចលសង្គម ពោលគឺភាគីទាំងពីរមានជំហរនយោបាយផ្ទុយគ្នា ១៨០ដឺក្រេ។
ទោះជ្រកក្រោមតំបូលតែមួយ តែមនុស្សពីរក្រុមដែលបានមកពីការច្របាច់បញ្ចូលគ្នាដោយបង្ខំនេះ តែងខ្វែងគំនិតគ្នាជារៀងដរាបមក។ ត្បិតថា ពួកគេរួមគ្នាប្រឆាំងនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏ពិតមែន តែពួកគេមិនដែលភ្លេចទេ តែងឆ្លៀតឱកាសប៉ែងជើងគ្នាដណ្តើមយកមុខមាត់រៀងៗខ្លួន។
ដោយមិនរំលឹករឿងចាស់ៗនៃភាពមិនចុះសម្រុងគ្នារវាងក្រុម កឹម សុខា និយម និងក្រុម សម រង្ស៊ី និយមក្រោយការរួបរួមគ្នាដោយការចាប់បង្ខំកាលពីឆ្នាំ២០១២ នៅប្រទេសហ្វីលីពីន ខ្ញុំសូមលើកយកតែរឿងរ៉ាវដែលកើតឡើងក្នុងរយៈពេលចុងក្រោយនេះមកបង្ហាញ ដើម្បីឲ្យបងប្អូនយល់ឲ្យបានច្បាស់ពាក្យប្រជាភិថុតិកើតចេញពីក្រុម សម រង្ស៊ី និយម តែងពោល និងទន្ទេញឡើងសឹកបបេរមាត់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។ តើ សម រង្ស៊ី និង កឹម សុខា ដែលជាមនុស្សពីរនាក់ មានខួរក្បាលពីរ រូបរាងកាយផ្សេងគ្នា ជាសត្រូវស៊ូពូជនឹងគ្នា ពិតជាមនុស្សតែមួយមែនឬ? តាមពិតទៅ ទ្រឹស្តី សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ មិនស៊ីជាមួយនឹងភាពជាក់ស្តែងតាមផ្លូវរូបកាយ និងចេតនាអារម្មណ៍របស់បុគ្គលទាំងពីរទេ។
គេនៅចាំបានថា លោក សម រង្ស៊ី បានប្រព្រឹត្តិកំហុសដ៏ធំមួយក្នុងការលាលែងចេញពីប្រធានអតីតគណបក្សប្រឆាំង ហើយសូម្បីតែជាសមាជិកបក្សកំប៉ិកកំប៉ុកធម្មតាម្នាក់ក៏លោក សម រង្ស៊ី មិនទុកដែរ ដោយប្រគល់តំណែងជាប្រធានបក្សដែលជាសមិទ្ទផលនៃការខិតខំប្រឹងប្រែងពេញមួយជីវិតនយោបាយរបស់ខ្លួន យកទៅដាក់ជើងពានលើកដៃពីរជូនទៅអតីតគូបក្ខដិបក្សនឹងគ្នា នោះគឺ កឹម សុខា។ កឹម សុខា បានផ្តួល សម រង្ស៊ី យកតំណែងជាប្រធានបក្សដោយមិនចាំបាច់ខំប្រឹងបន្តិចទាល់តែសោះ។ បើនិយាយក្នុងរឿងធ្វើជំនួញវិញ គឺការជួញដូរមួយក្តារនេះរបស់ កឹម សុខា ចំណេញកប់ក្តោងតែម្តង ពីព្រោះថា មានដើមទុនតែ ៣កៅអី អាចក្តោបយកបាន ៥៥កៅអី ពោលគឺគ្រប់គ្រងក្រុម សម រង្ស៊ី ទាំងមូលស្របតាមលក្ខន្តិកៈបក្ស។
ដោយសារ សម រង្ស៊ី ជាមនុស្សអត្តនោម័តិ គ្មានយុទ្ធសាស្ត្រ និងទស្សនៈវិស័យវែងឆ្ងាយ គិតមួយពេលធ្វើមួយពេល គិតនឹកឃើញចង់ដណ្តើមបក្សមកគ្រប់គ្រងវិញ ក៏បានចាប់ផ្តើមប្រមែប្រមូលគ្នីគ្នាអ្នកគាំទ្រខ្លួនបង្កើតសន្និសីទមួយនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីផ្តល់តួនាទីដល់ខ្លួនជាប្រធានស្តីទីអតីតគណបក្សប្រឆាំង ដែលក្រុម កឹម សុខា ជំទាស់ដាច់អហង្ការ និងបានចាត់ទុកព្រឹត្តិការណ៍នោះថា ជាការធ្វើបក្សប្រហារដោយកំរោលបំផុត របស់ សម រង្ស៊ី និងបក្ខពួក។
ចាប់តាំងពីពេលនោះ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានាដែលផ្តួចផ្តើមដោយក្រុម សម រង្ស៊ី មិនត្រូវបានអើពើដឹងលឺ និងចូលរួមជាគំនិតយោបល់ពីខាងក្រុម កឹម សុខា ឡើយ។ មិនត្រឹមប៉ុណ្ណោះ ក្រុម កឹម សុខា តែងជំទាស់ និងបើកការវាយប្រហារចំៗទៅលើក្រុម សម រង្ស៊ី និយម ពិសេសលើ សម រង្ស៊ី ផ្ទាល់តែម្តង។ ជាក់ស្តែងផែនការចុងក្រោយបង្អស់ សម រង្ស៊ី និងគូកន គឺផែនការវិលចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយបានបំផុសបំផុលញុះញង់កម្លាំងមហាជន ទិញទឹកចិត្តកងទ័ពឲ្យផ្តាច់ខ្លួនបែរចុងកាណុងប្រឆាំងរាជរដ្ឋាភិបាល ប្រមាថព្រះមហាក្សត្រ និងបង្ខំឲ្យព្រះអង្គដាក់រាជ្យជាដើម ដែលជាអំពើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូររបប។ ដើម្បីអនុវត្តផែនការនេះ សម រង្ស៊ី បានរុញឲ្យសកម្មជនដែលនៅសេសសល់តិចតួចបំផុតក្នុងស្រុក ដើរបំផុសបំផុលញុះញង់ ប្រមូលកេណ្ឌប្រជាពលរដ្ឋ ឲ្យទទួលខ្លួននៅថ្ងៃទី៩វិច្ឆិកា ខាងមុខ ទោះដឹងថា ទង្វើនេះនឹងប្រឈមមុខវិធានការច្បាប់យ៉ាងណាក៏ដោយ។
ទង្វើបែបនេះ ត្រូវបាន កឹម សុខា បង្ហោះសារមួយតាមហ្វេសប៊ុកជាការព្រមានចំៗទះកំភ្លៀង សម រង្ស៊ី ដែលជាដៃគូក្លែងក្លាយរបស់ខ្លួន។ កឹម សុខា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ បានសរសេរឌឺដងទៅ សម រង្ស៊ី ថា ការដែលខ្លួនគាត់ហ៊ានជាប់គុកមិនរត់ចោលស្រុក គឺមិនមែនជាការឆោតល្ងង់ដូច សម រង្ស៊ី ថានោះឡើយ។ កឹម សុខា អះអាងថា «តួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ» ពីព្រោះចៅហ្វាយ ឬថៅកែ គឺជាអ្នកចាំទទួលផលពីការងាររបស់យើង (ដែលចង់សំដៅលើបុគ្គលិក កម្មករ)។ ប៉ុន្តែអ្នកដឹកនាំ គឺជាអ្នកដែលលះបង់មុនគេ និងច្រើនជាងគេដើម្បីជាគំរូដល់អ្នកគាំទ្រ។ ត្រង់ចំណុចនេះ កឹម សុខា ចង់ព្រមាន សម រង្ស៊ី ថា កំពុងធ្វើឬកដូចចៅហ្វាយ ឬថៅកែដែលចាំតែប្រមូលផលពីអ្នកគាំទ្រ ពោលគឺទៅដល់ទីណា សម រង្ស៊ី តែងតែឃោសនាបញ្ចុះបញ្ចូលឲ្យអ្នកគាំទ្របរិច្ចាគលុយកាក់ ដើម្បីគាំទ្រដល់សកម្មភាពនយោបាយរបស់ខ្លួន ហើយខ្លួនចាំតែទទួលផលពីអ្នកគាំទ្រទាំងនោះរហូត ជាពិសេសអ្នកគាំទ្រក្រៅស្រុកដែលម្នាក់ៗបានបរិច្ចាគមិនដឹងអស់លុយប៉ុន្មានទៅហើយនោះទេ។ ទីបំផុតលទ្ធផលស្មើសូន្យ។
កឹម សុខា បន្តទៀតថា «អ្នកដឹកនាំដែលមានគុណធម៌មិនដែលរុញច្រាន ឲ្យអ្នកគាំទ្រធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើនោះឡើយ»។ មានន័យថា សម រង្ស៊ី មិនសមជាអ្នកដឹកនាំអីបន្ទិចណាសោះ ពីព្រោះខ្លួនជាមនុស្សកំសាក មិនហ៊ានលះបង់ និងក៏មិនបានធ្វើជាគំរូដល់អ្នកគាំទ្រទាល់តែសោះ។ ផ្ទុយទៅវិញ សម រង្ស៊ី បែរជារុញច្រានឲ្យអ្នកគាំទ្រចេញមុខប្រឈមគ្រោះថ្នាក់ ដោយការប្រព្រឹត្តិអំពើខុសច្បាប់នានា តាមការស្រែកអំពាវនាវរបស់ខ្លួន តែ សម រង្ស៊ី ខ្លួនឯងវិញមិនហ៊ានធ្វើដូចពាក្យសម្តីរបស់ខ្លួនឡើយ ពោលគឺ សម រង្ស៊ី ចេះតែម៉្យាងគត់នោះ គឺការជំរុញអ្នកគាំទ្រឲ្យរងរបួស រឺស្លាប់ជំនួសខ្លួន ហើយចំណែកឯខ្លួនគាត់វិញក៏ចេះតែម៉្យាងគត់ដែរ គឺបើមានការអីមិនស្រួល រត់ចោលស្រុកភ្លាម ទៅសម្ងំសុខនៅស្រុកបារាំងធ្វើព្រងើយ។
កឹម សុខា ក៏បានសរសេរទៀតថា គាត់តែងតែណែនាំឲ្យកូនចៅតស៊ូដោយអហិង្សា ហើយក្នុងនាមថ្នាក់ដឹកនាំគាត់សុខចិត្តទទួលរងគ្រោះខ្លួនឯង ដោយមិនឲ្យអ្នកគាំទ្រយកខ្លួនពាំងជំនួសតែរហូតនោះឡើយ។ ត្រង់ចំណុចនេះ មានន័យថា កន្លងទៅរហូតមកដល់ពេលនេះ សម រង្ស៊ី តែងតែយកអ្នកគាំទ្រមកពាំងជំនួសខ្លួនតែរហូតហ្នឹង។ លើការជាក់ស្តែង មានសកម្មជនអ្នកគាំទ្រ សម រង្ស៊ី ច្រើននាក់មកហើយដែលត្រូវបាន សម រង្ស៊ី ញុះញង់ បញ្ឆេះកំហឹងឲ្យប្រព្រឹត្តអំពើខុសច្បាប់ និងអំពើហិង្សានានារហូតដល់ក្លាយជាជនល្មើសជាប់ទោសជំនួស សម រង្ស៊ី។
ថ្មីៗនេះទៀតសោត កូនស្រីលោក កឹម សុខា គឺ កឹម មនោវិទ្យា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានឌៀមដាមឲ្យ សម រង្ស៊ី ថា គ្មានផែនការពិតប្រាកដណាមួយ វិលត្រឡប់ចូលប្រទេសកម្ពុជានោះទេ វាគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ហើយក្រុម សម រង្ស៉ី ចាត់ទុកបណ្តាញព័ត៌មាន និងអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើម្តងហើយម្តងទៀត។ កញ្ញាថា គ្មានផែនការពិតប្រាកដសម្រាប់មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងណាម្នាក់ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកានោះទេ។
កឹម មនោវិទ្យា បានបន្តទៀតថា ឆាកជីវិតនយោបាយរបស់ សម រង្ស៊ី ជាសហស្ថាបនិកអតីតបក្សប្រឆាំង ហើយដែលកំពុងនិរទេសខ្លួននោះ គឺចប់អស់ហើយ ដោយសារតែលោកខ្វះការប្តេជ្ញាចិត្ត ធ្វើការសម្រេចចិត្តភ្លាមៗបែបអត្តនោម័តិ ហើយសំខាន់ជាងនេះទៅទៀតគឺខ្វះទស្សនៈវិស័យបែបយុទ្ធសាស្ត្រ។
សាររបស់ កឹម មនោវិទ្យា ពេលនេះ គឺជាការម៉ាត់មួយដៃចំកណ្តាលមាត់ សម រង្ស៊ី ដែលថា នឹងវិលចូលស្រុកវិញដើម្បីធ្វើការដោះលែង កឹម សុខា។ កឹម សុខា បច្ចុប្បន្នកំពុងជាប់ចោទពីបទសន្ទិដ្ឋិភាព (រួមគំនិតក្បត់ជាតិជាមួយបរទេស) ហើយត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
សរុបមកវិញ ពាក្យ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ គឺគ្រាន់តែជាលេសដើម្បីបិទបាំងពីការបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងររបស់អតីតបក្សប្រឆាំងដែលមិនអាចផ្សះផ្សាគ្នាបាន។ ពាក្យ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ជាពាក្យពេញនិយមបំផុតសម្រាប់ក្រុម សម រង្ស៊ី និយមកេងចំណេញលើក្រុម កឹម សុខា និយម តែពាក្យនេះ ជាទីសំអប់បំផុតរបស់ក្រុម កឹម សុខា និយម។ គេមិនដែលឃើញសោះឡើយថា ក្រុម កឹម សុខា និយម ប្រើពាក្យ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ព្រោះឈ្មោះ សម រង្ស៊ី សម្រាប់ក្រុម កឹម សុខា ប្រៀបដូចជាលាមកដែលគេមិនចង់លឺ និងស្គាល់សោះឡើយ៕
ដោយ៖ សុខ សុវណ្ណ