ខ្មែរប៉ុស្ដិ៍ Close

    តុលាការនឹងប្រកាសសេចក្តីសម្រេច ពន្យារពេល ឬបន្តឃុំខ្លួន លោក កឹម សុខា នៅវេលាម៉ោង ២ រសៀល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1344
    តុលាការនឹងប្រកាសសេចក្តីសម្រេច ពន្យារពេល ឬបន្តឃុំខ្លួន លោក កឹម សុខា នៅវេលាម៉ោង ២ រសៀលតុលាការនឹងប្រកាសសេចក្តីសម្រេច ពន្យារពេល ឬបន្តឃុំខ្លួន លោក កឹម សុខា នៅវេលាម៉ោង ២ រសៀល

    បន្ទាប់ពីបញ្ចប់សវនាការ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំហើយនោះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការប្រកាសសេចក្តីសម្រេចរបស់ខ្លួនថា ពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅវេលាម៉ោង២៖០០រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះតែម្តង។ នេះបើតាមការអះអាងរបស់មេធាវីការពារក្តីឱ្យ លោក កឹម សុខា។

    នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេចថា ពន្យារពេលឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀតបន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់ ដោយសារតែកាលពីខែមីនា ឆ្នាំ២០១៨នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តងរួចទៅហើយ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។

    សវនាការនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះ ដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។ មេធាវីទាំង០៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏មានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។

    សូមបញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីយប់អាធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។

    បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ។

    ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕