ខ្មែរប៉ុស្ដិ៍ Close

ក្រុមអាវលឿង និងក្រុមអាវស ​គឺជាទឹកនិងប្រេងតាំងពីកំណើត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 53
ក្រុមអាវលឿង និងក្រុមអាវស ​គឺជាទឹកនិងប្រេងតាំងពីកំណើត ក្រុមអាវលឿង និងក្រុមអាវស ​គឺជាទឹកនិងប្រេងតាំងពីកំណើត

ទីបំផុត កឹម មនោវិទ្យា កូនស្រី កឹម សុខា បានបកស្បែកមុខឧក្រិដ្ឋជន សម រង្ស៊ី ថាជាអ្នកនយោបាយគ្មានយុទ្ធសាស្រ្ត ហើយបានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញរបស់ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះថាគ្រាន់តែជា «ការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន​» តែប៉ុណ្ណោះ។ កឹម មនោវិទ្យា បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា «គ្មានផែនការពិតប្រាកដសម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​ណាម្នាក់ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកានោះទេ»។​ ការអធិប្បាយត្រង់ៗរបស់ កឹម មនោវិទ្យា គឺពិតជាបានលាតត្រដាងឱ្យដឹងកាន់តែច្បាស់ថា អតីតបក្សប្រឆាំងពិតជាមានការបែកបាក់គ្នាជ្រាលជ្រៅ និងដ៏ជូរចត់បំផុត ប្រៀបដូចជាដំបៅមហារីកមួយ ដែលគ្មានថ្នាំអាចព្យាបាលបានឡើយ។ ការលើកឡើងយ៉ាងដូច្នេះសបញ្ជាក់ច្បាស់ថា វាពិតជាមានភាពផ្ទុយគ្នាទៅនឹងការលើកឡើងរបស់ សម រង្ស៊ី និងបក្ខពួកដែលធ្លាប់តែថ្លែងបោកប្រាស់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។

ទង្វើរចុងក្រោយរបស់ឧក្រិដ្ឋជន សម រង្ស៊ី ត្រូវបានកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា បានបកស្បែកមុខពិតរបស់ សម រង្ស៊ី ថា សម រង្ស៊ី កំពុងបោកប្រាស់សកម្មជន និងអ្នកគាំទ្រអតីតបក្សសង្រ្គោះជាតិទាំងស្រុង ក្នុងការកំណត់យកថ្ងៃ០៩ ខែវិច្ឆិកា ជាថ្ងៃវិលត្រឡប់ចូលស្រុករបស់សម រង្ស៊ី ខណពេលដែលសម រង្ស៊ីបានជ្រើសយករើសផ្លូវហិង្សានយោបាយមួយ គឺ ដើរហួសផ្លូវនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនាំឆ្ពោះទៅរកការធ្វើរដ្ឋប្រហារដណ្តើមអំណាចក្រៅច្បាប់ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដូររបបរាជានិយម ដែលក្រុមលោក កឹម សុខានិយមមិនយល់ស្របឡើយ។ ពីព្រោះ ក្រុមកឹមសុខានិយមបានយល់ឃើញយ៉ាងច្បាស់ថា ការដណ្តើមអំណាចដោយហិង្សានឹងបង្កើតឱ្យមានការគ្រោះថ្នាក់ និងទុក្ខទោសដល់សកម្មជន និងអ្នកគាំទ្របក្សទាំងឡាយនៅទូទាំងប្រទេស ព្រមទាំងប្រជាជាតិខ្មែរទាំងមូលផងដែរ។ ទង្វើរបស់ សម រង្ស៊ី គឺជាទង្វើក្រៅបក្ស មិនបានឆ្លះបញ្ចាំងនូវទស្សនៈនយោបាយពិតប្រាកដរបស់បក្សប្រឆាំងឡើយ ហើយដែលផ្ទុយពីក្រុមកឹមសុខានិយម ដែល​តែងតែប្រកាន់យកធម៌អហិង្សា មិនយកខ្មែរណាធ្វើជាសត្រូវដោះស្រាយបញ្ហាខ្មែរដោយខ្មែរខ្លួនឯង ដោយសន្តិវិធី មិនប្រើប្រាស់នយោបាយហិង្សាឡើយ។

ការវាយបករបស់ កឹម មនោវិទ្យា ទៅលើ សម រង្ស៊ី ពិតជាបានបង្ហាញយ៉ាងច្បាស់ថា អ្នកនយោបាយទាំងពីក្រុមដែលបានផ្សារសាច់ផ្សារឈាមគ្នាតាំងពីឆ្នាំ២០១២មក គឺត្រូវបានមហាជនមើលឃើញថា ជាមនុស្ស​តែមួយមានបេះដូងពីរ គឺចិត្តគំនិតខុសគ្នាទាំងស្រុងពីកំណើតមក។ តាំងពីដំបូងម្លេះ ក្រុមអាវលឿងតំណាងដោយបក្សសិទ្ធិមនុស្ស និងក្រុមអាវសតំណាងដោយបក្សភ្លើងទៀន (បក្សសមរង្ស៊ី) ហើយបក្សទាំងពីរនេះមិនដែលត្រូវគ្នាទេ ក៏ប៉ុន្តែបក្សទាំងពីរត្រូវបានបង្រួបបង្រួមគ្នាឱ្យទៅជាបក្សតែមួយ ដោយមានបរទេស ធ្វើជាមេបា ក៏ព្រោះតែមេបានោះបានសម្លឹងមើលឃើញផលប្រយោជន៍របស់ខ្លួនខាងភូមិសាស្រ្តនយោបាយក្នុងតំបន់ប៉ាស៊ីហ្វ៊ីក និងអាស៊ីអាគ្នេយ៍នេះ។ ដូច្នេះ ការបង្រួបបង្រួមបក្សទាំងពីរដោយការចាប់បង្ខំ គឺនៅតែបង្កើតឱ្យមានការមិនទុកចិត្តគ្នា ការដណ្តើមអំណាចគ្នាក្នុងចំណោមអ្នកនយោបាយទាំងពីក្រុមក្នុងបក្សមួយដដែលៗ គ្មានថ្ងៃដែលអាចស្រុះស្រួលគ្នាបានឡើយ។

ជាក់ស្តែងចុងក្រោយនេះ ក្រោយពីអតីតបក្សប្រឆាំងត្រូវបានតុលាការកំពូលសម្រេចរំលាយចោលក្នុឆ្នាំ២០១៧ ឧក្រិដ្ឋជន សម រង្ស៊ី ដែលជាមេចលនាឧទ្ទាមក្រៅច្បាប់បានបង្កើតឱ្យមានចលនានយោបាយមួយផ្សេងទៀតនៅឯនាយសមុទ្រ ដែលគ្មានក្រុមកឹមសុខានិយមបានចូលរួមជាមួយឡើយ។ ក្រោយមក មេចលនាឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី ក៏បានរៀបចំឱ្យមានបក្សប្រហារដណ្តើមយកតួនាទីជាប្រធានអតីតបក្សប្រឆាំង​ឡើងវិញ ដែលក្រុមកឹមសុខានិយម បានហៅថា ជាទង្វើផ្ទុយពីលក្ខន្តិកបក្សដែលមិនអាចទទួលយកបាន។

ជារួម ការបកស្បែកមុខ សម រង្ស៊ី របស់ កឹម មនោវិទ្យា ដើម្បីធ្វើឱ្យសកម្មជន និងអ្នកគាំទ្រអតីតបក្សប្រឆាំងបានដឹងអំពីក្រយ៉ៅបោកប្រាស់ពិតប្រាកដ ដែលប្រៀបដូចជាការទះកំភ្លៀង សម រង្ស៊ី ហើយក៏បានលាតត្រដាងឱ្យសកម្មជន និងអ្នកគាំទ្រ បានដឹងនូវអំពើបោកប្រាស់ ភូតកុហករបស់ សម រង្ស៊ី ជុំវិញការកំណត់យកថ្ងៃ៩ វិច្ឆិកានៃការវិលត្រឡប់ចូលស្រុករបស់ខ្លួន។ ហើយសាររបស់ កឹម មនោវិទ្យា ក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ក្រុមអតីតអាវលឿង និងក្រុមអតីតអាវស គឺ ពិតជាទឹក និងប្រេងយ៉ាងប្រាកដ ដែលមិនអាចរលាយចូលគ្នាឱ្យទៅជាសាច់តែមួយបាន ពិសេស សារនយោបាយរបស់ សម រង្ស៊ី និងបក្ខពួកដែលតែងតែបញ្ចេញវោហាសាស្រ្តថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ គឺជាការប្រាស់បោកសុទ្ធ។ ផ្ទុយទៅវិញ អតីតបក្សប្រឆាំងប្រៀបដូចជាមនុស្សតែមួយមានបេះដូងពីរ ឬ និយាយមួយបែបទៀតថា វាប្រៀបដូចជាឡានមួយ ចង្កូតពីរដូច្នេះដែរ៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង