ខ្មែរប៉ុស្ដិ៍ Close

កូនស្រី កឹម សុខា៖ សម រង្ស៉ី ជាអ្នកនយោបាយគ្មានយុទ្ធសាស្រ្ត ហើយផែនការវិលត្រឡប់ថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ និងចាត់ទុកអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 10
កូនស្រី កឹម សុខា៖ សម រង្ស៉ី ជាអ្នកនយោបាយគ្មានយុទ្ធសាស្រ្ត ហើយផែនការវិលត្រឡប់ថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ និងចាត់ទុកអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើ កូនស្រី កឹម សុខា៖ សម រង្ស៉ី ជាអ្នកនយោបាយគ្មានយុទ្ធសាស្រ្ត ហើយផែនការវិលត្រឡប់ថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ និងចាត់ទុកអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើ

កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងជាអតីតអគ្គនាយករងផ្នែកកិច្ចការសាធារណៈនៃអតីតគណបក្សសង្រ្គោះជាតិ បានថ្លែងអះអាងថា គ្មានផែនការពិតប្រាកដណាមួយរបស់ សម រង្ស៉ី វិលត្រឡប់ចចូលទៅកាន់ប្រទេសកម្ពុជានោះទេ វាគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ហើយក្រុមលោក សម រង្ស៉ី ចាត់ទុកបណ្តាញព័ត៌មាន និងអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើម្តងហើយម្តងទៀត។

«គ្មានផែនការពិតប្រាកដសម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិណាម្នាក់ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកានោះទេ។ វាគ្រាន់តែជាការ ទាក់ទាញចំណាប់អារម្មណ៍ថ្មីមួយទៀតពីអ្នកដែលមិនបានធ្វើអ្វីសោះ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ក្រៅតែពីបង្កើតរឿងទាក់ទាញចំណាប់អារម្មណ៍ ដើម្បីព័ត៌មានចុះផ្សាយ។ ពួកគេចាត់ទុកបណ្តាញព័ត៌មាន និងអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើម្តងហើយម្តងទៀត»។

នេះជាការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា ប្រាប់សារព័ត៌មានវីអូឌី ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ។

កញ្ញា កឹម មនោវិទ្យា បានបន្តទៀតថា «ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី ជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិ ហើយដែលកំពុងនិរទេសខ្លួននោះ គឺចប់អស់ហើយ ដោយសារតែលោកខ្វះការប្តេជ្ញាចិត្ត ធ្វើការសម្រេចចិត្តភ្លាមៗបែបអត្តនោម័ត ហើយសំខាន់ជាងនេះទៅទៀតគឺខ្វះទស្សនៈវិស័យបែបយុទ្ធសាស្ត្រ»។

សូមជំរាបថា កញ្ញា កឹម មនោវិទ្យា កំពុងរស់នៅសហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់១១៨រូប របស់អតី តគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលហាមឃាត់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ។

ជាមួយនោះផងដែរ លោកស្រី មូរ សុខហួរ មនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៉ី ដែលត្រូវបានគេដឹងថា ជាមនុស្សម្នាក់ក្នុងចំណោមជាច្រើននាក់ ដែលបានចូលរួមរៀបចំរដ្ឋប្រហារខុសច្បាប់ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់សារព័ត៌មានអូស្រ្តាលីថា លោកស្រីសម្រេចចិត្តនឹងវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ក្រោយអាជ្ញាធរថៃបិទមិនឲ្យចូលក្នុងទឹកដីប្រទេសថៃ ដើម្បីប្រើប្រាស់សកម្មភាពប្រឆាំងកម្ពុជា។

លោកស្រី មូរ សុខហួរ បានអះអាងបែបនេះប្រាប់ដល់សារព័ត៌មានអូស្រ្តាលី The Sydney Morning Herald ឲ្យដឹងយ៉ាងដូច្នេះថា «ពួកគេបានឱ្យខ្ញុំស្ថិតនៅក្នុង បន្ទប់ពិសេសមួយ, ពួកគេ (អាជ្ញាធរថៃ) នៅតាមឃ្លាំមើលខ្ញុំ ហើយបន្ទាប់មកទៀតបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានប្រឹងប្រែងស្វែងរកជើងហោះហើរថ្មី ឱ្យខ្ញុំត្រឡប់ទៅកាន់ទីក្រុងគូឡាឡាំពួរវិញ»។

លោកស្រីបានអះអាងបន្ថែមថា «ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យឆ្លងព្រំដែនឡើយ ហើយក៏មិនត្រូវបានគេអនុញ្ញាតឱ្យចាកចេញពីអាកាសយានដ្ឋានដែរ។ ដូច្នេះហើយ ជំនួសឱ្យការធ្វើដំណើរទៅកាន់រដ្ឋធានីហ្សាការតា តាមការគ្រោងទុក, លោកស្រី Mu Sochua បានសម្រេចចិត្តត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ជាជាងត្រូវបានបណ្ដេញចេញពីប្រទេសឥណ្ឌូណេស៊ីជាថ្មីម្ដងទៀត»។

ផ្អែកតាម មាត្រា២ នៃធម្មនុញអាស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ាន មិនត្រូវចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ានណាមួយឡើយ។

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា រួមនិងមនុស្សជំនិត៧រូបផ្សេងទៀត ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជនដែលត្រូវបានតុលាការបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននេះរួមមាន៖ ទណ្ឌិត សម រង្ស៉ី និងភរិយា លោកស្រី ជូឡុង សូមួរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។

ជនត្រូវចោទទាំង៩រូប ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ «ឧបឃាត» ដោយយោងតាមមាត្រា២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ៕

ដោយ៖ ចៅចាក់ស្មុក