ខ្មែរប៉ុស្ដិ៍ Close

កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារតំបន់អង្គរឆ្នាំ ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 66
កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារតំបន់អង្គរឆ្នាំ ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារតំបន់អង្គរឆ្នាំ ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ

ក្រោយពីបណ្តុះបណ្តាលរយៈពេល៨ខែ ដល់សិស្សបឋមសិក្សាស្រះស្រង់ និងសិស្សវិទ្យាល័យនគរធំ តាម រយៈកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារ ពីខែមករា ដល់ខែសីហារៀបចំដោយអង្គការគាំពារកេរមរតក សហការជាមួយអាជ្ញាធរជាតិអប្សរា និងសប្បុរសជនបានបិទបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៩។ គោលបំណងនៃកម្មវិធីបង្កើតឡើងដើម្បីផ្ដល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយ ដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ យល់ដឹងពីកេរមរតកវប្បធម៌របស់ខ្លួន និងបណ្ដុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធម៌ ជាពិសេស ពួកគេអាចធ្វើជាអ្នកស្នងមរតកវប្បធម៌នៅសហគមន៍របស់ខ្លួនលើវិស័យថែរក្សាការពារ គ្រប់គ្រងកេរមរតកវប្បធម៌នាពេលអនាគតបានយ៉ាងល្អ។

លោក អ៊ឹម សុខរិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលអង្គការគាំពារកេរមរតក និងអនុប្រធានក្រុមការងារអប់រំបេតិក ភណ្ឌនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កម្មវិធីអប់រំបេតិកភណ្ឌជាផ្នែកមួយនៃកម្មវិធីអប់រំរបស់ក្រសួងដោយផ្តោតទៅលើបច្ចុប្បន្នភាពនៃការស្រាវជ្រាវ របកគំហើញថ្មីៗដើម្បីបង្រៀនដល់សិស្សានុសិស្សឱ្យយល់ដឹងច្បាស់លាស់ទាន់សម័យកាល។

លោកបញ្ចាក់ថា ចំពោះសិស្សបឋមសិក្សាបង្រៀនមូល ដ្ឋាន ឱ្យស្គាល់ទូទៅអ្វីជាបេតិកភណ្ឌ មានអ្វីខ្លះ អ្វីជាកេមរតក? ដោយសិក្សាក្នុងថ្នាក់ និងចុះសិក្សានៅតាមរម ណីយដ្ឋានប្រវត្តិសាស្រ្ត សារមន្ទីរ និងផាត់គំនូរពណ៌ជាដើម។ រីឯសិស្សវិទ្យាល័យ បង្រៀនពីសេចក្តីណែនាំទូទៅនៃប្រវត្តិសាស្រ្ត បុរាណវិទ្យា នរវិទ្យា និងវិធីសាស្រ្តស្រាវជ្រាវ ដែលអាចធ្វើឱ្យយុវជនអនុវត្ត ស្រាវជា្រវចងក្រងឯកសារដោយខ្លួនឯងនៅក្នុងសហគមន៍របស់ខ្លួន។ លោកបន្ថែមថា ក្រៅពីសាលាគោលដៅក្នុងតំបន់បេតិកភណ្ឌ នាពេលអនាគត កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារនឹងពង្រីកវិសាលភាពទៅតំបន់ផ្សេងៗឱ្យកាន់តែទូលំទូលាយ។

លោកស្រី ចយ ក្លាក (Joyce H. Clark) ប្រធានក្រុមប្រឹក្សាភិបាលអង្គការគាំពារកេរមរតក លើកឡើងថា ខ្លឹមសារនៃការអប់រំបេតិកភណ្ឌមានច្រើនបែបបទ ទាំងលើដី ក្រោមដី និងនៅក្នុងទឹក រួមទាំងការគោរពប្រតិបត្តិរបស់ប្រជាជន ប៉ុន្តែអ្វីដែលសំខាន់ ក្រោយពីរៀនសូត្រហើយ ធ្វើឱ្យយើងចេះស្រលាញ់ និងចេះការពារ ដែលការពារក្នុងក្របខណ្ឌមួយថា «ថ្ងៃនេះយើងមានវប្បធម៌នេះ ថ្ងៃស្អែកក៏នៅមានវប្បធម៌នេះ ហើយនៅថ្ងៃខាន ស្អែក ក៏យើងនៅរក្សាបានដដែល បន្តដល់កូនចៅជំនាន់ក្រោយ»។ លោកស្រីបញ្ជាក់ថា អង្គការគាំពារកេរមរតក នឹងដកខ្លួនចេញពីប្រទេសកម្ពុជាដោយបង្កើតអង្គការថ្មីក្នុងស្រុក ដឹកនាំដោយកូនខ្មែរផ្ទាល់ និងរក្សាទស្សនវិ ស័យដដែល មានឈ្មោះថា អង្គការមរតកវប្បធម៌ខ្មែរ។

លោក អ៊ុន មណីនីតា នាយកប្រតិបត្តិនៃអង្គការគាំពារកេរមរតក បានឱ្យដឹងថា ឆ្នាំ២០១៨ អង្គការគាំពារកេរមរតក សហការជាមួយអាជ្ញាធរជាតិអប្សរាពាក់ព័ន្ធនឹងកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារនៅតំបន់អង្គរ ក្នុងគោលដៅបណ្តុះបណ្តាលកុមារក្នុងតំបន់អង្គរ ដែលកើត និងធំធាត់ឡើងនៅទីនេះ បានយល់ដឹងពីសក្កានុពលវប្បធម៌នៅជុំវិញខ្លួនរស់នៅមានច្រើនកម្រិតណា ដែលត្រូវស្វែងយល់ ថែរក្សា រៀនបន្ថែម និងបម្រើការលើមុខជំនាញនេះ។ លោកបញ្ចាក់ថា ដោយមើលឃើញភាពជោគជ័យនៃការអប់រំបេតិកភណ្ឌនៅបន្ទាយឆ្មារ ដូច្នេះហើយ អង្គរការគាំពារកេរមរតក បានផ្តួចផ្តើមកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារនៅតំបន់អង្គរដែលការបណ្តុះបណ្តាលនៅទីនេះមានលក្ខណៈតែមួយនៅបន្ទាយឆ្មារ កោះកេរ សំបូរព្រៃគុក។ល។

ក្នុងឱកាសនោះដែរ សប្បុរសជនខ្មែរនៅខេត្តសៀមរាប ដែលជាភ្នាក់ងារឯកជន សហគ្រិនវ័យក្មេងមួយចំនួន បានជួយឧបត្ថម្ភជាសម្ភារៈសិក្សា សម្ភារៈកីទ្បា ដបទឹក កាបូបស្ពាយ និងចែកលិខិតសរសើរដល់សិស្សឆ្នើមផងដែរ ៕

អត្ថបទ៖ លោក យី សុថា
រូបភាព លោក ហាប់ គឹមអាន

អត្ថបទទាក់ទង