អ្នកឧកញ៉ា គិត ម៉េង ស្នើវិនិយោគិននៃសាធារណៈរដ្ឋឆេក វិនិយោគលើការផលិត និងការបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចនៅកម្ពុជា
ស្របពេលអញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប្រាក ប្រទេសឆេក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានចូលរួមកិច្ចប្រជ៉ំពាណិជ្ជកម្ម និងចុះអនុស្សារណស្តីពី កិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក។
នៅក្នុងពិធីដែលធ្វើឡើងក្នុងសាល នៃក្រសួងកាបរទេស នៃសាធារណរដ្ឋឆេក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កិច្ចប្រជុំពាណិជ្ជកម្មកម្ពុជា ឆេក នាពេលនេះពិតជាមានសារសំខាន់ណាស់ ដែលចាត់ទុកជាប្រវត្តិសាសាស្រ្ត ដែលសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានចូលរួមចំណែកលើកកំពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ អ្នកឧញ៉ា គិត ម៉េង បានថ្លែងបន្តថា យើងនឹងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងកិច្ចការបច្ចេកទេស វិទ្យាសាស្រ្ត សេដ្ឋកិច្ច និងផ្នែកឧស្សាហកម្មរវាងសមាជិក នៃសភាពាណិជ្ជកម្ម នៃប្រទេសកម្ពុជា និងសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក។
អ្នកឧកញ៉ា បានថ្លែងក្នុងកិច្ចប្រជុំនេះថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឆេកមានតាំងពីឆ្នាំ១៩៥៧ ហើយចំណងការទូតមានទំនាក់ទំនងយូរអង្វែង ជាពិសេសព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះអង្គក៏បានសិក្សាអប់រំនៅក្នុងប្រទេសឆេក នៅឆ្នាំ១៩៦២កន្លងទៅ ក្នុងនោះឆេក និងកម្ពុជា ក៏ជាប្រទេសមានវ័យចំណាស់ វប្បធម៌ដ៏ល្អដែលជាសក្តានុពលអាចសហការគ្នាបានក្នុងវិស័យទេសចរណ៍។
អ្នកឧកញ៉ា គិត ម៉េង លើកឡើងទៀតថា ឆេកជាប្រទេសមួយដែលមានបច្ចេកវិទ្យា សំភារៈគ្រឿងយន្ត ដែលមានបច្ចេកទេសខ្ពស់ ក៏ប៉ុន្តែបច្ចុប្បន្នមិនសូវមានទីផ្សារនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺការវិនិយោគមិនមានចំនួនច្រើន ដូច្នេះហើយក៏ជាឪកាសមួយសំរាប់វិនិយោគិន នៃប្រទេសឆេកអាចចាប់យកឪកាសនេះវិនិយោគនៅកម្ពុជា ក្រៅពីនេះឆេកក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យាក្នុងបណ្តាញអ៊ិនធើណេត ការប្រមូលផ្តុំទិន្នន័យ ជាដើម។
អ្នកឧកញ៉ា បានថ្លែងស្នើអោយវិនិយោគិននៃសាធារណៈរដ្ឋឆេកវិនិយោគការផលិតយន្តហោះខ្នាតតូច រឺការបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចនៅកម្ពុជា ដើម្បីជំរុញការហោះហើរក្នុងប្រទេសកម្ពុជា ពីខេត្តមួយទៅខេត្តមួយក្នុងការលើកកំពស់វិស័យទេសចរណ៍។
លើសពីនោះ អ្នកឧកញ៉ា បានស្នើអោយរដ្ឋាភិបាលសាធារណៈរដ្ឋឆេកបង្កើតការហោះហើរត្រង់ទៅកម្ពុជា។
ដោយសារតែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឆេក នៅមានទំហំតូចនៅឡើយពោលគឺប្រមាណ២៤៣លានដុល្លានៅឆ្នាំ២០១៨ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា មិនបានប្រើអស់នូវសក្កានុពលរវាងប្រទេសទាំងពីរឡើយ។ ចំណែកការវិនិយោគក៏នៅមានចំនួនតិចតួច និងបានស្នើឆេក បង្កើនទំហំពាណិជ្ជកម្មអោយបានច្រើនជាងនេះនៅកម្ពុជា ខណៈដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រមាណជាង៧ភាគរយជារៀងរាល់ឆ្នាំ។
កម្ពុជា មានវិស័យច្រើនដែលអាចវិនិយោគដូចជា ផ្នែកកសិឧស្សាហកម្ម ទេសចរណ៍ ការកែច្នៃអាហារ សំណង់ បង្គុំរថយន្ត អគ្គិសនី និងសុខាភិបាល ព្រមទាំងរាជរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនជាតិ និងអន្តរជាតិ។
នៅក្នុងពិធីនេះ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា និងឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក បានគាំទ្រអោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃសាធារណរដ្ឋឆេកខិតខំប្រឹងកិច្ចសហការជារួមគ្នា ដើម្បីអោយសេដ្ឋកិច្ច វិនិយោគមានការកើនឡើង។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋ សង្គម និយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជា បានភ្ជាប់ទំនងទំនងជាមួយនឹង សាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញបន្ទាប់ពីប្រទេស ឆេកូស្លូវ៉ាគី បែងចែកជាពីរប្រទេស៕