ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទិវាហូបអំបុក ៩ វិច្ឆិកា គឺដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទិវាហូបអំបុក ៩ វិច្ឆិកា គឺដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ទិវាហូបអំបុក ៩ វិច្ឆិកា គឺដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នាសណ្ឋាគារដែលលោកស្នាក់នៅ ក្នុងទីក្រុងប្រាក (Prague, Czech) ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ និស្សិតខ្មែរ និងមន្រ្តីស្ថានទូតជាច្រើនរូបដែលរស់នៅក្នុងប្រទេសឆែក ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅអឺរ៉ុបនោះ បានអំពាវនាវដល់បងប្អូន និងកូនក្មួយនិស្សិតនៅឆែកឱ្យបានដឹងពីការទទួលទានអំបុកទូទាំងប្រទេសនៅថ្ងៃទី ៩ វិឆ្ឆិកា ២០១៩ ដែលត្រូវចំថ្ងៃឯករាជ្យជាតិ និងបន្តដោយថ្ងៃបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ (៩-១០-១១-១២ វិច្ឆិកា ២០១៩)។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុដែលកម្ពុជាបានសម្រេចយកថ្ងៃនេះ ជាទិវាហូបអំបុកទូទាំងប្រទេស ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ព្រោះមានជនអគតិមួយចំនួនតូច បានឃោសនាគ្រោងយកថ្ងៃនេះ ធ្វើផ្តេសផ្តាស់ក្នុងពេលដែលកម្ពុជា កំពុងរៀបចំពិធីអបអរសាទរពិធីបុណ្យឯករាជ្យជាតិ និងប្រពៃណីជាតិ។

សូមបញ្ជាក់ថា កម្ពុជា និងឆែក គឺមានទំនាក់ទំនងល្អជាមួយគ្នាតាំងពីរវាងឆ្នាំ១៩៦០ មកម៉្លេះ ហើយអតីតព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ ក៏ធ្លាប់ជានិស្សិតសិក្សា នៅប្រទេសឆេកូនេះផងដែរ។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ គឺល្អជាពិសេស ចាប់តាំងពីឆ្នាំ ១៩៧៩-១៩៩០ ដែលពេលនោះ រដ្ឋាភិបាលកម្ពុជាបានបញ្ជូននិស្សិតមកសិក្សានៅទីនេះ បានច្រើនតាមរយៈអាហារូបករណ៍ដែលកម្ពុជាទទួលបាន៕