ខ្មែរប៉ុស្ដិ៍ Close

អតីតចៅសង្កាត់រងទី១ ខណ្ឌទួលគោក ត្រូវបានចាប់ខ្លួន ពីបទ «រួមគំនិតក្បត់ជាតិ» ក្នុងផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32
អតីតចៅសង្កាត់រងទី១ ខណ្ឌទួលគោក ត្រូវបានចាប់ខ្លួន ពីបទ «រួមគំនិតក្បត់ជាតិ» ក្នុងផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អតីតចៅសង្កាត់រងទី១ ខណ្ឌទួលគោក ត្រូវបានចាប់ខ្លួន ពីបទ «រួមគំនិតក្បត់ជាតិ» ក្នុងផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

អតីតចៅសង្កាត់រងទី១ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ឈ្មោះ ទិត្យ សុផាត របស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូន ពីបទ «រួមគំនិតក្បត់ជាតិ» ដែលបានចូលរួមក្នុងសកម្មភាព ប៉ុនប៉ងធ្វើរដ្ឋប្រហារ និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងផែនការដ៏ខ្មៅកង្វក់របស់ទណ្ឌិត សម រង្ស៉ី។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានបញ្ជាក់ថា កាលពីរសៀលម្សិលមិញ ស្ដ្រីឈ្មោះ ទិត្យ សុផាត អាយុ៦៦ឆ្នាំ រស់នៅផ្ទះលេខ៥៧z ផ្លូវលេខ១៥០ ក្រុមទី៣១ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក មុខរបរលក់ដូនៅផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ស្ដ្រីរូបនេះ ពីបទ «រួមគំនិតក្បត់»។

ស្ដ្រីរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមបុគ្គល៥រូប និងគូកនផ្សេងទៀត ដែលត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទ «រួមគំនិតក្បត់» តាមផែនការរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ទណ្ឌិត សម រង្ស៉ី។

សូមបញ្ជាក់ថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់បុគ្គល ៥រូប និងបក្ខពួក ពីបទ «រួមគំនិតក្បត់» តាមផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល របស់ទណ្ឌិត សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់។

តាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ គ្រយ សុខេមរិទ្ធ, ឈ្មោះ សេង ខន, ឈ្មោះ ទិត្យ សុជាតិ, ឈ្មោះ រឿង សំណាង, ឈ្មោះ យិន សុខហៀង ព្រមទាំងគូកន ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់បុគ្គលទាំងនេះ ព្រមទាំងគូកន ដែលបានកៀងគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងគូកន។ បុគ្គលទាំងនេះ ព្រមទាំងគូកន បានកៀងគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រមរបស់ខ្លួនធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទទាក់ទង