លិខិតមិត្តអ្នកអាន៖ ច្បាស់ហើយ ការវិលត្រឡប់របស់មេឧទ្ទាមក្បត់ជាតិ គឺជាការមកធ្វើរដ្ឋប្រហារ និងប្តូររបបរាជានិយម!
មានភស្តុតាងកាន់តែបង្ហាញយ៉ាងច្បាស់បន្ថែមទៀតពីចេតនាទុច្ចរិត ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្បត់ព្រះរាជបល្ល័ង្គ ប្រមាថអង្គព្រះមហាក្សត្រ បំផ្លាញសេដ្ឋកិច្ចជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនខ្មែររបស់មេឧទ្ទាមគំរគ់ និងបក្ខពួកក្បត់ជាតិរបស់ខ្លួន ក្រោយពីជននេះបានចេញមុខដោយចំហរប្រើនយោបាយហិង្សានិយមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរងើបបះបោរ ព្រមទាំងញុះញង់កងកម្លាំងប្រដាប់អាវុធបែរចុងកាណុងទៅចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា ដោយពេលនេះពួកឧក្រិដ្ឋជនមួយក្តាប់តូចនេះ បានប្រែក្លាយផែនការបដិវត្តន៍ពណ៌ហិង្សា ទៅជាផែនការធ្វើរដ្ឋប្រហារចំៗដើម្បីដណ្តើមអំណាចតាមរយៈការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្តូររបបរាជានិយមចោលតែម្តង។
បច្ចុប្បន្ននេះ មេក្លោងរដ្ឋប្រហារដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់នៅក្រៅប្រទេសកំពុងរៀបចំផែនការធ្វើភេវរកម្មដោយងងើលឥតក្រែងរអែងច្បាប់ទាល់តែសោះ។ ជាបន្តបន្ទាប់ជនក្បត់ជាតិ និងពួកបរិវារ បានបើកសមរភូមិហិង្សាដោយប្រើវោហាសាសន៍ វាយប្រហារញុះញង់ បំផុសបំផុល បញ្ឆេះកំហឹងវណ្ណៈ រើសអើងប្រឆាំងជាតិសាសន៍ដទៃ ដើម្បីអូសទាញប្រជាពលរដ្ឋ ឱ្យប្រព្រឹត្តិអំពើខុសច្បាប់ និងបំបែកបំបាក់ជាតិតាមរយៈការញុះញង់បំបែកបំបាក់កងកម្លាំងប្រដាប់អាវុធដែលមានតួនាទីការពារជាតិ និងប្រជាជនកម្ពុជា ដោយមិនបានគិតអ្វីបន្តិចទាល់តែសោះថាសង្រ្គាមបង្ហូរឈាមវិនាសកម្ម អាចនឹងកើតឡើងជាថ្មីនៅលើទឹកដីកម្ពុជា ហើយដែលនឹងធ្វើឱ្យប្រជាជនដែលកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជួបនូវការស្លាប់ និងការព្រាត់ប្រាស់សារជាថ្មីទៀតជាក់ជាមិនខាន។
ដោយសារគំនុំសងសឹកឱ្យខ្មោចឪពុក ដែលមានឈាមជ័រជាជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ មេឧទ្ទាមក្បត់ជាតិតត្រកូល បានបន្តប្រមាថយ៉ាងគឃ្លើនចំពោះអង្គព្រះមហាក្សត្រដោយបានប្រើសម្តីដ៏អសុរសចំពោះព្រះមហាក្សត្រថា «វា» និងដៀលព្រះអង្គថា «ព្រះមហាក្សត្រខ្មែរសព្វថ្ងៃអត់បានការ អត់ប្រយោជន៍ ខ្ញុំមិនចាប់អារម្មណ៍ ខ្ញុំមិនគោរពព្រះមហាក្សត្រសព្វថ្ងៃ»។ល។ ដែលមិអាចទទួលយកបានទាល់តែសោះ។ មិនតែប៉ុណ្ណោះជនក្បត់រាជបល្ល័ង្គ ថែមទាំងបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «បើមហាក្សត្រសព្វថ្ងៃមិនអាចជួយរាស្ត្រទេគួរតែដាក់រាជ្យទៅ» ។ នេះគឺជាការប្រមាថព្រះចេស្តាព្រះមហាក្សត្រដ៏ធ្ងន់ធ្ងរបំផុត បំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការប្រកាសដោយចំហរក្បត់ព្រះរាជបល្ល័ង្គ ប្រឆាំងនឹងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ និងប្រឆាំងព្រះមហាក្សត្រដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរទូទាំងនគរ តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្បថចំពោះព្រះភ័ក្ត្រព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ ថា «រូបលោកផ្ទាល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្តេជ្ញាការពារដាច់ខាតរបបរាជានិយម និងព្រះរាជបល្ល័ង្គ ព្រះមហាក្សត្រខ្មែរ មិនអនុញ្ញាតឱ្យនរណាម្នាក់ប៉ះពាល់បានឡើយ»។
នៅពេលញុះញង់ប្រជាពលរដ្ឋក្នុងប្រទេសមិនបានសម្រេច ដោយសារប្រជាជនកំពុងរស់នៅយ៉ាងសុខសន្តិភាព និងក៏កំពុងទទួលបានផលប្រយោជន៍ពីសុខសន្តិភាពនោះ មេក្លោងរដ្ឋប្រហារ ក៏បានប្រើសារញុះញង់ចំពោះពលករនៅក្រៅប្រទេសឱ្យចូលរួមអមដំណើរវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិការហូតហ៊ានអះអាងដោយមិនអៀនខ្មាស់ថាមានពលករនៅក្រៅប្រទេសមិនតិចទេមករួមដំណើរជាមួយខ្លួន។ លើសពីនេះទៀត តាមរយៈអ្វីដែលគេហៅថា ជនស្ម័គ្រស្លាប់ក្នុងម្នាក់១០០ដុល្លារនោះ គឺជាផែនការរដ្ឋប្រហារពិតប្រាកដដែលមិនអាចកាឡៃបានឡើយ។ ដូចនេះ សកម្មភាពទាំងអស់នេះហើយដែលឆ្លុះបង្ហាញឱ្យឃើញថា មេក្លោងក្បត់ជាតិ ពិតជាកំពុងធ្វើរដ្ឋប្រហារបំផ្លាញជាតិខ្លួនឯងតាមរយៈការញុះញង់ប្រជាជន កងកម្លាំងប្រដាប់អាវុធ និងពលករក្រៅប្រទេសឱ្យបះបោរ ការប្រមាថធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ និងការរៀបចំជនស្ម័គ្រស្លាប់នៅក្នុងផែនការរដ្ឋប្រហារនោះទៀតផង។
រីឯក្រុមបរិវារនិយមរបស់មេឧទ្ទាមក្បត់ជាតិ ដែលមាន អេង ឆៃអ៊ាង មូរ សុខហួរ ជូឡុង សូមួរ៉ា ហូរ វ៉ាន់ សង្ឃទ្រុស្តសីល ប៊ុត ប៊ុនតិញ និងបក្ខពួកមួយចំនួនទៀតនោះក៏ស្ថិតនៅក្នុងចង្កោមក្រុមឧទ្ទាមក្បត់ជាតិដឹកនាំរដ្ឋប្រហារនេះផងដែរ ព្រោះពួកនេះបានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងការរៀបចំរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ផ្តួលរំលំព្រះរាជបល្ល័ង្គក្រោមរូបភាពនៃការវិលត្រឡប់មកកម្ពុជាវិញរបស់មេឧទ្ទាម ដែលជាដំណក់ឈាមក្បត់ជាតិតពីឪដល់កូនដែលពូជជនក្បត់ជាតិនេះត្រូវបានប្រវត្តិសាស្ត្រចារទុកថា ជាជនក្បត់ជាតិក្នុងអតីតកាល ដែលបានឃុបឃិតជាមួយបរទេសផ្តួលរំលំព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ នៅទសវត្សរ៍ឆ្នាំ១៩៦០។ ឥឡូវនេះមេឧទ្ទាមក្បត់ជាតិ ដែលជាកូនក៏នឹងត្រូវបានប្រវត្តិសាស្ត្រចារទុកថាជាជនក្បត់ជាតិឃុបឃិតជាមួយបរទេស បម្រើផលប្រយោជន៍បរទេស ធ្វើនយោបាយប្រឆាំងនឹងជនជាតិខ្មែរដូចខ្មោចឪរបស់ខ្លួនដែរ។
ទោះបីជាយ៉ាងណា ច្បាស់ណាស់ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះពួកឧក្រិដ្ឋជនប្រឆាំងនឹងសុខសន្តិភាពដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់នៃរដ្ឋ។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋគ្រប់រូបក៏ចូលរួមថែរក្សាសណ្តាប់ធ្នាប់សង្គមដោយមិនអាចចាញ់បោកនូវឧបាយកលខ្មៅកខ្វក់នោះឡើយ ពោលគឺប្រជាពលរដ្ឋនឹងមិនចូលរួមនៅក្នុងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ឡើយ។ ផ្ទុយទៅវិញ បងប្អូនប្រជាពលរដ្ឋនៅតែបន្តចូលរួមថែរក្សាសន្តិភាពដែលយើងខិតខំរកបានដោយលំបាកនេះ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់កូនចៅយើង ជាពិសេសដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជាទាំងមូល ហើយជនរួមជាតិខ្មែរក៏នឹងមិនចាញ់ឧបាយកលមេក្លោងរដ្ឋប្រហារទាំងនោះដែរព្រោះពួកគាត់យល់យ៉ាងច្បាស់ថាការចាញ់បោកពួកឧក្រិដ្ឋជនទាំងនោះ អាចនឹងនាំឲ្យខ្លួនពួកគាត់ជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ ហើយពួកគាត់នឹងចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិនេះ ដោយសហការរាយការណ៍អំពីផែនការក្បត់របស់ពួកឧទ្ទាម និងមុខសញ្ញាពាក់ព័ន្ធជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព ដែលចុងក្រោយបំផុតផែនការធ្វើរដ្ឋប្រហាររបស់មេឧទ្ទាមក្បត់ជាតិ នឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត។ ហើយនៅទីអវសាន្តនយោបាយរបស់មេឧទ្ទាមក្បត់ជាតិនឹងបន្សល់ទុកនូវឈ្មោះជាជនក្បត់ជាតិតត្រកូលនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរជារៀងរហូត។
ជារួម អ្វីដែលជនក្បត់ជាតិនិងបរិវារ បាននិងកំពុងធ្វើគឺពិតជាការធ្វើរដ្ឋប្រហារ ហើយភស្តុតាងនេះមិនអាចប្រកែកបានឡើយ ហេតុនេះ ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមទាំងស្ថាប័នអយ្យការ មានកាតព្វកិច្ចអនុវត្តច្បាប់យ៉ាងតឹងរឹងជាទីបំផុត ដើម្បីបំផ្លាញ និងកម្ទេចចោលនូវរាល់ផែនការ និងអង្គការចាត់តាំងទាំងឡាយណាដែលគាំទ្រសកម្មភាពខុសច្បាប់ទាំងនេះ។ ហើយចាប់ពីពេលនោះទៅប្រទេសជាតិយើងនឹងកាន់តែរីកចម្រើនជឿនលឿនទៅមុខទាំងសេដ្ឋកិច្ច និងស្ថេរភាពសង្គម ពីព្រោះលែងមានមេឧទ្ទាមក្បត់ជាតិតត្រកូល និងបរិវារ ដែលចាំបំផ្លាញជាតិយើងតទៅទៀតហើយ៕
ដោយ៖ សារ៉ាដា