ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីតួកគី ចង់ឃើញទំហំពាណិជ្ជកម្ម ឡើងដល់ ១ពាន់លានដុល្លារ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 13
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីតួកគី ចង់ឃើញទំហំពាណិជ្ជកម្ម ឡើងដល់ ១ពាន់លានដុល្លារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីតួកគី ចង់ឃើញទំហំពាណិជ្ជកម្ម ឡើងដល់ ១ពាន់លានដុល្លារ

(ឌូសាន់បេ, តាជីគីស្ថាន)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី បានបង្ហាញបំណងដូចគ្នាចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក ខណៈពេលបច្ចុប្បន្នមានត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ។

បំណងរួមគ្នាចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងតួកគីរីកធំធាត់នេះ ត្រូវបានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អ៊ែរដូហ្កាន នៅតាជីគីស្ថាន ទីកន្លែងដែលមេដឹកនាំប្រទេសទាំងពីអញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ីលើកទី៥ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។

ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបានតាមការចង់ប៉ុនប៉ងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកជាគំនិតឱ្យរៀបចំបញ្ជីទំនិញ ដែលអាចនាំចេញ នាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន?

ដោយឡែកលោកប្រធានាធិបតីតួកគី បានលើកជាគំនិតឱ្យជំរុញអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជា រកស៊ីជាមួយគ្នាឱ្យកាន់តែច្រើន។

ក្នុងជំនួបនេះក្រៅពីជជែកលើការបង្កើនទំហំពាណិជ្ជកម្មហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អ៊ែរដូហ្កាន ក៏បានពិភាក្សាលើការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ជាពិសេសការរៀបចំនូវពិធីផ្សេងៗ ដើម្បីអបអរសាទរដល់ចំណងការទូត៦០ឆ្នាំនៃប្រទេសទាំងពីរ។

ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនេះ សម្តេចតេជោ ហ៊ុន សែន ចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សនកិច្ច នៅកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងទៅ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថា លោកប្រធានា ធិបតីតួកគី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខក្នុងពេលវេលាសមស្របណាមួយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះការតែងតាំងសហប្រធាននៃគណៈកម្មការចម្រុះនៃប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបពិភាក្សានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីតួកគី បានជជែកពិភាក្សាលើការងារទំនាក់ទំនងរវាងតួកគីជាមួយអាស៊ានផងដែរ។

លោកប្រធានាធិបតីតួកគីបានថ្លែងថា បច្ចុប្បន្នតួកគីឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេសតួកគី ក៏ចង់ប្រែក្លាយជាប្រទេស ដៃគូសន្ទនាតាម វិស័យជាមួយអាស៊ាន ទៅជាដៃគូសន្ទនាគ្រប់ជ្រុងជ្រោយ។ ចំពោះការស្នើសុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការគាំទ្រ ហើយបានសន្យាធ្វើការជាមួយ ប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីគាំទ្រលើកកម្ពស់ដៃគូរបស់តួកគីជាមួយអាស៊ាននេះ៕

 

អត្ថបទទាក់ទង