លោក ឡៅ ម៉ុងហៃ កំពុងក្លាយជាអ្នកច្បាប់ចម្លែក
ថ្មីៗនេះ លោក ឡៅ ម៉ុងហៃ បានថ្លែងលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា ចង់ឲ្យតុលាការស្អាតស្អំអត់ពុករលួយ? គោរពអនុវត្តរដ្ឋធម្មនុញ្ញពាក់ព័ន្ធតុលាការឲ្យបានត្រឹមត្រូវ ថ្វាយអំណាចពេញលេញទៅព្រះមហាក្សត ដើម្បីឲ្យលោកធានាឯករាជ្យភាពតុលាការ និងគ្រប់គ្រងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលត្រូវជួយលោកក្នុងការធានាឯករាជ្យភាពតុលាការនេះ។ល។ តើការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ គឺពិតជាកំពុងក្លាយទៅជាអ្នកច្បាប់ចម្លែក? តើលោក ឡៅ ម៉ុងហៃ ប្រាកដជាបានអាន ហើយបកស្រាយត្រឹមត្រូវតាម អត្ថន័យ និងខ្លឹមសារពិតនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ឬទេ?
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាច្បាប់កំពូលនៃប្រទេស រហូតមកដល់ពេលនេះ មានអាយុ២៦ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញនេះ បានចែងយ៉ាងច្បាស់ក្នុងមាត្រា ៧ ថា ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែ ទ្រង់មិនគ្រប់គ្រងអំណាចឡើយ។ ជាការពិតណាស់ ស្ថាប័នធំៗទាំងបីរបស់រដ្ឋត្រូវបានបែងចែកអំណាចឯករាជ្យដាច់ពីគ្នា ហើយក៏គ្មានអំណាចណាមួយត្រូវបានរំលោភបំពានពីអំណាចណាមួយទៀតបានឡើយ។ ព្រះមហាក្សត្រកម្ពុជាទ្រង់គង់នៅជាអាជ្ញាកណ្តាល ដើម្បីធានានូវនិរន្តរភាពនៃអំណាចដឹកដឹកនាំរដ្ឋទាំងបី។ ក្នុងន័យនេះ ពិតណាស់ព្រះអង្គមិនកាន់អំណាចផ្ទាល់ឡើយ តែអំណាចគ្រប់គ្រងរដ្ឋនីមួយៗ ត្រូវបានផ្តល់អំណាចស្របតាមរដ្ឋធម្មនុញ្ញ។ អង្គនីតិប្រតិបត្តិត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តី អំណាចនីតិប្បញ្ញត្តិត្រូវបានដឹកនាំដោយប្រធានរដ្ឋសភា អំណាចតុលាការតុលាការត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ។ ឧត្តមក្រុមប្រឹក្សានៃងអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដោយច្បាប់ ដែលកំណត់សមាសភាព និងមុខងារ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ។ ព្រះមហាក្សត្រទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឱ្យធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សាចៅក្រមនេះ។ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រម និងព្រះរាជអាជ្ញាអមសាលាជម្រះក្តីទាំងអស់។ ហើយរដ្ឋធម្មនុញ្ញក៏បានចែងយ៉ាងច្បាស់ថា ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ក្នុងមុខការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល ឬ អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល អាស្រ័យករណីទាក់ទងចៅក្រម ឬ ព្រះរាជអាជ្ញា។
អត្ថន័យ និងខ្លឹមសារពិតនៃរដ្ឋធម្មនុញ្ញ គឺ គួរត្រូវបានលោក ឡៅ ម៉ុងហៃ បកស្រាយឱ្យបានច្បាស់បំផុត ដើម្បីជៀសវាងការបង្កើតឱ្យមានការយល់ដឹងខុស យល់ដឹងមិនត្រឹមត្រូវតាមស្មារតីពិតនៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣។
ជាការពិតណាស់ រហូតមកដល់ពេលនេះ តុលាការកម្ពុជាដែលជាស្ថាប័នឯករាជ្យបាន និងកំពុងឆ្លងកាត់ការកែទម្រង់បន្តិចម្តងៗហើយកាន់តែល្អប្រសើរឡើងៗ ក្នុងការផ្តល់សេវាយុត្តិធម៌ ដោយបានប្រកាន់យកវិន័យសច្ចធម៌ អនាគត និងអព្យាក្រិត្យក្នុងការសម្រេចក្តី ដោយឈរលើគោលការណ៍អនុវត្តនីតិរដ្ឋដ៏ត្រឹមត្រូវ ដើម្បីធ្វើសង្គមកម្ពុជាទាំងមូលមានសុខដុមរមនា សង្គមកម្ពុជាមួយមានស្ថិរភាព ប្រកដបដោយសណ្តាប់សង្គម។ ជាក់ស្តែងសាលាឧទ្ទណ៍មួយចំនួនទៀតត្រូវបានបង្កើតនៅតាមតំបន់។
ដូច្នេះ លោក ឡៅ ម៉ុងហៃ មិនគួរក្លាយទៅជាអ្នកច្បាប់ចម្លែក ដែលធ្វើការវិភាគចាកឆ្ងាយពីភាពជាអ្នកវិភាគឯករាជ្យយ៉ាងពិតប្រាកដ ដោយសារតែលោកចេញមុខការពារអតីតបក្សប្រឆាំងយ៉ាងផ្កាប់មុខ ដែលតុលាការកំពូលកម្ពុជាបានសម្រេចរំលាយចោលរួចហើយនោះទេ៕
ដោយ ឡុង បូរិតា