ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្ត​អ្នក​អាន៖ ផឹកទឹក​ទន្លេមេគង្គ​រួម​គ្នា តែលោក ឡៅ ម៉ុងហៃ សុខ​ចិត្ត​ធ្វើ​កូន​អុក​បរទេស​ដើម្បី​ប្រយោជន៍នយោបាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 24
ទស្សនៈមិត្ត​អ្នក​អាន៖ ផឹកទឹក​ទន្លេមេគង្គ​រួម​គ្នា តែលោក ឡៅ ម៉ុងហៃ សុខ​ចិត្ត​ធ្វើ​កូន​អុក​បរទេស​ដើម្បី​ប្រយោជន៍នយោបាយ ទស្សនៈមិត្ត​អ្នក​អាន៖ ផឹកទឹក​ទន្លេមេគង្គ​រួម​គ្នា តែលោក ឡៅ ម៉ុងហៃ សុខ​ចិត្ត​ធ្វើ​កូន​អុក​បរទេស​ដើម្បី​ប្រយោជន៍នយោបាយ

លោក ឡៅ ម៉ុងហៃ បានលើកឡើងកាលពីថ្ងៃទី១២សីហាថា ឆ្នាំ១៩៧៩ ហ៊ានវ៉ៃកម្ទេចខ្មែរក្រហមដែលធ្វើបាបបង្អត់បាយខ្មែរ។ ឆ្នាំ២០១៩ ទៅវ៉ៃកម្ទេចដៃ EBA ដែលបញ្ចុកបាយខ្មែរទៅកើតឬ?
ប្រយោគខ្លីរបស់លោក ឡៅ ម៉ុងហៃ ត្បិតមិនសំដៅឲ្យចំថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបកាប់សម្លាប់បនប្រល័យពូជសាសន៍ប៉ុលពតក្តី តែលោក ឡៅ ម៉ុងហៃ ចង់បន្ទោសថា រដ្ឋាភិបាលដែលសង្គ្រោះប្រជាជនកម្ពុជាកាលពីឆ្នាំ១៩៧៩ ជាអ្នកធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅវិញ!

ជាតថភាពជាក់ស្តែង រឿងប្រពន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬ EBA ត្បិតថាវាសំខាន់សម្រាប់ខ្មែរ តែបើអត់ EBA ក៏ខ្មែរមិនស្លាប់ដែរ ហើយបើទោះជាមាន EBA ក៏មិនអាចធ្វើឲ្យខ្មែរក្លាយជាអ្នកមានបានដែរ។ EBA មុន និងក្រោយគង់តែនឹងបាត់បង់​ដោយសារតែកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ។ បើ​តាម​ការព្យាករណ៍របស់ធនាគារពិភពលោក(WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩ នឹងបន្តសម្រេចបានក្នុងអត្រា ៧,១ភាគរយ ដែលប្រហាក់ប្រហែលនឹងកំណើនក្នុងឆ្នាំ២០១៨ ដែរ។
អ្វីដែលជាសំណួរចង់ចោទសួរត្រឡប់​ទៅលោក ឡៅ ម៉ុងហៃ ​​វិញ នោះថាតើរដ្ឋាភិបាលដែលកសាងប្រទេសផ្តើមចេញពីបាតដៃទទេជាអ្នកធ្វើឲ្យបាត់បង់ EBA ឬក្រុមប្រឆាំងទៅវិញទេ ដែលជាអ្នកទៅសំពះសុំអង្វរឲ្យសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា វាយបំបែកឆ្នាំងបាយកម្មករខ្មែរ ដែលគេនិយាយពេញៗមាត់ថា ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាល ហ៊ុន សែន នោះ?

យ៉ាងណាមិញ លោក ឡៅ ម៉ុងហៃ ទោះមានងារជាបណ្ឌិត និងរហ័សនាមជាអ្នកវិភាគឯករាជ្យក្តី តែមិនដែលប្រកាន់គោលជំហរនៅកណ្តាល អព្យាក្រឹត្យ ឬឯករាជ្យដូចការអះអាងរបស់ខ្លួនឡើយ តែងលម្អៀងទៅរកបក្សប្រឆាំងជានិច្ច ហើយរិះគន់វាយប្រហាររដ្ឋាភិបាល ដោយសារមាន​និន្នាការនយោបាយ ពីព្រោះថា គាត់ធ្លាប់ជាទីប្រឹក្សារបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ អតីតអនុប្រធានទី១ រដ្ឋសភា។ កន្លងមកបុគ្គលរូបនេះ តែងបានបិទបាំងតំណែងខ្លួនជាទីប្រឹក្សារបស់លោក កឹម សុខា ហើយធ្វើសកម្មនយោបាយបម្រើឲ្យ​បក្សប្រឆាំងជ្រកក្រោមស្លាកអ្នកវិភាគឯករាជ្យ។ ការពិត លោក ឡៅ ម៉ុងហៃ ជាសាស្ត្រាចារ្យច្បាប់និយាយតម្លាន់រកស្តាប់មិនយល់ពេលបញ្ចេញវោហាស័ព្ទម្តងៗនោះ មិនមែនជាអ្នកវិភាគឯករាជ្យអីទេ គាត់គឺជាអ្នកឃោ​សនា​នយោ​បាយ​ឲ្យក្រុមប្រឆាំងក្រៅច្បាប់។

ទោះយ៉ាងណា ខ្ញុំសូមអរគុណដល់លោក ឡៅ ម៉ុងហៃ ដែលហ៊ានសារភាពទទួលស្គាល់ការពិតថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានវ៉ៃកំទេច ផ្តួលរំលំរបបខ្មែរក្រហម ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបយង់ឃ្នងខ្មៅងងឹត។ ការទទួលស្គាល់ការពិតរបស់លោក ឡៅ ម៉ុងហៃ ដែលថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយរំដោះប្រទេស និងប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្តីស្លាប់ ហើយធ្វើឲ្យប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់របស់ខ្មែរក្រហម មានបាយហូប មានម្ហូបអាហារ នំចំណីទទួលទានឡើងវិញនេះ មានន័យថា លោក ឡៅ ម៉ុងហៃ បានយល់ច្បាស់អំពីសិទ្ធិរស់រានមានជីវិត ដែលជា​សិទ្ធិមូលដ្ឋានចម្បងបំផុតនៃសិទ្ធិមនុស្ស ​មានចែងក្នុងមាត្រា៣២ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ បើនិយាយពីបញ្ហាសិទ្ធិមនុស្ស គឺត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត បើគ្មានជីវិតរស់នៅ គេក៏មិនអាចនិយាយពីសិទ្ធិមនុស្សបានដែរ។ សិទ្ធិរស់រានមានជីវិតនេះ ត្រូវបានបំពានទាំងស្រុងក្នុងសម័យខ្មែរក្រហមអំឡុងកាន់កាប់ប្រទេសរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
លោក ឡៅ ម៉ុងហៃ នៅបានទទួលស្គាល់ទៀតថា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ប្រជាជនកម្ពុជាមានឆ្នាំងបាយ មានបាយហូបគ្រប់គ្រាន់ មានសម្ភារៈប្រើប្រាស់ទំនើបៗ មាន​មធ្យោបាយធ្វើដំណើរសម្បូរ​បែប ដើរ​ហើរ​ដោយសេរី គឺខុសគ្នាឆ្ងាយណាស់ពីសម័យខ្មែរក្រហម ដែលមានន័យថា លោក ឡៅ ម៉ុងហៃ បានទទួលស្គាល់​កាពិតពីកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ កាន់តែមានភាពល្អប្រសើរឡើងពីមួយ​ថ្ងៃទៅមួយ។

គួររំលឹកបន្តិចផងដែរថា ក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី២ ឆ្នាំ១៩៩៨ ក្នុងពេល​ដែលរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលតម្រូវឲ្យមានសភាពអង្គការក្រៅរដ្ឋាភិបាល ១រូប ជា​សមាជិកទី៩ ​លោក ឡៅ ម៉ុងហៃ ក៏បានដាក់ពាក្យចូលរួមប្រកួតប្រជែងនឹងគេដែរ។ អ្វីជាការកត់សម្គាល់ក្នុងប្រកួតប្រជែង​ជ្រើសរើសនោះ មានបេក្ខជនពីរនាក់ គឺមានលោក ឡៅ ម៉ុងហៃ និងម្នាក់ទៀតជាអតីតកូនសិស្សរបស់គាត់​។ ទីបំផុតទៅលទ្ធផលចុងក្រោយបានប្រកាសថា អ្នកដែលក្លាយជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​គឺមិនមែនលោក ឡៅ ម៉ុងហៃ ទេ តែជាអតីតកូនសិស្សរបស់គាត់។ ដែលនេះវាបានឆ្លុះបញ្ចាំងពីភាពកម្សោយ​របស់លោក ឡៅ ម៉ុងហៃ រួចស្រេចទៅហើយ បើសូម្បីតែប្រជែង​ជាមួយកូនសិស្សខ្លួនឯងក៏លោក ឡៅ ម៉ុងហៃ មិនអាចជែងឈ្នះផង។ ជាពិសេសគាត់​គ្មាន​ប្រជាប្រិយភាព ដើម្បី​ទាក់​ទាញ​​សម្លេង​គាំទ្រ​ក្នុង​ការបោះ​ឆ្នោ​ត​ជ្រើស​រើសយក​រូប​គាត់​ឲ្យក្លាយ​ជា​សមាជិក​ទី​៩ នៃគណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតដែរ។​

សរុបមកវិញ ជាខ្មែរដូចគ្នា ផឹកទឹកទន្លេមេគង្គរួមជាមួយគ្នា ប៉ុន្តែទស្សនៈ និងគោលជំហរស្រឡាញ់ជាតិ រក្សាអធិប​តេយ្យ​ជាតិ និងឯករាជ្យភាពរបស់ជាតិ គឺខុសគ្នា។ រដ្ឋាភិបាល ​ចង់បានការបន្តនូវប្រព័ន្ធអនុគ្រោះពន្ធ EBA បើទោះបីយូរ ឬឆាប់ EBA នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិដោយសារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាង EBA គឺអធិបតេយ្យភាពជាតិ។ ​ជាសាស្ត្រាចារ្យម្នាក់​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ យើង​​អត់មានទស្សនៈ ដូចលោក ឡៅ ម៉ុងហៃ ទេ ដែលផឹកទឹកទន្លេមេគង្គជាមួយយើងដែរ តែ​មាន​ទស្សនៈ និង​គោល​ជំហរ​​ខុសស្រឡះ​ពី​យើង​ គឺ​សុខ​ចិត្ត​ធ្វើ​ជាអាយ៉ង ធ្វើ​ជា​កូន​អុក​របស់​បរទេសដើម្បី​ប្រយោជន៍​នយោបាយ​​ ឲ្យ​តែ​បាន​ជំនួយ​ទោះ​បី​បាត់​បង់​អធិបតេយ្យ​ជាតិ​ក៏​ព្រម​ដែរនោះ៕

​ដោយ៖ អតីតសាស្ត្រាចារ្យសកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា

អត្ថបទទាក់ទង