ការរៀបចំទីលានមុខប្រាសាទអង្គរវត្ត (Angkor Wat Parvis) កំពុងដំណើរការទៅមុខ

ដោយ៖ លី វិទ្យា​​ | ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០១៩​ | ផ្ទះហ្វេសប៊ុក | 0 |

នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២១០៩ នេះ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងតាមដានការសាងសង់ ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីជំរុញការងារឱ្យបានទាន់ពេលវេលា និងគោរពតាមបទដ្ឋានបច្ចេកទេស នៃផែនការមេ រក្សាបាននូវគុណតម្លៃផ្នែកបេតិកភណ្ឌ ទាំងផ្នែកវប្បធម៌ និងបរិស្ថាន។

គម្រោងនេះ ស្ថិតនៅមុខខាងលិចប្រាសាទអង្គរវត្ត ក្នុងគោលបំណងលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យមានបរិស្ថានល្អស្អាត កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានាលើប្រាសាទ ទេសភាព និងធម្មជាតិ រក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងភាពថ្លៃថ្នូរក្នុងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋ។

ផ្នែកសំខាន់ៗនៃគម្រោងរួមមាន៖ សាងសង់ចំណតយានយន្តគ្រប់ប្រភេទ (សាងសង់រួចរាល់) កន្លែងបដិសណ្ឋារកិច្ច និងផ្តល់ព័ត៌មាន កន្លែងផ្ញើអីវ៉ាន់ កន្លែងសម្រាករង់ចាំ កន្លែងលក់ដូរសម្រាប់ប្រជាពលរដ្ឋដែលមានតូបលក់ដូរស្រាប់ពីមុន សាលពិព័រណ៍ សារមន្ទីរលំហ កន្លែងអាជីវកម្មដែលមានស្តង់ដារអន្តរជាតិ ជាដើម។ គម្រោងនេះនឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេល១២ខែ។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលស្វីស បានកសាងទីលានមុខប្រាសាទបន្ទាយស្រីមួយជាគម្រូរួចមកហើយ និងបានសម្ពោធដាក់ឱ្យដំណើរការតាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៩ មកម្លេះ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង