និស្សិតស្ថាបត្យកម្ម៤៥នាក់ចុះកម្មសិក្សាស្វែងយល់ពីទីតាំងភូមិសាស្ត្រក្នុងប្រកួតប្រជែងការកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន
យោងតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឱ្យមានការកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ទើបអាជ្ញាធរជាតិអប្សរាបានប្រកាសរកនិស្សិតដែលមានសមត្ថភាពបញ្ចេញស្នាដៃលើគម្រោងកែលម្អផ្លូវនេះដែលបញ្ចូលទាំងគំនិតអភិវឌ្ឍន៍និងអភិរក្ស។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាសាស្ត្រ វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសមកពីរាជធានីភ្នំពេញចំនួន៤៥នាក់ បានជួបជុំគ្នាស្តាប់បទបង្ហាញពីអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងចុះទៅត្រួតពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមខ្លួនបញ្ចេញគំនិតក្នុងការប្រកួតប្រជែងពីគម្រោងកែលម្អផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ដែលមានរយៈពេលមួយខែ ដោយដំណើរការចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ តទៅ។ ចំពោះជ័យលាភីនឹងទទួលបានទឹកប្រាក់ចំនួន១០០០ដុល្លារសម្រាប់លើកទឹកចិត្ត ហើយតាមរយៈការប្រកួតប្រជែងបញ្ចេញស្នាដៃនេះ គឺជាការផ្តល់ឱកាសឱ្យនិស្សិតបានបញ្ចេញស្នាដៃខ្លួនក្នុងការងារអភិវឌ្ឍន៍ដើម្បីអភិរក្សនៅក្នុងតំបន់អង្គរផងដែរ។
តាមការឱ្យដឹងពីលោក សោម សុផារ៉ាត់ មន្ត្រីបច្ចេកទេសនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ បានឱ្យដឹងថា កំណាត់ផ្លូវដែលត្រូវកែលម្អគឺចាប់ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ទៅដល់ផ្លូវហ្សាលឌឺហ្គោលទល់មុខមន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវកែច្នៃឱ្យមានសោភ័ណភាព សុវត្ថិភាព និងផាសុកភាព។
លោក សុផារ៉ាត់ បន្តថា គម្រោងកែលម្អផ្លូវនេះ គឺក្នុងបំណងស្ថាបនាឱ្យកំណាត់ផ្លូវដ៏មមាញឹកក្នុងការបម្រើសេវាកម្មទេសចរណ៍ ក៏ដូចជាការឆ្លងកាត់របស់ប្រជាជន ក្លាយជាផ្លូវគំរូមួយសម្រាប់ខេត្តសៀមរាបដោយការរៀបចំឱ្យមានសួនច្បារ ផ្លូវដើរ ផ្លូវកង់ ការដាំដើមឈើ កែលម្អចិញ្ចើមថ្នល់ឱ្យស្អាត ធ្វើឱ្យប្រឡាយមានទឹកជាប្រចាំ ដើម្បីទាក់ទាញទេសចរ និងការធ្វើលំហាត់ប្រាណរបស់ប្រជាជន៕
អត្ថបទ៖ ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា