ខ្មែរប៉ុស្ដិ៍ Close

RUPP ផ្តល់ជូន «សញ្ញាបត្រកិត្តិយសសម្រាប់ឧត្តមជន ដែលចូលរួមចំណែកជួយលើវិស័យអប់រំ» ដល់នាយករដ្ឋមន្ត្រីម៉ាឡេស៉ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31

សាកលវិទ្យាល័យភូមិន្ទភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានផ្តល់ជូនសញ្ញាបត្រមួយឈ្មោះថា «សញ្ញាបត្រកិត្តិយសសម្រាប់ឧត្តមជន ដែលចូលរួមចំណែកជួយលើវិស័យអប់រំ -Honorary Fellowship» ដល់លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បន្ទាប់ពីលោកបានធ្វើបាថកថា ស្តីពី «ការរក្សាតុល្យការនៃទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យនេះ។

លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ ឱ្យដឹងថា ការជូនសញ្ញាបត្រ «Honorary Fellowship» ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ត្រូវបានធ្វើឡើងដើម្បីកោតសរសើរចំពោះការរួមចំណែកផ្តល់ចំណេះដឹង ក្នុងការលើកស្ទួយលើវិស័យអប់រំ។ លោកសាកលវិទ្យាធិការ បានបន្តថា សញ្ញាបត្រនេះក៏ជាការកោតសរសើរ ដែលនាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានចំណាយពេលវេលា ចែករំលែកចំណេះដឹងជូននិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពោលគឺលោកធ្លាប់បានធ្វើបាថកថា នៅសាកលវិទ្យាល័យនេះចំនួន​២ដងហើយ។

បើតាមលោក លោក ជេត ជាលី បាថកថារបស់លោក មហាធា មហាម៉ាត់ គឺជាបទពិសោធន៍ថ្មីដើម្បីផ្តល់ឱកាសឱ្យនិស្សិត និងយុវជនកម្ពុជា ទទួលបាននូវចំណេះដឹងថ្មីជាច្រើន ទាំងចំណេះដឹងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ លោក បានថ្លែងថា បើនិយាយជារួម បាថកថានេះ បានផ្សាភ្ជាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅនឹងវាគ្មិន ពូកែៗ ល្បីៗ នៅក្នុងតំបន់ និងអន្តរជាតិតែម្តង។

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា សាកលវិទ្យាល័យមានអ្នកធ្លាប់មកចូលរួមច្រើន ដូចជាប្រធានសភារបស់កូរ៉េ អគ្គលេខា ធិការអាស៊ាន ភរិយារបស់ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ ក៏ធ្លាប់មក នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ក៏មកធ្វើឱ្យនិស្សិតមានការឆ្លងឆ្លើយ ផ្តល់ឱកាសដល់និស្សិតយើង ទទួលបានចំណេះដឹងថ្មីៗ។ សាកលវិទ្យាល័យតែងតែរកវាគ្មិន មកជួបនិស្សិតយើង។ មហាធៀរ គាត់ជាអ្នកពូកែមួយរូប នៅក្នុងអន្តរជាតិ យើងបើកទូលាយ ឱ្យមាននិស្សិតច្រើនចូលរួម។

សូមបញ្ជាក់ថា លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៉ី នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើបាឋកថា ជូនដល់និស្សិតខ្មែរប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»

អត្ថបទទាក់ទង