ខ្មែរប៉ុស្ដិ៍ Close

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1214
    នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ

    លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងប្រមាណ ៩:៤០នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។

    ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

    តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំឡុងទស្សនកិច្ចនេះនាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និង លោក ហេង សំរិន ប្រធានរដ្ឋសភា។

    លោក មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្រោងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។

    ក្នុងកំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា។

    ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

    បន្ទាប់ពីមកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ នឹងអញ្ជើញធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ៕

    អត្ថបទទាក់ទង