សម្តេចតេជោ ហ៊ុន សែន យល់ព្រមភ្នាល់ជាមួយ សម រង្ស៉ី «បើសិន សម រង្ស៉ី ចូលមកកម្ពុជាហើយចាប់មិនបានក្នុងរយៈពេល២៤ម៉ោង, សម្តេចសុខចិត្តចុះចេញពីតំណែង»
(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលបានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ថា បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះសម្តេចតេជោ យល់ព្រមចុះចេញពីតំណែងទេ ? នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដើម្បីឆ្លើយតបនឹងការបបួលរបស់ទណ្ឌិត សម រង្ស៉ី។ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ខ្ញុំយល់ព្រមទទួលការភ្នាល់ជាមួយអាម្សៀ រង្ស៉ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល ២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង។ ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ?
ចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយលើការភ្នាល់នេះ»។
ការយល់ព្រមទទួលភ្នាល់ជាមួយទណ្ឌិត សម រង្ស៉ី នៅពេលនេះធ្វើឡើងបន្ទាប់ពីទណ្ឌិតរូបនេះ បានសរសេរបង្ហោះតាម Facebook និងគេហទំព័ររបស់ខ្លួន ជាមួយខ្លឹមសារថា៖ «បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ០៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រម ចុះចេញពីតំណែង ភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ?»៕
ប្រភព៖ Fresh News