បន្ទាប់ពីសោកនាដកម្មដ៏រន្ធត់ឆក់យកជីវិតក្មេងៗជាង១០នាក់យ៉ាងអាណោចអាធ័ម ដោយលិចទូកចម្លងក្រោយចេញពីសាលារៀន ប្រជាពលរដ្ឋស្នើសុំសម្តេចតេជោ ជួយសង់ស្ពានឆ្លង ដោះស្រាយការលំបាកជាពិសេសនៅរដូវវស្សា
ហេតុការណ៍ដ៏តក់ស្លុតលិចទូកចម្លងដឹកកូនសិស្សចេញពីសាលារៀនទៅផ្ទះ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បើតាមព័ត៌មានផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច គិតរហូតមកដល់រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងបានរកឃើញសពកើនឡើង១០នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ និង១នាក់ទៀតកំពុងបន្តបាត់ខ្លួន ដែលតាមការសន្និដ្ឋាននោះពួកគេក៏អាចស្លាប់ផងដែរ។
បញ្ជីឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖
១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់)
២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង (រស់)
៣៖ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (រស់)
៤៖ ឈ្មោះ រឿន សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស (រស់)
* មនុស្ស៤នាក់ខាងលើមានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
បញ្ជីឈ្មោះអ្នកស្លាប់ដោយសារលិចទូក និងកំពុងបាត់ខ្លួន៖
១៖ ឈ្មោះ ផាត ទីណា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
២៖ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៣៖ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៤៖ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៥៖ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
៦៖ ឈ្មោះ ចាន់ សុខជីម ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៧៖ ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
៨៖ ឈ្មោះ សុន សុផាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស
៩៖ ឈ្មោះ បិនដា ជូលី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស
១០៖ ឈ្មោះ រី សុលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស
១១៖ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
នេះគឺជាសោកនាដកម្មដ៏គួរឱ្យតក់ស្លុតមួយ ដែលបានឆក់យកជីវិតកុមារដែលរហូតជាង១០នាក់ក្នុងពេលតែមួយ។ សម្លេងទ្រហោយំកងរំពងស្ទើរតែពេញភូមិ ដែលធ្វើឱ្យរំជួលចិត្តដល់ពលរដ្ឋកម្ពុជាស្ទើរពេញផ្ទៃប្រទេស។ គេឃើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ បានសំដែងមរណៈទុក្ខ និងចូលរួមជាថវិកាឧបត្ថម្ភដល់គ្រួសាររងគ្រោះផងដែរ។ បន្ទាប់ពីមានហេតុការណ៍អាក្រក់នេះកើតឡើងប្រជាពលរដ្ឋនៅភូមិលើកោះនេះ និងពលរដ្ឋដែលសោកស្តាយអាណិតក្មេងៗដែលបានស្លាប់ ក៏បានសំដែងក្តីបារម្ភ ខ្លាចថាហេតុការអាក្រក់នេះអាចនឹងកើតឡើងទៀតជាពិសេសនៅរដូវទឹកឡើង។ ពលរដ្ឋបានសំណូមពរឱ្យ សម្តេចតេជោ ហ៊ុន សែន ជួយសាងសង់ស្ពានសំរាប់ពួកគាត់ ព្រោះថាការលំបាកជាក់ស្តែងរបស់ពួកគាត់ គឺការធ្វើដំណើរនៅរដូវរស្សានេះតែម្តង ទាំងការដឹកកសិផល ការឈឺថ្កាត់ពេលយប់ និងជាពិសេសក្មេងៗដែលត្រូវធ្វើដំណើរឆ្លងទឹកទៅរៀនរាល់ថ្ងៃ៕