ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ “សម រង្ស៊ី ធ្លាក់កូដ ចុះដុនដាប និងអស់តម្លៃ!”

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 61
លិខិតមិត្តអ្នកអាន៖  “សម រង្ស៊ី ធ្លាក់កូដ ចុះដុនដាប និងអស់តម្លៃ!” លិខិតមិត្តអ្នកអាន៖ “សម រង្ស៊ី ធ្លាក់កូដ ចុះដុនដាប និងអស់តម្លៃ!”

ពិតជាគួរឲ្យសង្វេគពន់ពេកណាស់សម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី។ យោងតាមព័ត៌មានដែលខ្ញុំបានតាមដានតាមហ្វេសប៊ុក ក៏ដូចជាព័ត៌មានដែលមិត្តភ័ក្តិផ្តល់ឲ្យផ្ទាល់ពីនាយសមុទ្រដែរ ឃើញថា សភាពរបស់លោក សម រង្ស៊ី ចុងក្រោយនេះបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ពីរនាក់ប្តីប្រពន្ធគាត់ខំដើរគ្រប់ច្រកល្ហកដើម្បីបន្តឃោសនាលាបពណ៌រដ្ឋាភិបាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងន័យចង់ប្រមូលការគាំទ្រក្រែងអាចបន្តអាជីពនយោបាយទៅមុខបានមួយដង្ហើមចង្រិតទៀតនិងជាពិសេសក៏ដើម្បីប្រមូលលុយផងដែរ។

ប៉ុន្តែ អ្វីដែលខ្ញុំមើលឃើញគឺ លោក សម រង្ស៊ី ពេលនេះមានសភាពមិនខុសពីជនពនេចរអនាថាគ្មានទីដៅ និងគ្មានអ្នកគាំទ្រគគ្រឹកគគ្រេងដូចពីមុនទៀតឡើយ។ បើនិយាយតាមបែបភាសាអ្នកស្រុកខ្មែរយើងគឺ លោក សម រង្ស៊ី ពេលនេះកំពុងតែធ្លាក់កូដខ្លាំងណាស់ គឺ ខ្លាំងសឹងតែហៅលែងលឺតែម្តង។

ហេតុអ្វីបានជាខ្ញុំហ៊ានសន្និដ្ឋាន យ៉ាងដូច្នេះ? ខាងក្រោមនេះ ខ្ញុំសូមបង្ហាញជូននូវស្ថានភាពជាក់ ស្តែងខ្លះៗរបស់លោក សម រង្ស៊ី ដែលយើងបានតាមដានឃើញ ប៉ុន្មានថ្ងៃចុងក្រោយនេះ៖

ទី១៖ ពេលទៅដល់ប្រទេសអូស្ត្រាលី ញូហ្ស៊េលែន ឬ ប្រទេសផ្សេងទៀតក្តី ការគាំទ្រពីសំណាក់បងប្អូនខ្មែរនៅទីនោះចំពោះលោក សម រង្ស៊ី បានធ្លាក់ចុះយ៉ាងគំហុគបំផុតគួរឲ្យកត់សម្គាល់ពោលគឺមានមនុស្សតិចតួចបំផុតដែលមក ឮទទួល លោក សម រង្សី។ នៅក្នុងកម្មវិធីជួបជុំនីមួយៗ លោក សម រង្ស៊ី ត្រូវពន្យារពេលយ៉ាងយូរទម្រាំអ្នករៀបចំកម្មវិធីប្រមែប្រមូលបានមនុស្សមួយដបរស្វាមក ចូលរួម។ អ្នកថតវីដេអូឲ្យលោក សម រង្ស៊ី ឯណោះវិញបែកញើសប៉ុនៗគ្រាប់ពោត ហើយខំស្រែកឆ្លេឆ្លាឆ្កាដៃជើងពេលលោក សម រង្ស៊ី មកដល់។ ពួកគេខំស្រែកបញ្ជាឲ្យអ្នកថតធ្វើយ៉ាងណាឲ្យឃើញដូចជាមានមនុស្សច្រើន។ ពេលខ្លះស្រែកទាំងភ្លេចគិតថាសំឡេង របស់ខ្លួនថតជាប់ក្នុងវីដេអូទៀត ផង។ នៅក្នុងសភាពបែបនោះ យើងអាចមើលឃើញយ៉ាងច្បាស់ក្រឡែតនូវទឹកមុខក្រៀមក្រោះរបស់លោក សម រង្ស៊ី នៅពេលដែលគាត់ចុះពីលើឡានហើយឃើញមនុស្សដ៏តិច តួចមកទទួលគាត់។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏លោក សម រង្ស៊ី និងប្រពន្ធគាត់បង្ខំចិត្តប្រឹងសំដែងដោយខំទះដៃទាំងទឹកមុខសោះកក្រោះ។ គឺចំណុច នេះហើយដែលបង្ហាញអោយឃើញនូវភាពខុសស្រឡះពីពេលមុនដែលមានមនុស្សច្រើនកុះករ មកចាំទទួល។ ហើយនេះក៏ស បញ្ជាក់ថា ពលរដ្ឋខ្មែរនៅក្រៅស្រុក មានចំនួនកាន់តែច្រើន ឡើងៗអស់ជំនឿនិងអស់សង្ឃឹមលើលោក សម រង្ស៊ីនិងគូកន។

ទី២៖ ពេលទៅដល់ប្រទេសនីមួយៗ ខ្ញុំឃើញលោក សម រង្ស៊ី ប្រមូលលុយបានតិចតួចបំផុតពោលគឺបានត្រឹមពីរឬបីពាន់ដុល្លារដែលមិនគ្រប់ទាំងថ្លៃសំបុត្រយន្តហោះសម្រាប់ពីរនាក់ប្តីប្រពន្ធគាត់ផង ដោយនេះយើងមិនចាំបាច់រាប់បញ្ចូលថ្លៃសំបុត្រយន្តហោះនិងការស្នាក់ នៅរបស់ក្រុមអ្នកហែរហមប៉ុន្មាននាក់ផ្សេងទៀតនោះផងទេ។ ទោះជាលោក សម រង្ស៊ី ខំស្រែក បរិហារមួលបង្កាច់រដ្ឋាភិបាលក្រុងភ្នំពេញស្ទើរបែកកន្លើតយ៉ាងណាក្តី ក៏ចំនួនអ្នកចូលបច្ច័យបានថយចុះយ៉ាងគំហុគ។ ហើយយើងក៍បានឃើញផងដែរថា មានពេល ខ្លះ លោក សម រង្ស៊ី បានដើររៃអង្គាសដល់ក្នុងវត្តអារាមនិងពេលខ្លះទៀត ដើររៃអង្គាសតាមផ្ទះទៀតផង។ ហើយមានពេលមួយនោះដែលយើងឃើញក្នុងវិដេអូ ដែលបានបង្ហោះនៅពេល គឺ មានម្ចាស់ផ្ទះដែលដឹងខ្លួនមុនក៏គេចបាត់ព្រោះមិនចង់ចូលលុយ ឥតប្រយោជន៍ដោយទុកឲ្យលោក សម រង្ស៊ី នៅឈរពីមុខផ្ទះគេយ៉ាងកណ្តោចកណ្តែងមុននឹងត្រឡប់ទៅវិញទាំងក្តីអស់ សង្ឃឹម។ ចំនួនអ្នកគាំទ្របាត់មុខស្ទើរអស់ រីឯចំនួនលុយដែលប្រមូលបានក៏ថយចុះស្ទើរអស់ដែរ។ នេះហើយជាលទ្ធផល នៃនយោបាយចាក់រុក ញុះញង់ អុជអាលនិងលាបពណ៌ដែលធ្វើឲ្យអ្នកគាំទ្របាត់បង់ជំនឿ។

ទី៣៖ បើយើងមើលការបង្ហោះសកម្មភាពរបស់គាត់ក្នុងវិដេអូ យើងឃើញលោក សម រង្ស៊ី នៅពេលនេះ បានធ្លាក់ខ្លួនដើរ រាយការណ៍តាមតូប លក់បន្លែនៅប្រទេសគេដោយមួលបង្កាច់ថា ស្រុកខ្មែរគ្មានហាងលក់បន្លែដូចស្រុកគេអ៊ីចឹងទេ! ពេលលឺសំដីរបស់លោក រង្ស៊ីនិយាយបែបនេះ មានមនុស្សជាច្រើន រាប់ទាំងរូបខ្ញុំដែរដែលមើលវិដេអូ នោះ នាំគ្នាលាន់មាត់ដោយហួសចិត្តហើយទប់សំណើចមិនបាន ពេលឃើញលោក សម រង្ស៊ី និយាយរឿងស្រុកខ្មែរគ្មានតូបលក់បន្លែ។

ខ្ញុំគិតថា លោក សម រង្ស៊ី ប្រហែលជារត់ចោលស្រុកយូរពេក ឬក៏ថាពេលគាត់នៅក្នុងប្រទេស គាត់មិនដែលបានដើរ ចេញពីផ្ទះទើបមិនបានដឹងថា ស្រុកខ្មែរមានហាងទំនើបៗ និងហាងលក់បន្លែស្អាតជាងកន្លែងដែលគាត់ឈររាយការណ៍ទៅទៀត។ រីឯហាងទំនើបៗដាក់ លក់បន្លែធម្មជាតិក៏មហាសម្បូរណាស់ដែរហើយអ្នកណាចង់ បានបន្លែប្រភេទអីក៏បានតាមចិត្តចង់។ ប្រជាពលរដ្ឋខ្មែរឥឡូវនេះកំពុងនាំគ្នាសម្រុកដាំបន្លែតាមផ្ទះតាមបែបធម្មជាតិដើម្បីលំអរបរិស្ថានផងនិងដើម្បីប្រើប្រាស់ប្រចាំគ្រួសារផង។ រីឯសមត្ថកិច្ចជំនាញក៏បានចុះត្រួតពិនិត្យទំនិញសព្វសារពើ មាន់ ត្រី សាច់ បន្លែ ផ្លៃឈើ ជាប្រចាំដើម្បីធានាសុខភាពជូនពលរដ្ឋ។

ខ្ញុំយល់ថា ការនិយាយបោក ប្រាសរបស់លោក សម រង្ស៊ីរហូត ដល់ថ្នាក់និយាយភូតកុហកលើគោកថា ស្រុកខ្មែរគ្មានតូបលក់បន្លែគឺពិតជាធ្វើអោយខ្លួនគាត់អស់តម្លៃរលីងព្រោះជាការ និយាយដោយមិនយល់អំពីការពិតផងហើយជាពិសេសគឺ និយាយអោយតែរួចពីមាត់ក្នុងន័យធ្បើម៉េចអោយតែបានបង្អាប់និងបង្ខូចរដ្ធាភិបាលដឹកនាំដោយលោក ហ៊ុន សែន ។

ទី៤៖ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនក៏ដូចជាសកម្មភាពនិងការប្រើ ប្រាស់ពាក្យសម្តីរបស់លោក សម រង្ស៊ី ដែរ គេក៍អាចកត់ សម្គាល់បានយ៉ាងច្បាស់ថា លោក សម រង្ស៊ី ជាមនុស្សធ្លាក់កូដខ្លាំងមែនទែនពីព្រោះគាត់តែងយកព័ត៌មានក្លែងក្លាយ ការចោទប្រកាន់គ្មានមូលដ្ឋាន និងការប្រើប្រាស់ពាក្យពេចន៍មិនថ្លៃថ្នូរ មកធ្វើជាត្រីមុខ។ ជាធម្មតា ក្នុងនាមជាអ្នកនយោបាយថ្លៃថ្នូរ គេមិនដែលយករឿងអេចអូច គ្មានមូលដ្ឋាន ឬការចោទប្រកាន់ មួលបង្កាច់ រហូតដល់យកព័ត៌មានក្លែងក្លាយមកបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួនឡើយពីព្រោះគេយល់ថា នោះជាអំពើមិនថ្លៃថ្នូរដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់ខ្លួន។ ប៉ុន្តែ ផ្ទុយទៅវិញ រឿងដែលមិនគួរនិយាយ ឬមិនគួរបង្ហោះសោះ បែរជាមាននៅក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី គ្រប់បែបយ៉ាងទាំងអស់ដែលពេលខ្លះមនុស្សជាច្រើនលាន់មាត់ថា លោក សម រង្ស៊ី លេងដូចកូនក្មេងដែលគ្មានការអប់រំ។

ចំណុចដូចបានរម្លេចខាងលើនេះគឺជាភស្តុតាងដែលបញ្ជាក់ថា ជីវិតនយោបាយរបស់លោក សម រង្ស៊ី កំពុងធ្លាក់កូដ ចុះដុន ដាបនិងធ្លាក់ហាងឆេង។ អ្វីដែលជាការបញ្ជាក់ថា សម រង្ស៊ី ពិតជាអស់តម្លៃខ្លាំងបំផុតនោះគឺការ បាត់បង់ជំនឿពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ប្រជាពលរដ្ធខ្មែរភាគច្រើនបំផុតក៍មាន ការយល់ឃើញដូចៗគ្នាដែរថា ការប្រកាសរបស់ លោក សម រង្ស៊ី កំណត់យកថ្ងៃទី ៩ វិច្ឆិកា ថាជាថ្ងៃដែលវិលត្រឡប់មកប្រទេសវិញនោះ គឺគ្មានអ្វីក្រៅពីឆាកល្ខោនសំដែងបោកប្រាស់ជាថ្មីម្តងទៀតដើម្បីតែបុព្វហេតុ ប្រមូលលុយតែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលខ្ញុំកត់សំគាល់ជាសំខាន់បំផុតនោះ គឺកុំថាឡើយដល់ទៅអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ឬគណបក្សផ្សេង សូម្បីតែក្នុងចំណោមអ្នកគាំទ្រលោក សម រង្ស៊ី ខ្លួនឯងក៏គ្មានអ្នកណាជឿដែរ រីឯក្រុមកឹម សុខា និយមវីញក៏គេយល់ដូចៗគ្នាដែរ ថា “បើសម រង្ស៊ី ពិតជាអ្នកក្លាហានមែននោះ សម រង្ស៊ីមិនកំសាករត់ចោលស្រុកតាំងពី ដំបូងនោះទេហើយក៏ត្រូវក្លាហានហ៊ាននៅជាប់គុកតាំងពីរឿងដំបូងៗនោះមកម្លះ” ។

សរុបមកវិញ លទ្ធផលដែល លោក សម រង្ស៊ីនិងគូកនគាត់ បានទទួលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺមានអ្នកចាប់អារម្មណ៍ មកទទួលនិងស្តាប់ពាក្យភូត កុហករបស់គាត់តិចតួចបំផុត ហើយលុយកាក់ដែលពួកគេបានផ្តល់អោយក៏មានចំនួនតិចតួច បំផុតដែរដែលយើងអាចយល់ បានថា វាគ្រាន់តែជាការគម្រប់កិច្ចតែប៉ុណ្ណោះ។ គឺដោយសារ តែហេតុនេះហើយបានជាខ្ញុំហ៊ានសន្និដ្ឋានថា ហាងឆេងលោកសម រង្ស៊ីនៅពេលនេះពិតជាធ្លាក់ចុះដុនដាបយ៉ាងខ្លាំងមិនធ្លាប់មាន៕

ដោយ : អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង