ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ នៅលើទឹកដីអង្គរសៀមរាប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 24
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ នៅលើទឹកដីអង្គរសៀមរាប លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ នៅលើទឹកដីអង្គរសៀមរាប

ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេន ដែលរួមមាន ១៖ កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន និង ២៖ កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទ «លើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល»។

កិច្ចប្រជុំនេះ នឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖ ១៖ ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព, ២៖ ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព, ៣៖ ការពង្រឹងសមត្ថភាព ក្នុងការអនុវត្ត និយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក និង៤៖ នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។

កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីសុខាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរសរុបប្រមាណ៣០០នាក់។ កិច្ចប្រជុំ ក៏នឹងពិភាក្សា និងអនុម័តនូវរបៀបវារៈអាទិភាពសំខាន់ៗមួយចំនួនផងដែរ។

កិច្ចប្រជុំនេះ នឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ហើយ លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំទាំងមូល សម្រាប់អនុវត្តបន្ត ៕

អត្ថបទទាក់ទង