លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំពាវនាវ ៨ ចំណុច ដើម្បីបន្តលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា
ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨កញ្ញា ២០១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវ៨ចំណុច ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ នេះបើយោងតាមសារលិខិត ដែលទទួលបាននៅថ្ងៃទី២៦ ខែសីហានេះ។
ក្នុងបរិការណ៍នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្ម ទៅនឹងជំនាញមុខរបរ ជាពិសេសឈានទៅសម្រេចបាននូវគោលដៅ ប្រែក្លាយពលករ ដែលប្រើកម្លាំងសុទ្ធសាធទៅជាពលករ ដែលមានជំនាញស្របតាម «យុទ្ធសាស្ត្រកំណើនថ្មី» របស់កម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវដល់ស្ថាប័នជាតិ អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ដល់ការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ក្នុងស្មារតីនេះ ដើម្បីបន្តចូលរួមលើកកម្ពស់ ការងារអក្ខរកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សម្តេចបានអំពាវនាវ៨ចំណុចដូចតទៅ៖
ទី១៖ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ លិខិតបទដ្ឋាន និងយន្តការចាំបាច់ ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តឱ្យមានប្រសិទ្ធភាព និងគុណភាព ដោយធានាបាននូវលទ្ធផលទទួលយកបាន ក្នុងការផ្តល់ការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មី នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
ទី២៖ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា និងទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធី អប់រំកម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈ ឱ្យកាន់តែសម្បូរបែបនិងមានភាពបត់បែន ឆ្លើយតបនឹងតម្រូវការអ្នកសិក្សា ដើម្បីផ្តល់សេវាអប់រំពេញមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ ទាំងសេវាអប់រំក្រៅប្រព័ន្ធ និងទាំងសេវាអប់រំមិនផ្លូវការ ដល់ប្រជាពលរដ្ឋគ្រប់រូប។
ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី តាមថ្នាក់រៀនអប់រំក្រៅប្រព័ន្ធ តាមគ្រប់រូបភាព ជាពិសេស ត្រូវខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលជាជនមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រ។
ទី៤៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមាន បណ្តាញទំនាក់ទំនងសង្គមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី និងព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីអានុភាពនៃការងារអក្ខរកម្ម ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យមានការយល់ដឹង កាន់តែទូលំទូលាយពោលគឺ «អក្ខរកម្មផ្សារភ្ជាប់នឹងជំនាញមុខរបរ»។
ទី៥៖ ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ធិ និងក្រុមយុវជនកាកបាទក្រហមកម្ពុជា ត្រូវចុះជួយបង្រៀនដោយស្ម័គ្រចិត្ត ដល់អ្នកមិនចេះអក្សរ នៅតាមថ្នាក់អក្ខរកម្ម និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលស្ថិតក្នុងមូលដ្ឋាន របស់ខ្លួនកំពុងរស់នៅ។ ដោយឡែក បងប្អូនជនរួមជាតិ ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយបន្តជំរុញបងប្អូន កូនចៅឱ្យបានចូលរៀនតាមសាលារៀន ចំណេះទូទៅគ្រប់ៗគ្នា។ ក្មួយៗនិងបងប្អូន ដែលពុំទាន់ចេះអក្សរ ភ្លេចអក្សរ ឬបោះបង់ការសិក្សា សូមខិតខំប្រឹងប្រែងស្វែងរកការរៀនសូត្រ នៅតាមថ្នាក់អក្ខរកម្ម ថ្នាក់សមមូល ថ្នាក់ចូលរៀនឡើងវិញ និងការបណ្តុះបណ្តាល ជំនាញនៅតាមមជ្ឈមណ្ឌល សិក្សាសហគមន៍ ដែលនៅជិតភូមិឋានរបស់ខ្លួន។
ទី៦៖ វត្តអារាមនិងវិហារសាសនា ត្រូវជំរុញចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងមុខរបរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំ អំពីសារប្រយោជន៍នៃការរៀនសូត្រ អំពីសីលធម៌ និងការលើកកម្ពស់វប្បធម៌ រស់នៅក្នុងភាពជាពលរដ្ឋសកល។
ទី៧៖ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូដោយជួយឧបត្ថម្ភគាំទ្រ ដល់កម្មវិធីអប់រំក្រៅប្រព័ន្ធ ជាពិសេស កម្មវិធីអក្ខរកម្ម ផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវ ឱ្យមានដំណើរការល្អជាប់ជាប្រចាំ។
ទី៨៖ ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយជំរុញការបើកថ្នាក់អក្ខរកម្មគួបផ្សំ នឹងថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើងទាំងអស់គ្នា ត្រូវចងចាំថា «មានអក្ខរកម្ម មានការគិតគូរ និងការសម្រេចចិត្តបានត្រឹមត្រូវ» «មានអក្ខរកម្មនាំឱ្យការអភិវឌ្ឍសហគមន៍ កាន់តែរីកចម្រើន» «មានអក្ខរកម្មមានសុខដុមជីវិតបុគ្គល គ្រួសារ និងសង្គម» ៕