ខ្មែរប៉ុស្ដិ៍ Close

ឃាត់ខ្លួនជនជាតិចិន ១ នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
ឃាត់ខ្លួនជនជាតិចិន ១ នាក់  ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនជាតិចិន ១ នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង។ លុះកម្លាំងល្បាតដល់ចំណុចក្លិបកំសាន្ត REC ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃើញយុវជន ០១នាក់ (ជនជាតិចិន) ហាក់មានស្ថានភាពគួរឲ្យសង្ស័យ កម្លាំងល្បាតបានឃាត់សួរនាំ និងធ្វើការឆែកឆេរ ឃើញមាន៖ គ្រឿងញៀនកេតាមីន(ខេហិត) ចំនួន ០៣កូនថង់ ស្មើ ២.៣៨ក្រាម គ្រឿងញៀន YSL ពណ៌លឿង ប្រភេទថ្នាំគ្រវី ចំនួន ០៥គ្រាប់ ស្មើ ២.៥៩ក្រាម ប្រាក់ថៃ ចំនួន ២.០០០បាត ទូរស័ព្ទដៃ ចំនួន ០១គ្រឿង នាមប័ណ្ណ ចំនួន ៤៥សន្លឹក។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉េ ឆេងជីន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែតក្រោយពីសមត្ថកិច្ចជំនាញក្រុងប៉ោយប៉េត ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យ។ ក្រោយពីការសាកសួរចម្លើយរួចមកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនយកមកសម្រាប់ប្រើប្រាស់ផង និងចែកចាយបន្តឲ្យជនជាតិចិនដូចគ្នាថែមទៀត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរកសារធាតុញៀន គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទទាក់ទង