ខ្មែរប៉ុស្ដិ៍ Close

ត្រឹម៧ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធសម្រាប់ថវិកាជាតិបានជាង ១៧០០លានដុល្លារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
ត្រឹម៧ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធសម្រាប់ថវិកាជាតិបានជាង ១៧០០លានដុល្លារ ត្រឹម៧ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធសម្រាប់ថវិកាជាតិបានជាង ១៧០០លានដុល្លារ

នៅរយៈពេល៧ខែឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានប្រមូលចំណូលពន្ធបានចំនួន៦,៩៤៩.២២ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១,៧៣៧.៣១លានដុល្លារអាមេរិក កើនឡើង២៨.០៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

ការបង្ហាញពីការកើនឡើង នៃចំណូលពន្ធគួរឲ្យកត់សម្គាល់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីធានាភាពត្រឹមត្រូវ និងភាពសុក្រឹតយុត្តិធម៌។

ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យលើសផែនការ ឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

* បន្តពង្រឹងការអនុវត្ត E-VAT System បន្ថែមទៀត ក្នុងគោលដៅធ្វើឱ្យប្រសើរឡើង នូវយន្តការបង្វិលសង និងប្រើប្រាស់ឥណទាន អាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ (E-VAT Refund) សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាបន្តសម្របសម្រួល និងផ្តល់សេវាគាំទ្រដល់អ្នកជាប់ពន្ធក្នុងការប្រើប្រាស់ និងដោះស្រាយបញ្ហាមួយចំនួនដែលតែងតែជួបប្រទះក្នុងការប្រើប្រាស់ប្រព័ន្ធថ្មីនេះ។

* បន្តជម្រុញការផ្តល់សេវាល្អ ជូនអ្នកជាប់ពន្ធ និងពន្លឿននីតិវិធីនៃការធ្វើបច្ចុប្បន្នភាពព័ត៌មាន ចុះបញ្ជីពន្ធដារ ដើម្បីធានាបាននូវការផ្តល់សេវាល្អ និងទាន់ពេលវេលាជូនអ្នកជាប់ពន្ធ តាមរយៈការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបន្ថែមទៀត ដើម្បីសម្រេចបាននូវវឌ្ឍនភាពការងារចុះបញ្ជីជាអតិបរមា។

* បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដោយសិក្សារៀបចំផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន និងធ្វើបច្ចុប្បន្នភាពកម្មវិធីដែលកំពុងដាក់ឱ្យប្រើប្រាស់ស្រាប់ ដើម្បីបង្ករភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងបន្តផ្តល់សេវាគាំទ្របច្ចេកទេសដល់រាល់បញ្ហានានា ដែលអ្នកជាប់ពន្ធជួបប្រទះ។

* បន្តជម្រុញការប្រើប្រាស់ប្រព័ន្ធ ដាក់លិខិតប្រកាសពន្ធអនឡាញ (E-Filing) ក្នុងន័យធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងការដាក់លិខិតប្រកាស ដែលជាមុខងារស្នូលយ៉ាងសំខាន់ ក្នុងការអនុវត្តយុទ្ធសាស្រ្តកៀគរចំណូល របស់រាជរដ្ឋាភិបាលកម្ពុជា
* បន្តខិតខំកែលម្អរ និងជម្រុញការគ្រប់គ្រងប្រមូលបំណុលពន្ធ ដើម្បីធានាបាននូវចំណូលជូនជាតិជាអតិបរមា។

* ជំរុញ និងពន្លឿនការរៀបចំសេចក្តីព្រាង បទដ្ឋានគតិយុត្តនានា ដើម្បីឆ្លើយតបនឹងសំណើសុំ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងពន្ធដារ របស់ផ្នែកឯកជន សំដៅជួយសម្រួលដល់ការ បំពេញកាតព្វកិច្ចសារពើពន្ធ របស់អ្នកជាប់ពន្ធ

* ជម្រុញការផ្សព្វផ្សាយ និងណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ឱ្យមកបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើឈ្នួលផ្ទះនិងដី ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ដើម្បីជៀសវាងការផាកពិន័យ និងទោសទ័ណ្ឌផ្សេងៗ។

* ពន្លឿន និងជម្រុញការផ្តល់សេវាបង់ពន្ធប្រថាប់ត្រា លើអចលនទ្រព្យ អោយបានទាន់ពេលវេលាជៀសវាងការកកស្ទះឯកសារ ដើម្បីសម្រួលដល់ការទិញ/លក់ អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ព្រមទាំងបន្តផ្សព្វផ្សាយប្រកាស ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទរកម្មសិទ្ធ ឫសិទ្ធកាន់កាប់អចលនទ្រព្យ និងឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យថ្មី ដែលបានអនុវត្តចាប់ពីដើមខែកក្កដា ឆ្នាំ២០១៩ នេះតទៅ។

* បន្តលើកកម្ពស់ និងបញ្ជ្រាបវប្បធម៍បង់ពន្ធ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ៕

អត្ថបទទាក់ទង