ខ្មែរប៉ុស្ដិ៍ Close

ចំណេះដឹងទូទៅ៖ បណ្តាញក្រុមឧក្រិដ្ឋជន «Mafia» មានប្រភពចេញមកពីណា?

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ នគរគំនិត 47
ចំណេះដឹងទូទៅ៖ បណ្តាញក្រុមឧក្រិដ្ឋជន «Mafia» មានប្រភពចេញមកពីណា? ចំណេះដឹងទូទៅ៖ បណ្តាញក្រុមឧក្រិដ្ឋជន «Mafia» មានប្រភពចេញមកពីណា?

(បរទេស)៖ Mafia ដែលគេនិយមស្គាល់ថា ជាបណ្តាញក្រុមឧក្រិដ្ឋជន មានមូលដ្ឋាននៅអ៉ីតាលីនិងអាមេរិក គឺបានវិវត្តមកជាច្រើនសតវត្សរ៍ ចេញពីកោះឈ្មោះថា Sicily បច្ចុប្បន្ននៅភាគខាងត្បូងប្រទេសអ៉ីតាលី។ កាលពីជំនាន់ដើម Sicily គឺជាដែនកោះមួយ ដែលស្ថិតក្រោមការ ត្រួតត្រារបស់ក្រុមបរទេសឈ្លានពានរហូតដល់ពាក់កណ្តាលសតវត្សរ៍ទី១៩។ ក្រុមអ្នកម្ចាស់ស្រុកនៅ Sicily ក៏បានរួមគ្នាជាក្រុមៗ ដើម្បីការពារ ខ្លួនពួកគេ និងប្រឆាំងរដ្ឋាភិបាលបរទេស ដែលមកត្រួតត្រាលើពួកគេ។

នៅកោះ Sicily ពាក្យថា «Mafioso» ឬសមាជិក Mafia ពីដំបូងឡើយ មិនមានជាប់ពាក់ព័ន្ធអ្វីទៅនឹងឧក្រិដ្ឋជនឡើយ។ ប៉ុន្តែមកដល់សតវត្សរ៍ ទី១៩ ក្រុម Mafia មួយចំនួន បានក្លាយជាក្រុមទាហានឯកជន ឬ «Mafia» ដែលដើរគំរាមកំហែងយកថ្លៃការពារពីម្ចាស់ដីធ្លី ហើយនៅទីបំផុតបានវិវត្តទៅ ជាក្រុមឧក្រិដ្ឋជនហិង្សា ដែលមនុស្សគ្រប់គ្នាស្គាល់ថាជាពួក Sicilian Mafia។ រីឯពួក Mafia នៅអាមេរិកវិញ ដែលបានកើនឡើងឥទ្ធិពលនៅ អំឡុងទសវត្សរ៍ឆ្នាំ១៩២០ គឺជាក្រុមដាច់ដោយឡែកពី Mafia នៅអ៉ីតាលី ប៉ុន្តែពួកគេមានប្រពៃណីដូចគ្នា ដូចជា «Omerta» ជាដើម ដែលជា ក្រមប្រតិបត្តិនិងក្រមនៃភាពស្មោះត្រង់របស់ពួក Mafia។

* ដើមកំណើតពួក Mafia នៅកោះ Sicily
អស់រយៈពេលជាច្រើនសតវត្សរ៍ Sicily ដែលជាកោះស្ថិតនៅលើសមុទ្រមេឌីទែរ៉ាណេ ចន្លោះភាគខាងជើងទ្វីបអាហ្រិ្វក និងប្រទេសអ៉ីតាលី ត្រូវបានត្រួតត្រាដោយក្រុមឈ្លានពានបរទេសជាច្រើន រួមមានពួកហ្វេនីស៉ី, ពួករ៉ូម៉ាំង, ពួកអារ៉ាប់, ពួកបារាំង និងពួកអេស៉្បាញ។ ចំណែកឯ ម្ចាស់ស្រុកនៅកោះតូចនេះ ក៏បានរួមគ្នាបង្កើតជាក្រុមៗ ដើម្បីការពារខ្លួនឯងពីការគំរាមកំហែងរបស់ពួកបរទេស ដែលចូលមកត្រួតត្រាលើ ពួកគេ។

បន្ទាប់មកក្រុមទាំងនេះ ដែលប្រែក្លាយទៅជាបក្សសម្ព័ន្ធឬគ្រួសារ បានបង្កើតប្រព័ន្ធយុត្តិធម៌ និងប្រព័ន្ធដាក់ទោសទណ្ឌដោយខ្លួនឯងផ្ទាល់ ហើយធ្វើ សកម្មភាពរបស់ពួកគេជាសម្ងាត់។ ពេលមកដល់សតវត្សរ៍ទី១៩ ពួកនេះក៏បានកើតចេញជាទាហានឯកជនតូចៗហៅថា «Mafie» ដែលបានឆ្លៀតឱកាសគេងចំណេញ លើស្ថានភាពវឹកវរនិងអំពើហិង្សា ដែលកើតមានឡើងជាញឹកញាប់នៅ Sicily ហើយដើរជំរិតយកថ្លៃការពារពីពួកម្ចាស់ដី។ ចាប់តាំងពីពេល នោះមក ពួក Mafia នៅ Sicily ដែលជាបណ្តាញក្រុមឧក្រិដ្ឋជន ក៏បានលេចរូបរាងឡើង។

ប្រភពដើមច្បាស់លាស់តែម្តងនៃពាក្យ «Mafia» គឺពុំត្រូវបានគេដឹងប្រាកដឡើយ ប៉ុន្តែវាចេញមកពីឃ្លាមួយ ដែលមានន័យថា ការដើរតួជាអ្នក ការពារប្រឆាំងភាពក្រអឺតក្រទមរបស់ជនមានអំណាច ហើយទាល់តែដល់សតវត្សទី១៩ ទើបពាក្យ «Mafioso (សមាជិក Mafia)» ត្រូវបានគេ ប្រើដើម្បីសំដៅលើឧក្រិដ្ឋជន។

* ការកើនឡើងឥទ្ធិពលរបស់ Mafia នៅអ៉ីតាលី
នៅឆ្នាំ១៨៦១ កោះ Sicily បានក្លាយជាខេត្តមួយនៃប្រទេសអ៉ីតាលី ដែលទើបតែត្រូវបានរួបរួមគ្នាវិញ។ ប៉ុន្តែភាពវឹកវរ និងបទល្មើសនានា បានកើត ឡើងពាសពេញកោះនេះ ស្របពេលរដ្ឋាភិបាលអ៉ីតាលីថ្មីថ្មោង កំពុងតែព្យាយាមឈរជើងដំបូងៗ។ នៅទសវត្សរ៍ឆ្នាំ១៨៧០ អាជ្ញាធរអ៉ីតាលី ថែមទាំងបានស្នើឲ្យពួក Mafia នៅកោះ Sicily ជួយពួកគេបង្រ្កាបក្រុមឧក្រិដ្ឋជនដែលគ្រោះថ្នាក់ៗដទៃទៀត។

ជាការតបស្នង អាជ្ញាធរអ៉ីតាលីសន្យានឹងមិនរករឿងការដែលពួក Mafia បន្តជំរិតយកលុយពីពួកម្ចាស់ដីនោះឡើយ។ រដ្ឋាភិបាលអ៉ីតាលីដំបូង ឡើយជឿថា ការព្រមព្រៀងគ្នានេះនឹងជារឿងបណ្តោះអាសន្នប៉ុណ្ណោះ គឺល្មមគ្រប់គ្រាន់ឲ្យខ្លួនគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេសបាន រឹងមាំ។ ផ្ទុយទៅវិញ ពួក Mafia បានពង្រីកសកម្មភាពរបស់ពួកគេ និងចាក់ឫសគល់កាន់តែជ្រៅ នៅក្នុងនយោបាយក៏ដូចជាសេដ្ឋកិច្ចរបស់ កោះ Sicily។

ពួក Mafia បានអភិវឌ្ឍខ្លួនឲ្យប៉ិនប្រសព្វជាខ្លាំង ក្នុងអំពើពុករលួយនយោបាយ ហើយគំរាមកំហែងប្រជាជនទូទៅឲ្យបោះឆ្នោតសម្រាប់ បេក្ខជនណាម្នាក់ ដែលក្រោយមកត្រូវជាប់ជំពាក់គុណរបស់ Mafia។ សូម្បីតែព្រះវិហារកាតូលិក នាពេលនោះ ក៏មានជាប់ពាក់ព័ន្ធជាមួយ Mafia ដែរ។

ដើម្បីពង្រឹងឥទ្ធិពលពួកគេឲ្យកាន់តែខ្លាំង ពួក Mafia អ៉ីតាលី បានចាប់ផ្តើមបង្កើតជាពិធីទទួលសមាជិកថ្មី ដែលតម្រូវឲ្យអ្នកទាំងនោះត្រូវតែ ផ្តល់ពាក្យសម្បថសម្ងាត់នៃភាពស្មោះត្រង់។ អ្វីដែលសំខាន់បំផុតក្នុងចំណោមនោះសម្រាប់ពួក Mafia គឺ «Omerta» ជាក្រមប្រតិបត្តិដែលឆ្លុះបញ្ចាំងនូវជំនឿ ពី បុរាណរបស់អ្នកកោះ Sicily ដែលថា បុគ្គលទាំងឡាយមិនគួរទៅពឹងរដ្ឋាភិបាល ដើម្បីស្វែងរកភាពយុត្តិធម៌ឡើយ ហើយក៏មិនត្រូវសហការ ជាមួយអាជ្ញាធរ ក្នុងការស៉ើបអង្កេតណាមួយដែរ ព្រមទាំងមិនត្រូវបង្ហើបឲ្យអាជ្ញាធរដឹងពីព័ត៌មានអ្វីទាំងអស់។

* Mafia ក្នុងសតវត្សរ៍ទី២០ និងក្រោយៗមកទៀត
ឥទ្ធិពលរបស់ពួក Mafia នៅកោះ Sicily បានរីកដុះដាលរហូតដល់ត្រឹមទសវត្សរ៍ឆ្នាំ១៩២០ នៅពេលដែលនាយករដ្ឋមន្រ្តីអ៉ីតាលី លោក Benito Mussolini បាន ឡើងកាន់អំណាច ហើយបើកយុទ្ធនាការបង្រ្កាបយ៉ាងចាស់ដៃ ទៅលើពួក Mafia ដែលលោកចាត់ទុកជា ការគំរាមកំហែងចំពោះរដ្ឋាភិបាល លោក។

ប៉ុន្តែនៅទសវត្សរ៍ឆ្នាំ១៩៥០ ពួក Mafia ក៏បានកើនឥទ្ធិពលឡើងវិញ នៅពេលដែលក្រុមហ៊ុនសំណង់ដែលមានពួក Mafia នៅពីក្រោយ បាន ក្តោបក្តាប់ឧស្សាហកម្មសំណង់នៅកោះ Sicily ក្រោយសង្រ្គាមលោកលើកទីពីរ។ អំឡុងប៉ុន្មានទសវត្សរ៍ក្រោយមក ពួក Mafia នៅ Sicily ក៏ បានកើនឡើងអំណាចកាន់តែរឹងមាំ និងពង្រីកខ្លួនកាន់តែធំ ហើយនៅទសវត្សរ៍ឆ្នាំ១៩៧០ បានក្លាយជាអ្នកលេងធំមួយ នៅក្នុងការរត់ពន្ធ គ្រឿងញៀនអន្តរជាតិ។

ចំណែកពួក Mafia នៅអាមេរិកវិញ ដែលជាក្រុមដាច់ដោយឡែកពីពួក Mafia នៅកោះ Sicily បានចាប់ផ្តើមកើនឡើងអំណាចនៅអំឡុង ជំនាន់បម្រាមគ្រឿងស្រវឹងនៃទសវត្សរ៍ឆ្នាំ១៩២០។ Mafia នៅអាមេរិកបានលេចឡើង ក្រោយជនអន្តោប្រវេសន៍ពីអ៉ីតាលី បានហូរចូលខ្លាំងទៅកាន់សហរដ្ឋអាមេរិក។ មកដល់ទសវត្សរ៍ឆ្នាំ១៩៥០ ពួក Mafia អាមេរិក ដែលមានឈ្មោះផ្សេងទៀតហៅថា Cosa Nostra បានវិវត្តខ្លួនក្លាយ ទៅ ជា បណ្តាញក្រុមឧក្រិដ្ឋជន ដែលមានឥទ្ធិពលជាងគេបង្អស់ នៅសហរដ្ឋអាមេរិក ហើយមានជាប់ពាក់ព័ន្ធសកម្មភាពសង្គមងងឹតជាច្រើន រួមមានចាប់តាំងពី ការផ្តល់កម្ចីដែលយកការប្រាក់ខ្ពស់ខ្លាំង រហូតដល់សេវាពេស្យាចារ។

ទន្ទឹមគ្នានេះ ពួក Mafia អាមេរិក ក៏បានជ្រៀតចូលតាមសហជីពការងារ និងឧស្សាហកម្មស្របច្បាប់ជាច្រើនដូចជាសំណង់ និងវាយនភណ្ណ ជាដើម។ ក្រៅពីនេះ ដូចទៅនឹងពួក Mafia អ៉ីតាលីដែរ គឺពួកក្រុម Mafia អាមេរិក រក្សាភាពសម្ងាត់និងភាពជោគជ័យរបស់ពួកគេ តាមរយៈ ការប្រកាន់ខ្ជាប់នូវក្រម Omerta បូករួមជាមួយសមត្ថភាពរបស់ពួកគេ ក្នុងការសូកប៉ាន់និងគំរាមកំហែងមន្រ្តីរដ្ឋាភិបាល មេជំនួញ សាក្សី និង គណៈវិនិច្ឆ័យជាដើម។

ដោយសារតែហេតុផលនេះហើយ គឺអាចនិយាយបានថា ប៉ូលិសអាមេរិកមិនមានសមត្ថភាព ដើម្បីបញ្ឈប់សកម្មភាពរបស់ពួក Mafia បាន ឡើយ អស់រយៈពេលជាច្រើនទសវត្សរ៍នៃសតវត្សរ៍ទី២០។ ប៉ុន្តែអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ក្រុមរដ្ឋអាជ្ញានៅអាមេរិកនិងអ៉ីតាលី ក៏បានទទួលជោគជ័យក្នុងការប្រើច្បាប់ថ្មីៗ ដើម្បីផ្តន្ទាទោសបុគ្គលសំខាន់ៗនៃពួក Mafia។

បន្ថែមពីលើនេះ សមាជិក Mafia ខ្លះ ដែលព្យាយាមកុំឲ្យជាប់ពន្ធនាគារយូរអង្វែងខ្លាំងពេក ក៏បានចាប់ផ្តើមនាំគ្នាក្បត់ក្រម Omerta ហើយ នាំគ្នាផ្តល់សក្ខីកម្មប្រឆាំងនឹងពួក Mafia ដែលជាគ្នីគ្នារបស់ខ្លួន។ រហូតមកដល់ដើមសតវត្សរ៍ទី២១ ក្រោយមេ Mafia ធំៗរាប់រយនាក់ ត្រូវបាន ចាប់ខ្លួន ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ បណ្តាញឧក្រិដ្ឋជន Mafia ហាក់បានចុះខ្សោយឥទ្ធិពលខ្លាំងទាំងនៅសហរដ្ឋអាមេរិក និងនៅក្នុង ប្រទេសអ៉ីតាលី ប៉ុន្តែមិនបាត់វត្តមានទាំងស្រុងឡើយ គឺនៅតែបន្តធ្វើសកម្មភាពរហូតមកទល់សព្វថ្ងៃ៕

ប្រភពវែបសាយ History.com