ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ « ភ្លើងបានឆាបឆេះដល់ចិញ្ចើមភ្នែកសម រង្ស៊ី ហើយ !»

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 63
លិខិតមិត្តអ្នកអាន៖ « ភ្លើងបានឆាបឆេះដល់ចិញ្ចើមភ្នែកសម រង្ស៊ី ហើយ !» លិខិតមិត្តអ្នកអាន៖ « ភ្លើងបានឆាបឆេះដល់ចិញ្ចើមភ្នែកសម រង្ស៊ី ហើយ !»

នៅទីបំផុត ពាក្យបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់តុលាការទីក្រុងប៉ារីស ប្រទេសបារាំងហើយនៅថ្ងៃទី ២០ សីហាឆ្នាំ ២០១៩ នេះ។ ពាក្យបណ្តឹងដែលមេធាវីដ៍ល្បីឈ្មោះជនជាតិបារាំង៣រូប បានយកទៅដាក់នៅតុលាការក្រុងប៉ារីស ដែលមានកម្មវត្ថុប្តឹងឈ្មោះ សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល»

ជាការពិត លោក សម រង្ស៊ី ច្បាស់ជាស្រឡាំងកាំងនៅពេលបានលឺព័ត៌មានប្រកាសថា ពាក្យបណ្តឹងបានទៅដល់តុលាការក្រុងប៉ារីសរួចទៅហើយ ពីព្រោះមនុស្សមាត់ឥតគម្របប្រភេទ សម រង្ស៊ីនេះ ទំនងជាមិនបានគិតស្មានត្រូវឡើយថា លោក ហ៊ុន សែន ហ៊ានប្តឹងទៅតុលាការបារាំងឡើយ។ ម៉្យាងវិញទៀត អាចដោយសារតែការវាយតំលៃមិនត្រឹមត្រូវបែបនេះហើយ ទើបលោករង្ស៊ី ក៏មិនបានត្រៀមខ្លួនក្នុងការតទល់រឿងក្តីនេះដែរ ព្រោះគាត់នឹកថា វាមិនអាចកើតមាននោះទេ។ ប៉ុន្តែ ពាក្យចាស់ពោលថា “កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ“។ យ៉ាងណាមិញ លោក សម រង្ស៊ី ក៍អាចភ្លេចសម្តីដែលខ្លួននិយាយមួលបង្កាច់គេ ពីព្រោះតែខ្លួនបាននិយាយបែបនេះច្រើនដងពេកហើយសឹងតែរាល់ថ្ងៃរាល់យប់។ ប៉ុន្តែ ជនរងគ្រោះដោយការមួលបង្កាច់ របស់ សម រង្ស៊ី វិញក៏គេមិនដែលភ្លេចនូវការបំពានដ៏អាក្រក់នេះបានឡើយ។

ដូច្នេះក្នុងន័យនេះ ពាក្យបណ្តឹង របស់ លោក ហ៊ុន សែន ទៅកាន់តុលាការទីក្រុងប៉ារីសពិតជាមានអត្ថន័យច្រើនយ៉ាងជាអាទិ៖

ទី១៖ គឺជាការបំបាក់យ៉ាងទាន់ហន់ចំពោះអំនួត និងភាពក្រអឺតក្រទមរបស់លោក សម រង្ស៊ី ដែលអះអាងម្តងហើយម្តងទៀតថា លោក ហ៊ុន សែន មិនហ៊ានប្តឹងគាត់ទៅតុលាការបារាំងទេ។ បើនិយាយអោយពិតអោយត្រង់ទៅ សម រង្ស៊ី ក៏ភ័យបុកពោះខ្លាចពាក្យបណ្តឹងនេះខ្លាំងណាស់ដែរ តែគាត់បានប្រើរបៀបនិយាយជាសង្គ្រាមចិត្តសាស្ត្រកម្លាដោយជំរុញនិងឌឺអោយលោក ហ៊ុន សែន ដាក់ពាក្យបណ្តឹងថែមទៀតផង ពីព្រោះគាត់គិតថា ការកំញើញបែបនេះអាចធ្វើឲ្យលោក ហ៊ុន សែន ខ្លាចមិនហ៊ានប្តឹងទេ។

ប៉ុន្តែ ដោយសារតែគាត់ស្គាល់លោក ហ៊ុន សែន ស្តើងពេក ពេលនេះ អំនួតហួសព្រំដែន របស់សម រង្ស៊ី ត្រូវបានបំបាក់ទាំងស្រុងពេលពាក្យបណ្តឹងចូលដល់តុលាការបារាំងរួចជាស្រេច និងយ៉ាងស្ងាត់ស្ងៀម។

ទី២៖ វាគឺជាសារបង្ហាញប្រាប់សាធារណៈមតិជាតិនិងអន្តរជាតិថា បុរសម្នាក់ឈ្មោះ ហ៊ុន សែន នេះមិនដែលរួញរាឡើយក្នុងការតស៊ូដើម្បីការពារយុត្តិធម៌ និងការពារសេចក្តីសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ លោក ហ៊ុន សែន ធ្លាប់បានយកជីវិតទៅធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម ។ ដូច្នេះ ត្រឹមការតស៊ូខាងផ្លូវច្បាប់ដើម្បីការពារយុត្តិធម៌ គ្មានអ្វីត្រូវខ្លាចឡើយក្នុងនាមជា «មាសសុទ្ធមិនដែលខ្លាចភ្លើង»

ទី៣៖ តាមរយៈពាក្យបណ្តឹងនេះ គេអាចយល់បានយ៉ាងច្បាស់ថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដែលធ្លាប់ធ្វើជា “មេទ័ពដ៏ជាញជ័យ ” និងធ្លាប់ឆ្លងកាត់ ១០៥ សមរភូមិប្រយុទ្ធ គឺតាមវាយសត្រូវដល់ក្នុងផ្ទះ ទោះជាសត្រូវនោះទៅដល់ក្រហែងមេឃណាក៏ដោយ។ ចំពោះយុទ្ធសាស្ត្រ របស់លោក ហ៊ុន សែនមួយនេះ លោក សម រង្ស៊ី អាចទំនងជាគិតថា ស្រុកបារាំងជាទីកន្លែងសុវត្ថិភាពរបស់ខ្លួនហើយអនុញ្ញាតឲ្យខ្លួនបំពានអ្នកណាក៏បានតាមអំពើចិត្ត។ ប៉ុន្តែ ខ្ញុំយល់ថា អ្នកនយោបាយដែលខ្សោយខាងយុទ្ធសាស្ត្ររូបនេះ តែងតែចូលចិត្តប្រឡែងជាមួយភ្លើង ដោយមិនបានដឹងថា ភ្លើងវាឆេះក្តៅប៉ុណ្ណាឡើយ។ ដូច្នេះ ពាក្យបណ្តឹងមួយនេះនឹងតាមដុតរោលសម រង្ស៊ី ធ្វើឲ្យដេកមិនលក់ បក់មិនល្ហើយ ហើយបើចង់គេចក៏គេចមិនរួចដែរ ពីព្រោះទីនេះតុលាការក្រុងប៉ារីស។

ទី៤៖ ពាក្យបណ្តឹងនេះក៏ជាការព្រមាន សម រង្ស៊ី ឲ្យភ្លឺភ្នែកថា ទោះជានៅទីណាក៏ដោយ អ្នកមិនអាចបំពានលើអ្នកដទៃបានឡើយ។ ការមួលបង្កាច់ ចោទប្រកាន់ដោយគ្មានការពិត និងការប្រឌិតរឿងលាបពណ៌ គឺជាបទល្មើសជាសាកលដែលទោះក្នុងប្រទេសណាក៏ដោយក៏មានច្បាប់សម្រាប់ដាក់ទោសជនប្រព្រឹត្តិល្មើសដែរ។ ជាពិសេសក្នុងបណ្តាប្រទេសជឿនលឿន សិទ្ធិបុគ្គលឯកជន គឺជាអ្វីដែលគ្មានអ្នកណាអាចបំពានបានឡើយ។

ដូច្នេះ តាមរយៈសំណុំរឿងនេះ លោក សម រង្ស៊ី នឹងបានភ្លឺភ្នែកនិងបានយល់ច្បាស់នូវអ្វីដែលគេហៅថាសេរីភាពបញ្ចេញមតិ និងការរំលោភបំពានលើសិទ្ធិអ្នកដទៃ។

ទី៥៖ នេះក៏ជាសារព្រមាន សម រង្ស៊ី និងគូកនដែលមានសណ្តានប្រហាក់ប្រហែល សម រង្ស៊ី ថា អ្នកអាចរត់គេចចេញពីប្រព័ន្ធច្បាប់ក្នុងស្រុកបាន តែអ្នកមិនអាចរួចខ្លួនបានទេចំពោះអំពើបំពានលើអ្នកដទៃ ពីព្រោះប្រព័ន្ធច្បាប់មាននៅគ្រប់ទិសទី គ្រប់ប្រទេស និងមានភាពប្រទាក់ក្រឡាគ្នាដូចសំណាញ់ពីងពាង។

សរុបមកវិញ ពេលនេះ លោក សម រង្ស៊ី ត្រូវទឹកចូលច្រមុះហើយ។ ខ្ញុំជឿជាក់ថា នេះមិន មែនជាពាក្យបណ្តឹងបែបប្រថុយប្រថានឡើយពីព្រោះមេធាវីល្បីល្បាញបីរូបដែលជាជនជាតិបារាំង ពិតជាបានសិក្សាយ៉ាងល្អិតល្អន់ណាស់មុននឹងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការក្រុងប៉ារីស។ ប្រសិនបើពាក្យបណ្តឹងនេះដាក់ចូលតុលាការក្នុងស្រុក សម រង្ស៊ី ច្បាស់ជាប្រើលេសដដែលៗថា តុលាការមិនឯករាជ្យ ឬតុលាការតេឡេ ហើយបដិសេធមិនទទួលស្គាល់សាលក្រមតុលាការដូចដែលខ្លួនធ្លាប់បានធ្វើរាប់ដងមិនអស់។ ប៉ុន្តែ យើងនាំគ្នាចាំមើលម្តងនេះ ថាតើ សម រង្ស៊ី មានពាក្យអ្វីសម្រាប់ហៅតុលាការបារាំងដែរឬទេ? ឬមួយក៏តុលាការក្រុងប៉ារីសជាតេឡេរបស់លោក ហ៊ុន សែន ដែរ?

ជាចុងក្រោយ ខ្ញុំសូមផ្តាំទៅ លោក សម រង្ស៊ី ផងថា ទោះជាតុលាការនៅស្រុកណាក៏ដោយ ការចោទប្រកាន់គេទាំងបំពានបែបនេះ គឺត្រូវតែចាញ់ក្តី ១០០%។ ដូច្នេះ សូមលោកសម រង្ស៊ី ត្រៀមប្រមូលរកភស្តុតាងដើម្បីដោះបន្ទុកហើយជាពិសេសសូមត្រៀមចិត្ត ត្រៀមកាយទទួលយកសេចក្តីសម្រេច របស់តុលាការបារាំងឲ្យហើយទៅ ហើយបើនិយាយអោយខ្លីងាយយល់នោះគឺ បណ្តឹងរបស់ លោក ហ៊ុន សែនមួយនេះ មានន័យថា «ភ្លើងបានឆាបឆេះដល់ចិញ្ចើមភ្នែកសម រង្ស៊ីហើយ»

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ