ខ្មែរប៉ុស្ដិ៍ Close

វិភាគ ៖ «៩វិច្ឆិកា ឆ្នាំមុន» ប្រហារផែនការ ម្រាម៩ របស់ សម រង្ស៉ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 54
វិភាគ ៖ «៩វិច្ឆិកា ឆ្នាំមុន» ប្រហារផែនការ ម្រាម៩ របស់ សម រង្ស៉ី វិភាគ ៖ «៩វិច្ឆិកា ឆ្នាំមុន» ប្រហារផែនការ ម្រាម៩ របស់ សម រង្ស៉ី

ថ្ងៃទី៩ វិច្ឆិកា ឆ្នាំមុន អាចហៅថាជា «ថ្ងៃប្រហារជីវិតនយោបាយរបស់លោក សម រង្ស៉ី ឲ្យចប់សព្វគ្រប់ជាស្ថាពរ។ យុទ្ធនាការម្រាម៩ ក៏ត្រូវផុតរលត់ត្រឹមថ្ងៃនោះដែរ។ ពីពេលនោះមក ឆាកនយោបាយកម្ពុជា បានផាត់ សម រង្ស៉ី ចេញពីបញ្ជីហើយ ដោយត្រូវបើកនូវទំព័រថ្មីវិញម្តង។ មិនត្រឹមតែត្រូវលុបឈ្មោះ លោក សម រង្ស៉ី ចេញពីឆាកនយោបាយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរបៀបធ្វើនយោបាយតាមបែប លោក សម រង្ស៉ី ក៏ត្រូវផ្លាស់ប្តូរដែរ ពីព្រោះវាហួសសម័យ និងអស់តម្លៃទៀតហើយ សម្រាប់សង្គមខ្មែរបច្ចុប្បន្ន។ ហេតុអ្វីបានជាយ៉ាងដូច្នេះ?

មានហេតុផលសត្យានុម័តសំខាន់ៗមួយចំនួន ដូចខាងក្រោមដែលអាចបញ្ជាក់បានថា ឆាកនយោបាយកម្ពុជា ចាំបាច់ត្រូវបិទទំព័រលោក សម រង្ស៉ី ចោលដោយជំនួសមកវិញនូវទំព័រថ្មី៖

ហេតុផលទី១៖ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ គឺជាបរាជ័យយ៉ាងអាម៉ាស់បំផុត របស់លោក សម រង្ស៉ី។ ថ្ងៃដែលលោក សម រង្ស៉ី ប្រកាសដោយមហាអំនួតបំផុតថា ចូលមកដឹកនាំចលនាមហាជន និងកងកម្លាំងប្រដាប់អាវុធ តាមគំរូនៅប្រទេសហ្វីលីពីន ឆ្នាំ១៩៨៦ ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងចាប់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែល លោក សម រង្ស៉ី បានប្រកាសរៀបចំបើកយុទ្ធនាការ ម្រាម៩ ជាច្រើនខែនោះ ទីបំផុតគ្មានអ្វីកើតឡើងសូម្បីតែបន្តិច ពោលគឺផែនការដ៏មហាអស្ចារ្យរបស់ លោក សម រង្ស៉ី ស្ងាត់ជ្រៀបដូចចោរលួចសេះ។ ច្រកនានាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសច្រកអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានសកម្មភាពស្ងាត់ជ្រងំ ដោយមិនបានឃើញមានសកម្មភាពណាមួយ របស់ក្រុមអ្នកគាំទ្រ លោក សម រង្ស៉ី នោះឡើយ។

រីឯលោក សម រង្ស៉ី និងគូកនវិញ ក៏មិនឃើញស្រមោលនោះដែរ ខណៈដែលកម្លាំងមហាជនដែល លោក សម រង្ស៉ី អះអាងថា មានរាប់ម៉ឺន រាប់សែន ឬរាប់លាននាក់ នោះក៏គ្មានឃើញដែរសូម្បីមួយក្រុមតូច។ នេះមានន័យថា កម្លាំងនយោបាយរបស់ លោក សម រង្ស៉ី នៅសល់តែ សម រង្ស៉ី ខ្លួនឯង ប្រពន្ធគាត់ និងមនុស្សមួយដំបរស្វា ដែលនៅក្បែរគាត់ដូចជា មួរ សុខហួរ អេង ឆៃអ៊ាង ឡុង រី ហូ វ៉ាន់ ជាដើមតែប៉ុណ្ណោះ។ ដូច្នេះ តើមានប្រយោជន៍អ្វី ដែលពលរដ្ឋខ្មែរ រាប់ទាំងក្រុម កឹម សុខា និយមផងនោះត្រូវរាប់ លោក សម រង្ស៉ី ថាជាកីឡាករក្នុងសង្វៀននយោបាយតទៅទៀតនោះ?

ហេតុផលទី២៖ លោក សម រង្ស៉ី ធ្វើនយោបាយបោកប្រាស់ និងបោកប្រាក់ប្រជាពលរដ្ឋខ្លួនឯង ជាដរាប និងដោយឥតអៀនខ្មាស ។ ជាក់ស្តែងផែនការ ថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ គឺជាឧទាហរណ៍ដ៏ច្បាស់លាស់បំផុត ដែលបញ្ជាក់មិនអាចប្រកែក បានអំពីបញ្ហានេះ។

លោក សម រង្ស៉ី បានសម្តែងឆាក ល្ខោនដូចមែនទែនក្នុងរឿង សំបុត្រយន្តហោះដែលខ្លួនឥតបានកក់ទិញសោះនោះ ហើយក៏ប្រើស្ទីលដដែលៗ គឺគ្មានអ្វីក្រៅពីរៀបចំវ៉ាលី បង្ហាញលិខិតឆ្លងដែន អូសវ៉ាលីចូលទៅព្រលានយន្តហោះ សម្ភាសន៍ជាមួយអ្នកកាសែតថា ចូលស្រុកខ្មែរវិញហើយ ទោះជាប់គុក ឬស្លាប់ក៏ទៅដែរ។ល។ ប៉ុន្តែបន្ទាប់ពីថតរូបបង្ហោះតាមហ្វេសប៊ុករួច ក៏ប្រកាសថា មិនបានទៅវិញទេ ដោយមូលហេតុនេះ ឬមូលហេតុនោះតាមដែលគាត់ចង់ថា។

ការពិតគោលដៅយុទ្ធសាស្ត្ររបស់ លោក សម រង្ស៉ី គឺការប្រើនយោបាយប្រជាភិថុតិ ដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនមើលឃើញថា ខ្លួនជាអ្នកក្លាហាន ជាអ្នកប្រជាធិបតេយ្យ និងស្នេហាជាតិពិត ប្រាកដដើម្បីទាញកម្លាំងពួកគេ មកប្រើប្រាស់ធ្វើជាឈ្នាន់នយោបាយ។ ប៉ុន្តែ ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ ហើយបាតដៃក៏មិនអាចបាំងពន្លឺព្រះអាទិត្យបានដែរ ព្រោះរូបភាពដែលគាត់បានបង្ហាញនោះ វាផ្ទុយស្រឡះពីចរិតពិតរបស់គាត់ ដែលជាមនុស្សកំសាក ផ្តាច់ការ និងបំផ្លាញជាតិ។

លោក សម រង្ស៉ី ដែលអួតក្តែងៗថា ចូលមកកម្ពុជាឲ្យបាននៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ទោះជាត្រូវគេរារាំងយ៉ាងណាក៏ដោយនោះ តែដល់ពេលវេលាសូម្បីស្រមោលក៏មិនឃើញ នៅទីតាំងដែលខ្លួនអួតថាមកនោះដែរ គឺបានមកដល់ត្រឹមប្រទេសម៉ាឡេ ក្នុងនាមជាអ្នកទេសចរម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែ សម រង្ស៉ី និងគូកន បែរជាជំរុញឲ្យអ្នកគាំទ្រធ្វើសកម្មភាពជំនួសខ្លួនទៅវិញ។ នេះហើយជាកត្តាកំណត់នៃបរាជ័យ យ៉ាងអាម៉ាស់បំផុតរបស់លោក សម រង្ស៉ី សម្រាប់ផែនការ ៩ វិច្ឆិកា។

ហេតុផលទី៣៖ នៅលើឆាកអន្តរជាតិ ក៏គេស្ទើរតែលែងនិយាយពីឈ្មោះ សម រង្ស៉ី ទៅហើយដែរ ក្រៅតែពីបុគ្គលមួយចំនួន ដែលជាម៉ូយចាស់ និងអ្នកខ្លះទៀត ធ្វើជាគាំទ្រ សម រង្ស៉ី ដើម្បីរកប្រជាប្រិយភាព និងប្រយោជន៍សម្រាប់ខ្លួនឯងតែប៉ុណ្ណោះ។ ក្នុងការធ្វើនយោបាយជាង២០ឆ្នាំកន្លងទៅនេះ លោក សម រង្ស៉ី ជួបតែនឹងបរាជ័យរត់ចោលស្រុកអត់ស្វាង ហើយទៅអំពុលទុក្ខគេជាដរាប។ អ្វីដែល សម រង្ស៉ី និយាយពីកម្ពុជា ប្រាប់អន្តរជាតិ ទៀតសោធសុទ្ធសឹង ជាពាក្យភូតកុហកលើគោក ក្នុងន័យបំផ្លាញប្រទេសជាតិខ្លួនឯង ដើម្បីតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ការធ្វើកំហុសខាងយុទ្ធសាស្ត្រដ៏ធំបំផុត ដែលសហគមអន្តរជាតិ ត្រូវតែដកខ្លួនឲ្យឆ្ងាយផុតពី លោក សម រង្ស៉ី នោះ គឺការប្រមាថមាក់ងាយអង្គព្រះមហាក្សត្រ និងជាពិសេសការអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនហើយ បែរចុងកាណុងប្រឆាំងរដ្ឋាភិបាល ដែលទង្វើនេះ គឺស្មើនឹងការប្រកាសជាចំហ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលផង និងប្តូររបបរាជានិយម នៅកម្ពុជាផង។ ចុងក្រោយមកទៀត សារព័ត៌មានអន្តរជាតិល្បីៗ ក៏បានចាប់ផ្តើមវាយប្រហារ លោក សម រង្ស៉ី ផងដែររឿងមិនបានកក់សំបុត្រយន្តហោះ។

ហេតុផលទាំងអស់នេះ គឺជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដែលនាំដល់ការបរាជ័យនៃយុទ្ធនាការម្រាម៩ របស់ លោក សម រង្ស៉ី។ ស្ថានភាពថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ក៏អាចវាស់ស្ទង់បានយ៉ាងច្បាស់លាស់ផងដែរ អំពីកម្លាំងនយោបាយរបស់លោក សម រង្ស៉ី។តាមរយៈព្រឹត្តការណ៍ថ្ងៃនោះ បើនិយាយពីឡានវិញ លោក សម រង្ស៉ី គឺជាឡានខូច ហើយអស់សាំង រីឯអ្នកបើកបរក៏ចាស់ជរាមើលផ្លូវលែងឃើញទៅហើយ។ ដូច្នេះ មធ្យោបាយមានតែមួយគត់ គឺត្រូវប្តូរទាំងឡាន និងប្តូរទាំងសាំង និងទាំងអ្នកបើកបរដើម្បីឲ្យមានសន្ទុះថ្មី។

យ៉ាងណាមិញឆាកនយោបាយកម្ពុជាពេលនេះ ត្រូវការតួអង្គនយោបាយថ្មី ក្នុងក្រុមប្រឆាំងដែលអាចធ្វើជាដៃគូដ៏ស័ក្តិសមជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញការអភិវឌ្ឍជាតិ ឲ្យលឿនទៅមុខដោយគ្មានឧបសគ្គដូចក្នុង យុគសម័យដែល សម រង្ស៉ី ជាមេបក្សប្រឆាំងនោះឡើយ។ ជោគវាសនានយោបាយរបស់ លោក សម រង្ស៉ី អស់ហាងឆេងហើយ។ សូមសម្រាកចុះលោក សម រង្ស៉ី Goodbye៕

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម

អត្ថបទទាក់ទង