ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាចេញសេចក្តីថ្លែងការណ៍គាំទ្ររាល់ចំណាត់ការចាំបាច់នានា របស់រដ្ឋាភិបាលចិន ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់ និងសន្តិសុខ នៅហុងកុង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការគាំទ្ររាល់ចំណាត់ការចាំបាច់នានា របស់រដ្ឋាភិបាលចិន ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ នៅទីក្រុងហុងកុង។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖

១) ប្រទេសកម្ពុជាគោរព «គោលនយោបាយចិនមួយ» ហើយចាត់ទុកស្ថានការណ៍ដែលកំពុងវិវត្តនៅក្នុងទីក្រុងហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។

២) ប្រទេសកម្ពុជាគាំទ្រនូវរាល់ចំណាត់ការចាំបាច់នានា របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេស និងការប្រតិបត្តិជាអន្តរជាតិ។

៣) ប្រទេសកម្ពុជាចង់ឃើញការត្រឡប់មករកប្រក្រតីភាពឱ្យបានឆាប់ នូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជនហុងកុងទាំងមូល។

សេចក្តីថ្លែងការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងស្របពេលដែល ទីក្រុងហុងកុង កំពុងផ្ទុះនូវបាតុកម្មតវ៉ាដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងការធ្វើបត្យាប័ន រហូតដល់មានការសង្ស័យថា ជាការជំរុញឱ្យមានបដិវត្តពណ៌ នៅតំបន់នេះផងដែរ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស៖

អត្ថបទទាក់ទង