ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61
លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ស ខេង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ពិធីប្រកាសតួលេខបណ្តោះអាសន្ន នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ លោក លោកស្រីតំណាងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA តំណាងស្ថានទូតចិន ស៊ុយអែត អាល្លឺម៉ង់ សហគមន៍អ៊ឺរ៉ុប លោក លោកស្រីសមាជិកគណៈកម្មាធិការជាតិជំរឿន លោក លោកស្រីរដ្ឋ/អនុរដ្ឋលេខាធិការ ជាតំណាងក្រសួងស្ថាប័ន លោក លោកស្រីអភិបាលនៃគណៈអភិបាលរាជធានី/ខេត្ត លោក លោកស្រីប្រធានមន្ទីរផែនការរាជធានី/ខេត្ត លោក លោកស្រីតំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជាតិ/អន្តរជាតិនានា អញ្ជើញចូលរួមប្រមាណ ៤៥០នាក់។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ បានប្រកាសផ្សព្វផ្សាយជូននាថ្ងៃនេះ គឺផ្អែកលើការពិនិត្យពិច័យយ៉ាងហ្មត់ចត់លើតួលេខសង្ខេបដែលរៀបចំដោយមន្រ្តីសម្ភាសន៍។ តារាងទាំងនោះរួមមាន ចំនួនប្រជាជនកម្ពុជា តាមរាជធានី/ខេត្ត តាមភេទ និងតាមចំណាត់ថ្នាក់ទីប្រជុំជន និងជនបទ។ បច្ចុប្បន្ននេះ ការកែច្នៃទិន្នន័យលើតារាងសំណួរជំរឿនបំពេញរួច មានចំនួនប្រមាណជាង ៣,៧លានគ្រួសារ កំពុងដំណើរការ។ នៅពេលដំណើរការកែច្នៃតារាងសំណួរជំរឿនទាំងអស់រួចរាល់ ហើយលទ្ធផលចុងក្រោយដែលរួមមានតារាងទិន្នន័យសព្វបែបយ៉ាងនឹងមានផ្សព្វផ្សាយជូន។ តារាងស្ថិតិទាំងអស់នេះ សង្ឃឹមថានឹងរួចរាល់នៅពាក់កណ្តាលឆ្នាំក្រោយ (២០២០)។ បន្ទាប់ពីបញ្ចប់ និងផ្សព្វផ្សាយលទ្ធផលចុងក្រោយ នឹងមានការវិភាគទិន្នន័យជំរឿនលម្អិតតាមប្រធានបទសំខាន់ៗចំនួន ១៤ប្រធានបទ ដែលទាក់ទងនឹងសូចនាករ ប្រជាសាស្រ្ត សង្គម និងផលប៉ះពាល់ចំពោះការអភិវឌ្ឍ។ ក្នុងចំណោមប្រធានបទទាំង១៤នេះ យើងទទួលបានការសន្យាពីការិយាល័យស្ថិតិសាធារណរដ្ឋប្រជាមានិតចិនជួយវិភាគចំនួន ៤ប្រធានបទ ហើយអង្គការ UNICEF ក៏អាចជួយវិភាគមួយប្រធានបទផងដែរ។ ដើម្បីបង្កើនការប្រើប្រាស់ទិន្នន័យជំរឿនឲ្យបានទូលំទូលាយ ត្រូវរៀបចំវេបសាយជំរឿន។ សិក្ខាសាលាផ្សព្វផ្សាយ និងការប្រើប្រាស់ទិន្នន័យជំរឿន ត្រូវតែប្រព្រឹត្តទៅទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង ២៥រាជធានី/ខេត្ត ដើម្បីលើកកម្ពស់ការប្រើប្រាស់ទិន្នន័យជំរឿន។

លោកទេសរដ្ឋមន្ត្រីបានរំលឹកថា កាលពីជំរឿនប្រជាជននៅឆ្នាំ១៩៦២ ដែលពេលនោះប្រជាជនកម្ពុជាមានតែ ៥,៧លាននាក់នោះ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានខកខានអស់រយៈពេលជាង ៣ទសវត្សរ៍ ដោយសារវិបត្តិផ្ទៃក្នុង។ បន្ទាប់ពីអាក់ខាន ៣៦ឆ្នាំ ជំរឿនរបស់ប្រទេសកម្ពុជាលើកទីមួយឆ្នាំ១៩៩៨ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រពីអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ហើយលទ្ធផលជំរឿនប្រជាជន ឆ្នាំ១៩៩៨ បានផ្តល់នូវតួលេខកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យ៉ាងទូលំទូលាយអំពីចរិតលក្ខណៈទិន្នន័យស្ថិតិ ប្រជាជនកម្ពុជា។ លើសពីនេះទៀត ជំរឿនប្រជាជនឆ្នាំ១៩៩៨ បានធ្វើឲ្យប្រទេសកម្ពុជាបានចូលក្នុងផែនទីជំរឿននៅលើពិភពលោក។ ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨ គឺជាជំរឿនលើកទីពីរ បន្ទាប់ពីការបង្កើតរដ្ឋាភិបាល តាមការបោះឆ្នោតនៅកម្ពុជាឆ្នាំ១៩៩៣។
លោកទេសរដ្ឋមន្ត្រីបានបន្តថា យោងតាមអនុសាសន៍របស់អង្គការសហប្រជាតិ និងយោងតាមច្បាប់ស្តីពីស្ថិតិរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដឹកនាំការធ្វើជំរឿនរៀងរាល់ ១០ឆ្នាំម្តង ដោយចាប់ផ្តើមពីឆ្នាំ១៩៩៨។ ផ្អែកតាមជំរឿន ឆ្នាំ២០០៨ ដែលបានអនុវត្តជាមួយកាលបរិច្ឆេទថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨នោះ យើងត្រូវអនុវត្តនៅឆ្នាំ២០១៨ ជាក់ស្តែង ១០ឆ្នាំ តាមច្បាប់កំណត់ ក៏ប៉ុន្តែដោយសារមិនមានដៃគូជួយដូចកាលជំរឿនមុនៗ យើងត្រូវស្នើថវិកាជាតិ។ ដោយសារឆ្នាំវ២០១៨ មានព្រឹត្តិការណ៍សំខាន់ធំមួយគឺការបោះឆ្នោតសកល ដូច្នេះលោកនាយករដ្ឋមន្រ្តី បានសំរេចលើកពេលជំរឿនមកឆ្នាំ២០១៩ ដោយអនុញ្ញាតឲ្យប្រើប្រាស់ថវិកាជាតិទាំងស្រុង។

លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយ តួលេខបណ្តោះអាសន្នជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាថ្ងៃនេះ ដែលជាតួលេខបណ្តោះអាសន្ន រួមមានចំនួនប្រជាជន និងការវិភាគសង្ខេបអំពីទំហំ និងការបែងចែករបាយប្រជាជនរបស់ប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជំរឿនប្រជាជន ជាការងារជាតិដ៏ធំធេងមានសារៈសំខាន់បំផុត និងមានចរិតប្រវត្តិសាស្ត្រ ហើយនៅពាក់កណ្ដាលឆ្នាំ២០២០ ការងារនេះនឹងនាំមកនូវព័ត៌មានអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជនសំខាន់ៗ ជាលម្អិតតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ភូមិដែលជាកម្រិតភូមិសាស្រ្តតូចបំផុត នៅព្រះរាជាណាចក្រកម្ពុជាយើង។ លោកបានបន្ថែមថា ជំរឿនទូទៅប្រជាជនចាំបាច់ណាស់គឺត្រូវការខិតខំប្រឹងប្រែង បំពេញការងារក្នុងស្មារតីសហការ និងទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំរឿនគ្រប់ថ្នាក់តាំងពីសមាជិក សមាជិកានៃគណៈកម្មាធិការជំរឿនគ្រប់ថ្នាក់ រហូតដល់អាជ្ញាធរថ្នាក់ស្រុក ឃុំ ភូមិ និងមន្ត្រីនគរបាល ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច។ ជាងនេះទៅទៀតមន្រ្តីសម្ភាសន៍ មន្ត្រីត្រួតពិនិត្យក្នុងការប្រតិបត្តិការជំរឿន រួមទាំងមន្ត្រីរាជការគ្រប់ក្រសួង/ស្ថាប័នជាតិ និងបងប្អូនជនរួមជាតិនៅគ្រប់ទីកន្លែងក្នុងទូទាំងប្រទេសក៏ជាចំណែកមួយសម្រាប់ការចូលរួមអនុវត្តកិច្ចការសកម្មភាពនៃការធ្វើជំរឿនទូទៅប្រជាជនដោយជោគជ័យ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មន្ត្រីទាំងអស់ ដែលពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពទាំងអស់នៃការធ្វើជំរឿនទូទៅប្រជាជននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ សូមយកចិត្តទុកដាក់អនុវត្តការងារដើម្បីទទួលបានជោគជ័យក្នុងការកែច្នៃទិន្នន័យនៃការធ្វើជំរឿន ការវិភាគ និងការផ្សព្វផ្សាយទិន្នន័យជំរឿនបានទាន់ពេលវេលា។

ជាទីបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការដឹងគុណ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ថវិកាជាតិ សម្រាប់អនុវត្តការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដែលជាការងារសំខាន់ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដើម្បីអភិវឌ្ឍកម្ពុជា ហើយលោកក៏បានថ្លែងអំណរគុណផងដែរ ចំពោះមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានគាំទ្រទាំងផ្នែកបច្ចេកទេស ថវិកា និងបានផ្តល់ជំនួយលើបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) និងសូមអរគុណសហគមន៍អ៊ឺរ៉ុប អង្គការ Sida ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានផ្តល់ជំនួយទីប្រឹក្សាបច្ចេកទេសជំរឿនរយៈពេលវែង និងសាធារណៈរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយសម្ភារៈបរិក្ខារជំរឿន រួមមានមធ្យោបាយដឹកជញ្ជូន (រថយន្ត និងម៉ូតូ) កុំព្យូទ័រ និងម៉ាស៊ីនថតចម្លងជាដើម។

សូមបញ្ជាក់ថា តាមទិន្នន័យបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុប តាមវិធីសាស្រ្ត ( de-facto) មានចំនួន ១៥.២៨៨.៤៨៩នាក់ ក្នុងនោះមានប្រុស ៧.៤១៨.៥៧៧នាក់ និងស្រី ៧.៨៦៩.៩១២នាក់។ អត្រាកំណើនប្រជាជនប្រចាំឆ្នាំបានថយចុះពី ១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨មក ១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជាក្នុងទសវត្សរ៍ចុងក្រោយនេះ ពិនិត្យឃើញថាខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ដែលមានតែមួយភាគរយ។ រាជធានី/ខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន ២.១២៩.៣៧១នាក់ ហើយខេត្តកែបមានប្រជាជនតិចជាងគេបំផុត ៤១.៧៩៨នាក់។ ទំហំគ្រួសារជាមធ្យមមាន ៤.៦ សម្រាប់ទូទាំងប្រទេស។ ដង់ស៊ីតេប្រជាជនស្មើនឹង ៨៦នាក់ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េនៅឆ្នាំ២០១៩៕

អត្ថបទទាក់ទង