ខ្មែរប៉ុស្ដិ៍ Close

ព្រឹកថ្ងៃនេះប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ឯកសារ 21
ព្រឹកថ្ងៃនេះប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ព្រឹកថ្ងៃនេះប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ កម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង។ លោកប្រធានាធិបតី ក៏នឹងអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សា សំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភនិងផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកប្រធានាធិបតីស្រីលង្កា ក៏នឹងអញ្ជើញជាអធិបតីរួមគ្នាក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កាផងដែរ ដើម្បីបើកឱកាស និងពង្រីកការវិនិយោគ ក៏ដូចជាពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់ធំធាត់ថែមទៀត។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងដែរថា ក្នុងកំលុងពេលស្នាក់នៅប្រទេសកម្ពុជា ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញទៅកាន់វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូនដើមពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មកលោកនឹងអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួលអំណោយដើមឈើប្រភេទនេះចំនួន ១០ដើម ពីលោកប្រធានាធិបតី ។

លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិកគណៈប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានានៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។

ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា ៕

អត្ថបទទាក់ទង