ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញសិស្សានុសិស្សឱ្យប្រឹងប្រែងរៀនសូត្រយកចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញសិស្សានុសិស្សឱ្យប្រឹងប្រែងរៀនសូត្រយកចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញសិស្សានុសិស្សឱ្យប្រឹងប្រែងរៀនសូត្រយកចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈ

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរម្លឹកដោយជំរុញដល់សិស្សានុសិស្សត្រូវបន្តការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រយកចំណេះដឹងជំនាញបច្ចេកទេសវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃប្រទេសជាតិកំពុងត្រូវការនោះ។ ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអប់រំបណ្តុះបណ្តាលបច្ចេកទេសថ្មី១ខ្នងនៅក្នុងវិទ្យាល័យម៉ាឡៃក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដែលជាអំណោយអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍.កម្ពុជា(SEAPC.C) កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរដល់អង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍កម្ពុជាដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអាជ្ញាធរពាក់ព័ន្ធក្នុងការជួយអភិវឌ្ឍន៍វិស័យអប់រំនៅខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ជាក់ស្តែងសមិទ្ធផលអគារអប់រំបណ្តុះបណ្តាលបច្ចេកទេសថ្មី១ខ្នងនេះវាពិតជាបានឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សដែលក្នុងនោះការងារបណ្តុះបណ្តាលវិជ្ជាជីវៈនេះជាគោលដៅសំខាន់មួយដែលបាននិងកំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងសំដៅឆ្លើយតបទៅនឹងតម្រូវនៃការអភិវឌ្ឍប្រទេសជាតិដែលកំពុងមានការរីកចម្រើននោះ។

លោក កែ គឹមយ៉ាន បានបន្តទៀតថា អគារបណ្តុះបណ្តាលវិជ្ជាជីវៈនេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឱ្យក្មួយៗសិស្សានុសិស្សនៅក្នុងស្រុកម៉ាឡៃទទួលបានការចូលទៅសិក្សាក្រេបជញ្ជក់យកចំណេះដឹងជំនាញក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួនប្រកបដោយគុណភាពដែលជាត្រីវិស័យមួយសម្រាប់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើនថែមទៀត។

លោក កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ បានជំរុញដល់ល្បឿនការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។ ដូចស្រុកម៉ាឡៃនេះក្រោយពីបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យស្រុកនៅជាប់ព្រំដែនថៃមួយនេះផ្លាស់ប្តូរអភិវឌ្ឍន៍យ៉ាងលឿនជីវភាពរស់នៅប្រជាពលរដ្ឋធូរធា។ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនសាលារៀនត្រូវបានកសាងឡើងនៅគ្រប់ទីកន្លែងហើយឥឡូវនេះមានអគារថ្មីសម្រាប់អប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នានាពេលនេះដើម្បីបំពេញនូវសេចក្តីត្រូវការ ដែលជាអនាគតយើងកូនចៅយើងគ្រប់គ្នាដែលស្របគោលនយោបាយរាជរដ្ឋាភិបាលបានខិតខំធ្វើកំណែទម្រង់វិស័យអប់រំជាវិស័យអាទិភាពដោយបានកសាងនូវសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិកាន់តែខិតជិតផ្ទះដើម្បីសម្រួលដល់ការរៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋយើងនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានធ្វើការក្រើនរម្លឹកដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញវិជ្ជាជីវៈនេះដើម្បីខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិដែលកំពុងត្រូវការអ្នកចេះដឹងនោះហើយគប្បីត្រូវចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗពិសេសគ្រឿងញៀន៕