ពិធីប្រណាំងទូកខ្នាតអន្តរជាតិ ពានរង្វាន់លោក ស ខេង លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង
ស្ថិតក្រោមបរិយាកាសសប្បាយរីករាយ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា លោក ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ បានអញ្ជើញចូលរួមទស្សនាពិធីប្រណាំងទូកខ្នាតអន្តរជាតិ “ទូកនាគ” ពានរង្វាន់លោក ស ខេង លើកទី១ ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងកងកម្លាំងទាំងបីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្វាយរៀង ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
សូមជម្រាបជូនថា ការប្រកួតជម្រុះវគ្គទី១ ក្នុងចំណោម ០៦ទូកស្មេីនិង ០៦ខេត្ត ជាប់ចំណាត់ថ្នាក់ ០៣ទូក ក្នុងនោះមានទូកខេត្តព្រៃវែង ត្បូងឃ្មុំ និងខេត្តកណ្តាល ចំណែកជម្រុះ វគ្គទី២ ក្នុងចំណោម ០៣ទូក ដែលធ្លាក់ ត្រូវជ្រេីសរេីសយកតែ ០១ទូក យកទៅបង្គ្រប់៤ទូកឡេីងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ក្នុងនោះជ្រេីសរេីសបានទៅលើខេត្តកំពង់ធំ។
ដូច្នេះក្រុមដែលត្រូវចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្ររួមមាន :
- ១-ខេត្តព្រៃវែង
- ២-ខេត្តត្បូងឃ្មុំ
- ៣-ខេត្តកណ្តាល
- ៤-ខេត្តកំពង់ធំ
រីឯក្រុមទូកដែលធ្លាក់ ០២ទូក បុរសរួមមានខេត្ត: ស្វាយរៀង និង ខេត្តកំពង់ចាម ត្រូវប្រកួតជាមួយក្រុមទូកនារីខេត្តស្វាយរៀង នៅថ្ងៃស្អែកតាមពេលវេលានឹងទីកន្លែងដដែល៕