ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មការសិទ្ធិមនុស្សកម្ពុជាស្នើដល់អ្នករាយការណ៍ពិសេស និងភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវរបាយការណ៍ដែលខ្វះព័ត៌មាន និងមិនគ្រប់ជ្រុងជ្រោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ ឯកសារ 46
គណៈកម្មការសិទ្ធិមនុស្សកម្ពុជាស្នើដល់អ្នករាយការណ៍ពិសេស និងភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវរបាយការណ៍ដែលខ្វះព័ត៌មាន និងមិនគ្រប់ជ្រុងជ្រោយ រូបភាពកន្លងមក

នៅថ្ងៃសៅរ៍ទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានចេញនូវសេចក្ដីថ្លែងការណ៍មួយច្បាប់ សម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ដែលការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដោយក្នុងនោះអ្នករាយការណ៍ពិសេសបានធ្វើការចោទប្រកាន់ម្ដងហើយម្ដងទៀតដោយគ្មានមូលដ្ឋាន និងផ្អែកលើព័ត៌មានតែមួយជ្រុងមកលើយន្តការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ថាជាការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ជាដើម ។ល។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះ អ្នកនាំពាក្យបានធ្វើការបដិសេធយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់នេះ និងបានធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖

១. ករណីចាប់ខ្លួនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ មិនមែនជាការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធីនោះទេ តែជាការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់កុំអោយមានភាពចលាចលកើតឡើងនៅក្នុងសង្គម ដែលកើតចេញពីសកម្មភាពបង្កប់នូវចេតនាទុច្ចរិត ក្នុងការបង្កចលាចល បញ្ឆេះកំហឹងប្រជាពលរដ្ឋអោយមានការស្អប់ខ្ពើម និងបះបោរប្រឆាំងទៅនឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដោយមានការឧបត្ថម្ភគាំទ្រ រៀបចំ ចាត់ចែងពីអង្គការចាត់តាំងផ្នែកនយោបាយយ៉ាងច្បាស់លាស់នៅពីក្រោយ ហើយដែលសមត្ថកិច្ចមានមូលដ្ឋានព័ត៌មានគ្រប់គ្រាន់ក្នុងចំណាត់ការផ្លូវច្បាប់របស់ខ្លួនលើករណីនេះ។

២. ករណីឃាតកម្មលោក កែម ឡី តុលាការបានបិទបញ្ចប់សំណុំរឿងទីមួយ ដោយផ្ដន្ទាទោសជនដៃដល់ឈ្មោះ អឿត អាង ហៅ ជួប សំលាប់ អោយជាប់ពន្ធនាគារអស់មួយជីវិត ចំណែកឯសំណុំរឿងមួយទៀតដែលបំបែកចេញពីសំណុំរឿងទីមួយនេះក្នុងការស្វែងរកជនពាក់ព័ន្ធដទៃទៀត កំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការដែលបាននិងកំពុងអនុវត្តកិច្ចការរបស់ខ្លួនដោយឯករាជ្យ និងយកចិត្តទុកដាក់ ស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនមានភាពចាំបាច់ណាមួយក្នុងការបង្កើតស្ថាប័នឯករាជ្យដោយឡែកផ្សេងទៀតដែរ។ ដើម្បីជាប្រយោជន៍ក្នុងការស៊ើបអង្កេតសំណុំរឿងទីពីរនេះ សមត្ថកិច្ច និងតុលាការ ក៏តែងតែបានអំពាវនាវ ដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ឲ្យចូលរួមជាមួយសមត្ថកិច្ចក្នុងការបំបែកសំណុំរឿងនេះ តាមរយៈការផ្ដល់នូវព័ត៌មាន និងភស្ដុតាងច្បាស់ ពីប្រភពនានា ដើម្បីជាពន្លឺក្នុងការស្វែងរកជនពាក់ព័ន្ធដទៃទៀត ជាជាងការធ្វើអត្ថាធិប្បាយដោយមន្ទិលសង្ស័យ គ្មានមូលដ្ឋាន និងចោទប្រកាន់មកលើសមត្ថកិច្ចដោយអសុទ្ធចិត្ត។

៣. ករណីចំណាត់ការផ្លូវច្បាប់លើលោក អួន ឈិន និងលោក យាង សុទ្ធារិន មិនមែនជាការវាយប្រហារទៅលើសេរីភាពនៃការសំដែងមតិ និងសេរីភាពសារព័ត៌មាននោះទេ ព្រោះសកម្មភាពរបស់អ្នកទាំងពីរមិនមែនជាការអនុវត្តនូវវិជ្ជាជីវៈអ្នកសារព័ត៌មាននោះទេ តែសកម្មភាពទាំងនោះត្រូវបានសមត្ថកិច្ចរកឃើញថាជាបទល្មើស និងត្រូវបានចោទពីបទ «ប្រគល់អោយរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំអោយអន្តរាយដល់ការការពារជាតិ» និងបទចោទផ្សេងៗទៀតតាមបញ្ញតិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើមូលដ្ឋានព័ត៌មានចារកម្ម រួមទាំងវត្ថុតាង និងភស្ដុតាងផ្សេងៗទៀតដែលប្រមូលបាននៅនឹងកន្លែង ហើយដែលសំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាល ជំនុះជម្រះដល់អង្គសេចក្ដី ក្នុងដំណើរការនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ពីតួនាទីរបស់អ្នករាយការណ៍ពិសេសដែលមិនមែនជាចៅក្រមដើម្បីវិនិច្ឆ័យថានរណាខុស នរណាត្រូវ នរណាដែលត្រូវទទួលការចោទប្រកាន់ ឬត្រូវសម្រេចអោយរួចផុតពីបទចោទនោះទេ គឺមានតែតុលាការទេដែលមានសិទ្ធិសម្រេចឃុំខ្លួន ឬមិនឃុំ លើកលែងបទចោទ ឬមិនលើកលែង ហើយការអំពាវនាវណាមួយរបស់អ្នករាយការណ៍ពិសេសនេះ មិនបានផ្អែកលើទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះទេ តែគឺជាការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់តុលាការ និងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ និងនីតិរដ្ឋ។

តាមរយៈអ្នកនាំពាក្យ គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានធ្វើការស្នើដោយទទូចដល់ក្រុមអ្នករាយការណ៍ពិសេស និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អោយពិចារណាឡើងវិញពីការយល់ឃើញ និងការសម្រេចចិត្តដែលខ្វះព័ត៌មានពិតប្រាកដ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដែលត្រូវអាចគេមើលឃើញថា ជាទង្វើជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យដែលផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងវត្ថុបំណងនៃយន្តការនីតិវិធីពិសេស។ ទន្ទឹមនឹងនេះ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា ក៏ធ្វើការអំពាវនាវផងដែរ ដល់ក្រុមសកម្មជននយោបាយ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានមួយចំនួនតូចអោយចូលរួមក្នុងការគោរពនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

សូមអាននូវខ្លឹមសារទាំងស្រុងរបស់អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ដូចខាងក្រោម៖

អត្ថបទទាក់ទង