ការបង្កើតច្បាប់របស់សភាអាមេរិកស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាការប្រមាថសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩​ | ទស្សនៈ - នយោបាយ | 0 |
ការបង្កើតច្បាប់របស់សភាអាមេរិកស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាការប្រមាថសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ការបង្កើតច្បាប់របស់សភាអាមេរិកស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាការប្រមាថសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា

ថ្មីៗនេះ សភាសហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញសាជាថ្មីម្តងហើយម្តងទៀតនូវភាពក្រអឺតក្រទជា​មួយនឹងអនុត្តរភាពច្រង៉េងច្រង៉ាងតាមរយៈការអនុម័តច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែល​ជា​ទង្វើ​ប្រមាថ​ទាំងស្រុងទៅនឹងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជាក្នុងរដ្ឋអធិបតេយ្យមួយ។ តើ​ប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យឬទេ? តើប្រជាជនកម្ពុជាទាំងមូលអាចព្រមទទួលយកភាពអយុត្តិធម៌ ផ្ទុយ​នឹង​តថភាព​ជាក់ស្តែង ដែលបាននិងកំពុងកើតមាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នបានឬទេ? តើ​កម្ពុជា​អាច​ទទួល​យក​ការរំលោភបំពាន និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាបានឬទេ?

រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានកំណត់យ៉ាងច្បាស់អំពីរបបប្រជាធិបតេយ្យសេរី ពហុបក្ស ហើយ​ដែល​ប្រទេសកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងត្រឹមត្រូវតាមមាគ៌ាប្រជាធិបតេយ្យនេះដោយឥតងៀករេ។ ជា​មួយ​​នឹងដំណើការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មនេះ ប្រជាជន​កម្ពុជា​ទាំង​មូល​បាន​ហែល​ឆ្លង​ការ​រស់​នៅ​ក្នុង​​លទ្ធិប្រជាធិបតេយ្យមួយបែបប្រកបដោយមោទនភាព និងភាពសុខដុមណីយកម្មក្នុងសង្គម ដោយ​ប្រជា​ជន​រាល់រូបបានអនុវត្តសិទ្ធិបោះឆ្នោត ក្នុងនាមពួកគេជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ក៏ដូច​ជា​សិទ្ធិ​ស្វ័យ​សម្រេចរបស់ពួកគេ ក្នុងរដ្ឋអធិបតេយ្យមួយ។

ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ពិត​ជា​លទ្ធផល​កើត​ចេញ​ពីការវាយតម្លៃគ្មានសុចរិតភាព ការមួលបង្កាច់ បំភ្លៃ និងបំពុល បំភាន់ ដោយ​លំអៀង​របស់​សភា​សហ​រដ្ឋ​អាមេរិក ក្នុងគោលដៅចង់រំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា និងក៏ជាគោលបំណងជាយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បី​បំពេញមហិច្ចតា និងក្តោបផលប្រយោជន៍របស់ខ្លួន ក្នុង​ភូមិ​សាស្រ្ត​នយោ​បាយ​នៃ​ឥណ្ឌូ​ប៉ាស៊ីហ្វីក​មួយ​នេះ ដែលមហាជនទូទៅបានមើលឃើញថា សហ​រដ្ឋអាមេរិក​ទំនង​ត្រឡប់​ដើរ​តាម​គន្លង​អតីត​កាល​ក្នុង​ទស​វត្ស​ឆ្នាំ១៩៧០ ដែលរបបសង្គមរាស្រ្តនិយមដឹកនាំដោយសម្តេចព្រះបីតា នរោត្តម សីហនុ ត្រូវបានផ្តួលរំលំ ហើយ​ក្តីមហន្តរាយ និងវិនាសកម្មដ៏ឈឺចាប់មួយ ក៏បានកើតផងក្នុងប្រទេសកម្ពុជាពីពេលនោះមក។

ទំព័រប្រវត្តិសាស្រ្តថ្មីលើមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស រាជ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​បាន​ជ្រើស​តាំង​តាម​រយៈ​ការបោះឆ្នោតមួយយ៉ាងទៀងទាត់រៀងរាល់ប្រាំឆ្នាំម្តង ហើយបច្ចុប្បន្ន លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅតែទទួលបានការគាំទ្រលើសលុប និង​ត្រូវ​ប្រជាពលរដ្ឋ បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ជ្រើស​តាំង​លោក​ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ ក៏ព្រោះតែ ច្បាប់កម្ពុជា មិនបានកំណត់​អាណត្តិដឹកនាំ របស់នាយករដ្ឋមន្រ្តីឡើយ ក៏ប៉ុន្តែនេះច្បាស់ណាស់ គឺជាច្បាប់ និងឆន្ទៈដ៏លើសលុបរបស់ប្រជាជនកម្ពុជា ដែល​ជាអ្នកបោះឆ្នោត និងក៏ជាម្ចាស់នៃជោគវាសនាប្រទេសជាតិរបស់ខ្លួន ហើយ​ដែល​ជា​អ្នក​អនុវត្ត​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​ ដើម្បីជ្រើសរើសអ្នកដឹកនាំ និងរបៀបនៃការដឹកនាំប្រទេស ក្នុងរដ្ឋអធិបតេយ្យមួយនេះ។ ក្នុង​ការដឹកនាំតាមលទ្ធិប្រជាធិបតេយ្យនៃរដ្ឋនីមួយៗ ក្នុងពិភពលោក គ្មាន​ស្តង់ដារ​កំណត់​អំពី​ការ​ដឹកនាំ​រដ្ឋ​នោះ​ទេ ក៏ព្រោះតែប្រទេសនីមួយៗមានវប្បធម៌ សង្គម ភាសា និងប្រវត្តិសាសន៍ និងជំនឿសាសនាខុសៗគ្នា។
ទោះបីយ៉ាងណាក៏ដោយ កម្ពុជា គឺជារដ្ឋអធិបតេយ្យ មាន​រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ប្រទេស ហើយប្រជាជនកម្ពុជា គឺជាម្ចាស់នៃជោគវាសនានៃប្រទេសជាតិរបស់ខ្លួន ក្នុង​ការ​អនុវត្ត​នូវ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន ក្នុងការជ្រើសរើសអំពីរបៀបនៃការដឹកនាំប្រទេស និងរដ្ឋាភិបាល ឬអ្នក​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដឹក​នាំ​ប្រទេស។ ការវាយតម្លៃអំពីការដឹកនាំនៅប្រទេសកម្ពុជាបច្ចុប្បន្នថា គ្មានភាពប្រជាធិបតេយ្យ គឺពិត​ជា​ការ​ប្រមាថទាំងស្រុងទៅនឹងឆន្ទៈ និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា។

ជាគោលការណ៍ និងក្រិត្យក្រមទូទៅក្នុងការអនុវត្ត គឺប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋមួយរឹងមាំ និង​ច្បាស់លាស់ចាំបាច់។ ក្នុងន័យនេះ កម្ពុជា គឺជារដ្ឋអធិបតេយ្យត្រូវមានអំណាចអនុវត្តច្បាប់ជាតិរបស់ខ្លួន ដើម្បីថែររក្សាការពារសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ហើយ​ជា​កាតព្វ​កិច្ច​ប្រកបដ​ដោយ​ធម្មា​នុរូបភាព (Legitimacy) របស់រាជរដ្ឋាភិបាល ក្នុងការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិរបស់ខ្លួន ដោយ​ប្រឆាំងដាច់ខាតនូវការរំលោភបំពាននិងទង្វើ​ជ្រៀត​ជ្រែកចូលកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យមួយ។

ជារួម ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឆ្នាំ២០១៩ ដែលសភាសហរដ្ឋអាមេរិកបាន​អនុម័ត​ថ្មីៗ​នេះ គឺពិតជាបានបង្ហាញឱ្យឃើញនូវការប្រមាថមួយដ៏ធ្ងន់ធ្ងរមកលើឆន្ទៈ និង សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជា​ជនកម្ពុជា ដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។ ហើយក៏ជាទង្វើរំលោភ និង​ជ្រៀត​ជ្រែក​ចូល​កិច្ចការផ្ទៃក្នុងកម្ពុជាទាំងកម្រោល និងអយុត្តិធម៌បំផុត។ បញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​សព្វ​បែប​យ៉ាង វាស្ទើតែលែងជាប្រធានបទដែលត្រូវលើកយកមកធ្វើជាព័ត៌មានប្រជាភិថុតិ បំភ្លៃ បំពុលមួលបង្កាច់ ចំពោះហេតុការណ៍ពិត តថភាពជាក់ស្តែងក្នុងសង្គមកម្ពុជាបច្ចុប្បន្ន នៅ​ពេល​ប្រជាជន​កម្ពុជា​ទាំង​មូល​បាន​សារទរ​នឹងយុគសម័សមាស យុគសម័យសន្តិភាព និងការអភិវឌ្ឍ ហើយ​ប្រជា​ជន​បាន​រស់​ក្នុង​ជីវភាព​ល្អ​ប្រសើរ​ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងការរំពឹងទុកថា ប្រទេសជាតិទាំងមូលនឹងរស់ក្នុង​សុខ​សន្តិភាព​យូរ​អង្វែង ជាមួយនឹងវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង និងរុងរឿងទៅថ្ងៃខាងមុខនេះ ដរាបណា​ទង់​សន្តិភាព​ត្រូវ​បាន​ប្រជា​ជនកម្ពុជារួបរួមសាមក្គីជ្រោងឡើង៕

ដោយ ឡុង បូរិតា

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង