ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-គុយបា ផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីសភាពការណ៍នយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
កម្ពុជា-គុយបា ផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីសភាពការណ៍នយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ កម្ពុជា-គុយបា ផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីសភាពការណ៍នយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់

មន្រ្តីការទូតជាន់ខ្ពស់កម្ពុជា-កុយបា បានពិភាក្សាផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីសភាពការណ៍នយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់។ ជាមួយគ្នានេះប្រទេសទាំងពីរ បានរម្លឹក អំពីទំនាក់ទំនងជាមិត្តភាពល្អប្រពៃជាយូរអង្វែងរបស់ខ្លួនផងដែរ។

ជំនួបការទូតកម្ពុជា-គុយបា បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែល គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពេញបេសកកម្មនៅប្រទេសនេះ។

ក្នុងឱកាសបំពេញបេសកកម្មនេះ លោក អ៊ុច បូររិទ្ធ បានជួបប្រជុំកិច្ចពិគ្រោះយោបល់នយោបាយជាមួយសមភាគី លោកស្រី អាណាហ៊ានស៊ី រ៉ូឌ្រីហ្គោ ខាមេចូ (Arayansi Rodriguez Camejo) និងបានចូលជួបសម្តែងការគួរសមជាមួយ លោក ប្រ៊ុយណូ រ៉ូឌ្រីហ្គោ ប៉ារីយ៉ា (Bruno Rodriguez Parrilla) រដ្ឋមន្ត្រីការបរទេសគុយបា។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួបខាងលើ ភាគីទាំងពីរបានរម្លឹកអំពីទំនាក់ទំនងជាមិត្តភាពល្អប្រពៃជាយូរអង្វែង រវាងប្រទេសទាំងពីរ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីសភាពការណ៍នយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ និងលទ្ធភាពនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា ដូចជាសុខាភិបាលអប់រំ ការបណ្តុះបណ្តាលអ្នកការទូត និងការពង្រឹងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី។

នៅក្នុងឱកាសមានវត្តមាននៅប្រទេសគុយបា ប្រតិភូកម្ពុជា បានចូលរួមក្នុងពិធីលាងសាយភោជន៍ដែលរៀបចំដោយ លោក ហេង សុខផល ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋគុយបា។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ អំពីសំណាក់ភ្ញៀវកិត្តិយសដូចជា លោក ហ្ស៊ាន់ ខាឡូស ម៉ាសាន់ អាហ្គីឡេរ៉ា (Juan Carlos Marsan Aguilera) អនុប្រធាននាយកដ្ឋានកិច្ចការបរទេស នៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តគុយបា ៕

ខាងក្រោមនេះជាសេចក្តីប្រកាស របស់ក្រសួងការបរទេស៖

អត្ថបទទាក់ទង